ដោយៈ​សុផល​/​ភ្នំពេញ​៖សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោក ឌិ​ញ ទៀន ហ្ស៊ុ​ង (Dinh Tien Dung) សមាជិក​ការិយាល័យ​នយោបាយ​បក្ស​កុម្មុយនីស្ត​វៀតណាម និង​ជា លេខា​បក្ស​រដ្ឋធានី​ហាណូយ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ចូលជួប​សម្តែង​ការគួរសម នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៧ ខែមេសា ឆ្នាំ​២០២២ នៅ​វិមាន​រដ្ឋសភា ក្នុងពេលដែល លោក ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សន កិច្ច​នៅ​កម្ពុជា​។

​លោក ឌិ​ញ ទៀន ហ្ស៊ុ​ង បាន​សម្តែង​ការអបអរសាទរ​ចំពោះ​ការអភិវឌ្ឍ​ឥត ឈប់ឈរ​របស់​រាជធានី​ភ្នំពេញ​ក៏ដូចជា​កម្ពុជា​ទាំងមូល​។ លោក​បាន​កោត សរសើរ និង​អបអរសាទរ ចំពោះ​ជោគជ័យ​ដ៏​ធំធេង​របស់​រាជរដ្ឋាភិបាល​កម្ពុជា នៅក្នុង​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ដែល​បាន​នាំឱ្យ​កម្ពុជា បើក​សង្គម សេដ្ឋកិច្ច​ឡើងវិញ និង​ធ្វើឱ្យ​កំណើនសេដ្ឋកិច្ច​មានការ​កើនឡើង​គួរ ឱ្យ​កត់សម្គាល់​។​

​លោក​ប្រធាន​គណៈប្រតិភូ បាន​ជូនពរ​កម្ពុជា​ឱ្យ​ទទួលបាន​ជោគជ័យ នៅក្នុង​ការ រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ការ​បាះ​ឆ្នោត​ជ្រើស រើស​តំណាងរាស្ត្រ និង​ការធ្វើជា​ប្រធាន​អាស៊ាន នៅ​ឆ្នាំ​២០២២​នេះ​។ លោក ឌិ​ញ ទៀន ហ្ស៊ុ​ង បាន​គោរព​ស្នើ​សូម សម្តេច​ប្រធានរដ្ឋសភា ជំរុញ​លើកកម្ពស់​កិច្ច សហប្រតិបត្តិការ​រវាង​រដ្ឋសភា​បន្តទៀត នៅក្នុង​ការផ្លាស់ប្តូ​រប​ទ​ពិសោធន៍​នានា ដូចជា​ការកសាង​ច្បាប់ កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​និង​ពហុភាគី នៅលើ​ឆាក អន្តរជាតិ​។​

​នៅក្នុង​ឱកាស​នោះ លោក ឌិ​ញ ទៀន ហ្ស៊ុ​ង ក៏បាន​ជម្រាប​សម្តេច អំពី​លទ្ធផល និង​កិច្ចសហប្រតិបត្តិការ​គ្នា​រវាង​រាជធានី​ភ្នំពេញ និង​ទីក្រុង​ហាណូយ នាពេល កន្លងមក ក៏ដូចជា​គម្រោង​ទៅ​ថ្ងៃ​អនាគត ដើម្បី​លើកកម្ពស់​ផលប្រយោជន៍ ប្រទេស និង​ប្រជាជន​ទាំងសងខាង​។

​សម្តេច​ប្រធានរដ្ឋសភា បាន​មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការ នៅ​គ្រប់​លំដាប់ថ្នាក់ នៃ​ប្រទេស​ទាំងពីរ បង្ហាញ​នូវ​មនោសញ្ចេតនា​ដ៏​ជ្រាលជ្រៅ ក្នុងនាម​ជា​បងប្អូន និង​ជា​អ្នកជិតខាង​ល្អ មិត្ត​ភាពជា​ប្រពៃណី កិច្ច​សហប្រតិបត្តិ ការ​គ្រប់​ជ្រុងជ្រោយ និង​យូរអង្វែង ដែលមាន ប្រវត្តិ​តស៊ូ រួមសុខ រួមទុក្ខ​ជាមួយ គ្នា​គ្រប់​កាលៈទេសៈ​។ ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស ទាំងពីរ បាន​ប្រព្រឹត្តិ​ទៅ​យ៉ាង​ល្អ ជិតស្និទ្ធ និង​ស៊ីជម្រៅ ទាំង​ក្នុង​ក្របខ័ណ្ឌ បក្ស រដ្ឋ និង​ប្រជាជន ដោយ​ផ្អែកលើ​ស្មារតី​ភាតរភាព ស្និទ្ធស្នាល ជឿទុកចិត្ត​គ្នា ដោយបាន​ផ្តល់​ផលប្រយោជន៍​គ្នា​ទៅវិញទៅមក​។​

​សម្តេច​ប្រធានរដ្ឋសភា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​កិច្ច​សហ ប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ និង​រវាង​សាលា​រាជធានី​ភ្នំពេញ និង​រដ្ឋធានី​ហាណូយ ដែល​បាន​សហការគ្នា​នាពេល​កន្លងមក​។​

​សម្តេច​បាន​គាំទ្រ​កម្មវិធី​ការងារ ទាំងឡាយ ជាពិសេស​ការផ្លាស់ប្តូរ​ទស្សនកិច្ច ចែករំលែក​បទពិសោធ​ន៍​ឱ្យ​គ្នា​ទៅវិញទៅមក ដើម្បី​វឌ្ឍនភាព ការរីកចម្រើន រវាង​រាជធានី​ភ្នំពេញ និង​ហាណូយ និង​និយាយ​ជារួម ដើម្បី​ការរីកចម្រើន ធំធាត់​នៃ​ប្រជាជាតិ​ទាំងពីរ​៕​/PC