ដោយៈសុផល/ព្រះសីហនុ៖ មណ្ឌលផ្តល់សេវាសាធារណៈ និងស្ថានីយ បញ្ចូលថាមពលយានយន្តអគ្គិសនី ដែលស្ថិតនៅផ្សារទំនើប ហ្វូរី ថាម សឃ្វែរ ម៉ល (FURI Times Square Mall)ក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្ត ព្រះសីហនុ ត្រូវបានសម្ពោធបើកឱ្យដំណើរការជាផ្លូវការ ក្រោមវត្តមានលោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន។
លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីគំនិតផ្តួចផ្តើមរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងការជំរុញឱ្យមានការ បង្កើតមណ្ឌលផ្តល់សេវាសាធារណៈ សំដៅចូលរួមបង្ខិត សេវាឱ្យកៀកដល់ដៃប្រជាពលរដ្ឋ មានតម្លាភាព និងឆាប់រហ័ស ស្របតាមគោល នយោបាយកំណែទម្រង់ស៊ីជម្រៅរបស់ រាជរដ្ឋាភិបាល។
លោកទេសរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ពីសារសំខាន់នៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល សម្រួលដល់ការផ្តល់សេវា សាធារណៈ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាពក្នុងការធ្វើកំណែទម្រង់ និងការ អភិវឌ្ឍ សេដ្ឋកិច្ចសង្គមជាតិ និងជំរុញការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរ កាន់តែទូលាយ និងកាន់តែជិតស្របតាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ទាក់ទងនឹងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីលោកទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពី គម្រោងដំឡើងស្ថានីយបញ្ចូលថាមពលរថយន្តអគ្គិសនី នៅទីតាំងមួយចំនួនតាមបណ្តារាជធានីខេត្ត ដើម្បីជំរុញលើកទឹកចិត្ត និងទាក់ទាញការចាប់អារម្មណ៍ឱ្យមានការប្រើប្រាស់យានយន្តអគ្គសនីពីសំណាក់ សាធារណៈទូទៅ និងកិច្ចសហការជាមួយក្រុមហ៊ុននានាដើម្បីជំរុញការ ដំឡើងស្ថានីយបញ្ចូលថាមពល អគ្គិសនីឱ្យបានច្រើនថែមទៀត។
លោកទេសរដ្ឋមន្ត្រី បានសំណូមពរទៅបងប្អូនប្រជាពលរដ្ឋជាអ្នកបើកបរ ដែលមានបណ្ណបើកបរផុត សុពលភាព មិនទាន់យកមកប្តូរ ឬពន្យារបណ្ណបើកបរ សូមមកប្ដូរ ឬពន្យារបណ្ណបើកបររបស់ខ្លួនឱ្យស្រប ច្បាប់ដើម្បីជៀសវាងការ ផាកពិន័យនៅពេលបើកបរនៅតាមផ្លូវ។ ម្យ៉ាងវិញទៀត ក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្កើតមណ្ឌលផ្ដលសេវាប្រភេទនេះនៅក្នុងទីស្តីការក្រសួង និងតាមផ្សារទំនើបនានា ដោយបងប្អូនគ្រាន់តែចំណាយពេលត្រឹមតែ១៥នាទី ប៉ុណ្ណោះសម្រាប់សេវាប្ដូរ ឬពន្យារបណ្ណបើកបរ។
សូមជម្រាបជូនថា មណ្ឌលផ្តល់សេវាសាធារណៈថ្មីនេះជាមណ្ឌលទី៦ បង្កើតឡើងក្នុងគោលបំណង ដើម្បីជួយសម្រួលដល់ការផ្តល់សេវាសាធារណៈ កាត់បន្ថយពេលវេលាទទួលសេវា កាត់បន្ថយចំណាយ ក្រៅផ្លូវការ លុបបំបាត់ នីតិវិធីស្មុគស្មាញ បង្ខិតសេវាឱ្យទៅជិតប្រជាពលរដ្ឋ ព្រមទាំងអាចគ្រប់គ្រងតាម ដានពង្រឹងប្រសិទ្ធភាព និងតម្លាភាពនៃការផ្តល់សេវាឱ្យកាន់តែមានភាព ប្រសើរឡើង។ មណ្ឌលនេះមានទទឹង៩,៣ ម៉ែត្រ និងបណ្តោយ ១១,៨ ម៉ែត្រ ទំហំសរុប ១០៩ ម៉ែត្រការ៉េ រៀបចំឡើង ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធ ពីសំណាក់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ក្រុមហ៊ុនកាំត្រង់ស៊ីប និងផ្សារទំនើប FURI Times Square Mall។
មណ្ឌលនេះមានបំពាក់ដោយ ឧបករណ៍ និងសម្ភារបរិក្ខារចាំបាច់ដូចជា៖ សម្ភារការិយាល័យ កុំព្យូទ័រ ម៉ាស៊ីនថតរូប ម៉ាស៊ីនបោះពុម្ភបណ្ណ ម៉ាស៊ីនហ្វូតូកូពី ប្រព័ន្ធInternet និងសម្ភារផ្សេងៗទៀតសម្រាប់ដំណើរការផ្តល់ សេវាសាធារណៈ ជូនប្រជាពលរដ្ឋ មានកិច្ច សហការជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដៃគូ ដើម្បីធ្វើការទូទាត់បានឆាប់រហ័សប្រកបដោយ តម្លាភាព នៅពេលប្រជាពលរដ្ឋ មកស្នើសុំសេវានៅក្នុងមណ្ឌល៕/PC