​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ យោធា​ចិន​កាលពី​ថ្ងៃ​ពុធ​ទី​២៧​មេសា​បាន​ថ្កោលទោស​អាម៉េរិក​បន្ទាប់ពី​នាវាចម្បាំង​អាម៉េរិក​មួយ​បាន​បើក​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់ ដោយ​ថា​បេសកកម្ម​ដូច្នេះ​​មានបំណង​ធ្វើអោយ​ប៉ះពាល់​សន្តិភាព​និង​ស្ថិរភាព​។​

​កងទ័ពជើងទឹក​អាម៉េរិក​បាន​និយាយថា នាវា​ពិឃាត​បំពាក់​កាំជ្រួច​បញ្ជា​នាំ​ផ្លូវ USS Sampson បាន​បើក​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​តាម​ទម្លាប់​ធម្មតា​កាលពី​ថ្ងៃ​អង្គារ ដោយ​ស្របតាម​ច្បាប់​អន្តរជាតិ​។​

​សូមបញ្ជាក់​ថា អាម៉េរិក​បាន​ធ្វើ​ការបើក​នាវា​ឆ្លងកាត់​ផ្លូវទឹក​ដ៏​រសើប​នេះ​ម្តង​ក្នុង​មួយខែ​ជាហេតុ​នាំ​អោយ​ចិន​ខឹង​ដោយសារ​វា​ជា​ការបង្ហាញ​ការគាំទ្រ​អាជ្ញាធ​រកោះ​តៃវ៉ាន់​ដែល​មិន​ព្រម​បង្រួបបង្រួម​​ជាមួយ​មហា​ចិនដីគោក​។​

​បញ្ជាការ​តំបន់​ខាងកើត​របស់​ក​ង​ទ័ព​រំដោះប្រជាជន​ចិន​បាន​និយាយថា កងកម្លាំង​របស់​ខ្លួន​តាមដាន​និង​បាន​ព្រមាន​នាវា​នេះ​។​វា​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​អាម៉េរិក​ជារឿយៗ​​ធ្វើអំពើ​បង្ក​រឿង​ដូច្នេះ ដោយ​បញ្ជូន​សញ្ញា​ខុស​ទៅ​កាន់​កម្លាំង​ទាមទារ​ឯករាជ្យ​តៃវ៉ាន់ និង​មាន​ចេតនា​បំផ្លាញ​សន្តិភាព​និង​ស្ថិរភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​។​យើង​ប្រឆាំង​វា​យ៉ាង​មុតមាំ​»​។​

​តែ​អ្នកនាំពាក្យ​កង​នា​វាទី​៧​អាម៉េរិក​បាន​និយាយថា យោធា​អាម៉េរិក​បើក​យន្តហោះ បើក​នាវា​និង​ធ្វើ​សកម្មភាព​នៅ​ទីណា​ដែល​ច្បាប់​អន្តរជាតិ​អនុញ្ញាត​និង​ថា​«​ការបើក​នាវា​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​​បង្ហាញ​ការប្តេជ្ញា​ចិត្ត​របស់​អាម៉េរិក​ចំពោះ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​សេរី​និង​បើក​ចំហ​មួយ​»​។​

​ក្នុងពេល​ជាមួយគ្នា ក្រសួង​យោធា​តៃវ៉ាន់​បាន​និយាយថា នាវា​អាម៉េរិក​បាន​បើក​ទៅ​ទិស​ខាងជើង​កាត់​ច្រក​សមុទ្រ និង​ថា​សភាពការណ៍​នៅក្នុង​ផ្លូវទឹក​នេះ​«​ធម្មតា​»​ទេ​។​

​សូមបញ្ជាក់​ថា អាម៉េរិក​ក៏​ដូច​ប្រទេស​ភាគច្រើន​ដែរ មិន​មាន​ទំនាក់ទំនង​ផ្លូវការ​ជាមួយ​កោះ​តៃវ៉ាន់​ទេ តែ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ជា​អ្នកគាំទ្រ​ដ៏​សំខាន់​បំផុត​និង​ជា​អ្នក​ផ្គត់ផ្គង់​សព្វាវុធ​ដល់​កោះ​សេរី​​និយម​នេះ ជាហេតុ​នាំ​អោយ​ខ្លួន​មាន​ភាព​តានតឹង​ជាប្រចាំ​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដែល​ចាត់ទុក​កោះ​តៃវ៉ាន់​ជា​ខេត្ត​ផ្តាច់ខ្លួន​មួយ​របស់​ខ្លួន​៕

​នាវា​ពិឃាត​USS Sampson បើក​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​កាលពី​ថ្ងៃ​អង្គារ​