ដោយៈម៉េងឆៃ/ភ្នំពេញ៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នឹងធ្វើឡើង នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២។ ប្រជាពលរដ្ឋជាអ្នកបោះឆ្នោត ជាងប្រាំបួនលាននាក់ ត្រូវចេញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ដើម្បីដឹកនាំក្នុងមូលដ្ឋានឃុំសង្កាត់របស់ខ្លួន។
សកម្មភាពថ្នាក់ដឹកនាំគ.ជ.ប ចុះពិនិត្យការទទួលបណ្ណព័ត៌មានទាក់ទងនឹងការបោះឆ្នោតឃុំ សង្កាត់ (រូបថត គ.ជ.ប)
នៅចុងខែមេសានេះ ប្រតិទិននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បង្ហាញថា ជាដំណាក់កាលនៃការចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោត នៅតាមភូមិក្នុងឃុំសង្កាត់ ដោយចាប់ពីថ្ងៃទី១៧ ខែមេសា ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២។
ប័ណ្ណព័ត៌មានអ្នកបោះឆ្នោត ជាក្រដាសផ្តល់ព័ត៌មាន ដែលបង្ហាញពីអត្តសញ្ញាណអ្នកបោះឆ្នោត និងការិយាល័យបោះឆ្នោត ដែលជាព័ត៌មានសំខាន់ ដោយអ្នកបោះឆ្នោត ត្រូវដឹងជាមុន មុនពេលចូល ទៅបន្ទប់បោះឆ្នោត នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។
ក៏ប៉ុន្តែសម័យឥឡូវ គេក៏អាចឆែកមើលព័ត៌មានទាំងនេះ នៅក្នុងប្រព័ន្ធអ៊ីនធឺណិត App-Voterlist.KHនិងវេបសាយរបស់ គ.ជ.បតាមអសយដ្ឋានhttps://voterlist.nec.gov.kh/ដើម្បីស្វែងរកឈ្មោះនិងទិន្នន័យអ្នកបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត។ នៅក្នុងគេហទំព័រនេះ គេអាចបំពេញឈ្មោះរាជធានី/ខេត្ត ឃុំ/សង្កាត់ នាមត្រកូល និងនាមខ្លួន។ លទ្ធផលនៃការស្វែងរក នឹងបង្ហាញពីលេខរៀងក្នុងបញ្ជីបោះឆ្នោត អត្តលេខ ឈ្មោះអ្នកបោះឆ្នោត ភេទ ថ្ងៃខែឆ្នាំកំណើត និងការិយាល័យបោះឆ្នោត ដែលអ្នកបោះឆ្នោត ត្រូវទៅបោះឆ្នោត។
ប៉ុន្តែចូរកុំភ្លេចថា អ្នកមានអាយុ ១៨ឆ្នាំឡើង ដែលមានសិទ្ធិទៅបោះឆ្នោត នាថ្ងៃទី៥ ខែមិថុនា ខាងមុខនេះបាន លុះត្រាតែអ្នកនោះ បានចុះឈ្មោះបោះឆ្នោត កាលពីពេលចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ប៉ុណ្ណោះ។
តាមគ.ជ.ប អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២១ ដែលមានសិទ្ធិទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នាថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ មានចំនួន ៩.២០៥.៦៨១នាក់ ក្នុងនោះ មានស្ត្រីចំនួន ៤,៩០៤,៨៣២នាក់។ រីឯការិយាល័យបោះឆ្នោត សរុបមានចំនួន ២៣.៦០២ការិយាល័យ នៅក្នុងឃុំសង្កាត់ ចំនួន ១.៦៥២ ការិយាល័យ ក្នុងរាជធានីខេត្តទាំង២៥ ទូទាំងប្រទេស។
ប័ណ្ណព័ត៌មានអ្នកបោះឆ្នោតនេះ មានសារសំខាន់ខ្លាំងណាស់ សម្រាប់អ្នកបោះឆ្នោត ក្នុងការដឹងពីព័ត៌មាននានា ពាក់ព័ន្ធនឹងការបោះឆ្នោតខាងមុខនេះ ពិសេសដឹងថា ខ្លួនត្រូវទៅបោះឆ្នោតនៅកន្លែងណា ក្នុងឃុំសង្កាត់ ដែលខ្លួនរស់នៅ និងបានចុះឈ្មោះបោះឆ្នោតនោះ។ ប៉ុន្តែប្រជាពលរដ្ឋ អ្នកបោះឆ្នោត គឺមិនអាចយកប័ណ្ណព័ត៌មានបោះឆ្នោតនេះ ទៅបោះឆ្នោតបានឡើយ។ ពោលមានតែអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបម្រើដល់ការបោះឆ្នោត ដូចជាលិខិតបញ្ជាក់អត្តសញ្ញាណនៅសាលាឃុំសង្កាត់ប៉ុណ្ណោះ ដែលប្រជាពលរដ្ឋអ្នកបោះឆ្នោត អាចយកទៅបោះឆ្នោតបាន នាថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២។
យ៉ាងណាក៏ដោយ មកដល់ចុងខែមេសានេះ ប្រជាពលរដ្ឋមួយចំនួន មិនថា នៅភ្នំពេញ ឬនៅតាមបណ្តាខេត្តនានា គឺនៅមិនទាន់ទទួលបានប័ណ្ណព័ត៌មានអ្នកបោះឆ្នោត ដែលភ្នាក់ងារតាមភូមិសង្កាត់ និងឃុំ ចែកជូននៅឡើយទេ។
តែយ៉ាងណាក៏ដោយ បើសិនជាមិនទទួលបានប័ណ្ណព័ត៌មានអ្នកបោះឆ្នោត នាអំឡុងពេលនេះ ក៏ដោយ ក៏អ្នកអាចទៅបោះឆ្នោតបានដែរ បើសិនជាអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។ ដូច្នេះគេអាចស្វែងរកឈ្មោះអ្នកបោះឆ្នោត តាមរយៈ App-Voterlist.KH និងវេបសាយរបស់គ.ជ.ប https://voterlist.nec.gov.kh/។
សកម្មភាពថ្នាក់ដឹកនាំគ.ជ.ប ចុះពិនិត្យការទទួលបណ្ណព័ត៌មានទាក់ទងនឹងការបោះឆ្នោតឃុំ សង្កាត់ (រូបថត គ.ជ.ប)
ដំណើរការចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតនេះ បានធ្វើឡើង ស្របពេលនៃការបិទផ្សាយបញ្ជីបេក្ខជនផ្លូវការ នៅគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត ដែលបានផុតកំណត់កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២។ ដូច្នេះប្រជាពលរដ្ឋអ្នកបោះឆ្នោតក៏អាចឆ្លៀតពេលទៅសាលាឃុំសង្កាត់ដើម្បីពិនិត្យបញ្ជីឈ្មោះបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់ មកពីគណបក្សនយោបាយ ដែលឈរឈ្មោះបោះឆ្នោត នៅក្នុងមូលដ្ឋានរបស់ខ្លួន។
ប៉ុន្តែប្រជាពលរដ្ឋអ្នកបោះឆ្នោតយើង ក៏អាចរង់ចាំមើលឈ្មោះបេក្ខជន និងគោលនយោបាយរបស់គណបក្សនិមួយៗ នៅក្នុងអំឡុងពេលឃោសនាបោះឆ្នោតឃុំសង្កាត់ ដែលនឹងធ្វើឡើង រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា រហូតដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ នៅតាមឃុំសង្កាត់ទូទាំងប្រទេស។
ជាមួយគ្នានោះ អំឡុងពេលកន្លងមក ក៏មានគណបក្សនយោបាយមួយចំនួន បានជួបប្រជុំជាមួយសមាជិកគណបក្សរបស់ខ្លួន នៅតាមឃុំសង្កាត់ បានបង្ហាញមុខបេក្ខជនជាបណ្តើរៗ ។
ក្នុងការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៥ នាថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ គឺមានគណបក្ស ចំនួន ១៧ បានដាក់បេក្ខជនឈរឈ្មោះបោះឆ្នោត។ ប៉ុន្តែក្នុងឃុំសង្កាត់និមួយៗ មិនមែនមានដល់គណបក្សទាំង ១៧ ឈរឈ្មោះនោះទេ។ ពោលគឺពីឃុំសង្កាត់មួយ ទៅឃុំសង្កាត់មួយ មានគណបក្សឈរឈ្មោះមិនដូចគ្នាឡើយ។ ប៉ុន្តែមានតែគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំប្រទេសមួយប៉ុណ្ណោះ ដែលបានដាក់បេក្ខជនឈរឈ្មោះបោះឆ្នោត នៅគ្រប់ឃុំសង្កាត់ ទាំង ១៦៥២ឃុំសង្កាត់ នៅទូទាំងប្រទេស។
សកម្មភាពថ្នាក់ដឹកនាំគ.ជ.ប ចុះពិនិត្យការទទួលបណ្ណព័ត៌មានទាក់ទងនឹងការបោះឆ្នោតឃុំ សង្កាត់ (រូបថត គ.ជ.ប)
ជាសរុបមក ក្នុងរយៈពេលនេះ នៅមុនការបោះឆ្នោត ប្រជាពលរដ្ឋអ្នកបោះឆ្នោតយើង អាចស្វែងយល់ពីបេក្ខជនឈរឈ្មោះបោះឆ្នោត រួមទាំងគោលនយោបាយរបស់គណបក្សនិមួយៗ ដែលឈរឈ្មោះក្នុងឃុំសង្កាត់របស់ខ្លួន ចាប់ពីថ្ងៃទី២១ ខែឧសភា។ ពេលនោះ នឹងមានឃោសនាបោះឆ្នោត តាមរយៈការជួបប្រជុំ ការចែកខិតប័ណ្ណ ការហែក្បួន ចាក់មេក្រូ និងផ្សាយតាមវិទ្យុ ទូរទស្សន៍ ហើយពិសេសពេលនេះ គឺនឹងមានការផ្សព្វផ្សាយយ៉ាងព្រោងព្រាត តាមហ្វេសប៊ុក ដែលកំពុងពេញនិយម នៅស្រុកយើង សព្វថ្ងៃ៕សរន