ដោយៈ ប​.​ខុន / ភ្នំពេញៈ បញ្ហា​ទឹកភ្លៀង លិច​វាល​ក្នុង​រដូវប្រាំង នៅលើ​ភូមិ សាស្ត្រ​ប៉ែក ខាងជើង ផ្លូវជាតិ​លេខ​៤ នៃ​ខណ្ឌ​កំបូល ដោយសារ​ព្រៃ​ល្បះ ដុះ​លប់​ផ្លូវ​ទឹកអូរ​ខ្សាច់ ត្រូវបាន រដ្ឋបាល​ខណ្ឌ​កំបូល ចាត់វិធានការ​ដោះស្រាយ ហើយ​។​

​លោក កៀង ល័​ក្ស អភិបាលរងខណ្ឌ​កំបូល រាជធានី​ភ្នំពេញ បាន​ប្រាប់​ឱ្យ​រស្មី កម្ពុជា​ដឹង នៅ​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២២​ថាៈ បញ្ហា​ទឹកភ្លៀង រដូវប្រាំង លិច​វាល ក្នុងភូមិ​សាស្ត្រ សង្កាត់​មួយចំនួន នៅ​ប៉ែក​ខាងជើង ផ្លូវជាតិ​លេខ​៤ ប៉ុន្មាន​ថ្ងៃ កន្លងទៅ ក្រោយពី​មាន​ភ្លៀង ធ្លាក់​ច្រើន​បន្ត​បន្ទាប់មក​នោះ ពេលនេះ រដ្ឋបាល​ខណ្ឌ បាន​ចាត់វិធានការ ដោះស្រាយ​ហើយ ដោយ​ប្រើប្រាស់​គ្រឿងចក្រ កាយ​បើកមុខ​ទឹកអូរ​ខ្សាច់ នៅក្នុង​ភូមិ​អង្គរជ័យ ដែល​រាំងស្ទះ ដោយសារ​ព្រៃ​ល្បះ ដុះ​ច្រើន នៅក្នុង​ផ្លូវទឹក​។​

​អភិបាលរងខណ្ឌ ខាងលើ បាន​និយាយ​ឱ្យដឹងទៀតថាៈ ផ្លូវទឹក​នៅ​ផ្នែក​ខាងជើង ផ្លូវជាតិ​លេខ​៤ ភាគច្រើន បាន​កាយ​រួចហើយ កាលពី​ក្នុង​រដូវវស្សា កន្លងទៅ តែ​ត្រូវបាន ស្ទះ ដោយ​កន្លែង​វិញ ដោយសារ​ព្រៃ​ដុះ និង​ដី​ហូរ​លប់ តែ​ចាប់ពី មុខ​វត្ត​ភ្នៀ​ត ដល់​បឹង​តា​មោក លែងមាន​ស្ទះ​ហើយ ។ ភូមិសាស្ត្រ​នៅ​ប៉ែក ខាងជើង ផ្លូវជាតិ​លេខ​៤ ដែល​ពីមុន ជា​វាលស្រែ សព្វថ្ងៃ ភាគច្រើន បាន​ក្លាយជា​តំបន់​លំនៅដ្ឋាន អស់ហើយ​។​

​លោក កៀង ល័​ក្ស បាន​និយាយ​ឱ្យដឹងទៀតថាៈ ទឹកភ្លៀង​នៅ​ប៉ែក​ខាងជើង ផ្លូវជាតិ​លេខ​៤ ដែល​ត្រូវ​ហូរ​ចូល ទៅកាន់​បឹង​តា​មោក មាន​ប្រភព​មក​តាំងពី ក្នុង​ខេត្តកំពង់ស្ពឺ នៅពេល​មាន ភ្លៀង​ខ្លាំង ហូរ​មិនទាន់ បណ្តាលឱ្យ​មានការ លិចលង់ តែ​កាលពី​ក្នុង​រដូវវស្សា កន្លងទៅ យើង​ដោះស្រាយបាន ដោយ​លិច​កន្លែង​ណា កាយ​បើក​មុខទឹក កន្លែង​នោះ​។ នៅក្នុង​រដូវប្រាំង ដែលមាន​ភ្លៀង​ច្រើន មកជា​បន្តបន្ទាប់ មិនទាន់​ឈានដល់ មានការ​លិចលង់​ផ្លូវ លំនៅដ្ឋាន នៅឡើយ​ទេ តែមាន​ទឹក​ពេញ​វាល និង​ប្រឡាយ ដូចជា​រដូវវស្សា បើ​មាន​ភ្លៀង ច្រើន​ថែមទៀត រាល់ថ្ងៃ អាច​នឹងមាន​ការ​លិច​៕/V​-PC