​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ សហរដ្ឋ​អាម៉េរិក​បាន​ផ្តល់​ឱ្យ​យោធា​អ៊ុយ​ក្រែន​នូវ​ព័ត៌មាន​ចារកម្ម​ទាន់​ហេតុការណ៍​អំពី​ផែនការ​សង្គ្រាម​របស់លោក​ពូ​ទីន​ដែល​អនុញ្ញាត​ឱ្យ​អ៊ុយ​ក្រែន​បាញ់​​ទម្លាក់​យន្តហោះ​ដឹកជញ្ជូន​របស់​រុស្ស៊ី ដែល​ដឹក​ទាហាន​រាប់រយ​នាក់​នៅ​ថ្ងៃ​ដំបូងៗ​នៃ​ការវាយប្រហារ​។​

​ក្រុមមន្ត្រី​អតីត​និង​បច្ចុប្បន្ន​របស់​សហរដ្ឋ​អាម៉េរិក​បាន​ប្រាប់​ទូរទស្សន៍ NBC​ថា ការវាយប្រហារ​ដោយ​ជោគជ័យ​របស់​អ៊ុយ​ក្រែន​លើ​យន្តហោះ​ដឹកជញ្ជូន IL-76​របស់​រុស្ស៊ី​នៅ​ជិត​អាកាសយានដ្ឋាន​​ក្រុង​គៀវ​កាលពី​ខែ​កុម្ភៈ​ត្រូវបាន​ធ្វើឡើង​បន្ទាប់​ពី​ទទួលបាន​ព័ត៌មាន​ពី​សហរដ្ឋ​អាម៉េរិក​ក្នុង​ប្រតិបត្តិ​ការចែករំលែក​ព័ត៌មាន​សម្ងាត់​មិន​ធ្លាប់​មាន​ពីមុនមក​ជា​មួយ​ដៃគូ​មិន​មែន​ណា​តូ​។​

​យន្តហោះ​បែបនេះ​ពីរ​គ្រឿង​ត្រូវបាន​បាញ់​ទម្លាក់​នៅពេល​ដំណាលគ្នា​។ ព័ត៌មាន​លម្អិត​អំពី​យន្តហោះ​ទាំង​ពីរ​គ្រឿង​ដែល​គេ​បាញ់​ធ្លាក់​ដោយសារ​តែ​ព័ត៌មាន​ចារកម្ម​របស់​សហរដ្ឋ​អាម៉េរិក​មិន​ត្រូវបាន​​ចែករំលែក​ទេ​។ រុស្ស៊ី​មិន​បាន​បញ្ជាក់ថា​មាន​ទាហាន​ប៉ុន្មាន​នាក់​បាន​ស្លាប់​ទេ ប៉ុន្តែ​យន្តហោះ​នី​មួយៗ​អាច​ផ្ទុក​ទាហាន​រហូតដល់​ទៅ ១៥០ នាក់​។​

​ក្រុមមន្ត្រី​ដែល​និយាយ​ក្រោម​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​បាន​បន្ថែមថា ទោះបីជា​រុស្សី​បាន​ដណ្តើម​កាន់កាប់​អាកាសយានដ្ឋាន​បាន​នៅ​ទីបំផុត​ក៏ដោយ​ក៏​ប៉ុន្តែ​យុទ្ធនាការ​របស់​អ៊ុយ​ក្រែន​នៅ​លើ​មេឃ​​ជាមួយនឹង​ព័ត៌មាន​ស៊ើបការណ៍​សម្ងាត់​របស់​ស​ហ​រដ្ឋ​អាម៉េរិក​បានធ្វើឱ្យ​ប្រតិបត្តិការ​របស់​រុស្ស៊ី​នៅក្នុង​តំបន់​ចុះខ្សោយ និង បាន​ជួយ​អ៊ុយ​ក្រែន​វាយប​កលើ​ពួក​ឈ្លានពាន​វិញ​។​

​មន្ត្រី​អាម៉េរិក​ម្នាក់ ដែល​និយាយ​សង្ខេប​អំពី​រឿង​នេះ បាន​ប្រាប់​ទូរទស្សន៍ NBC​ថា “​តាំងពី​ការចាប់ផ្តើម​សង្គ្រាម​មក​ពួក​យើង​បាន​ងាក​មក​ចែករំលែក​ទាំង​ព័ត៌មាន​ស៊ើបការណ៍​សម្ងាត់​ជា​យុទ្ធសាស្ត្រ​​និង​សកម្មភាព​ជា​មួយ​អ៊ុយ​ក្រែន​យ៉ាង​ខ្លាំងក្លា​។ វា​មាន​ឥទ្ធិពល​ទាំង​ក្នុង​កម្រិត​យុទ្ធវិធី​និង​យុទ្ធសាស្ត្រ​”​។

​ព័ត៌មាន​ស៊ើបការណ៍​សម្ងាត់​ដែល​ផ្តល់​ដោយ​សហរដ្ឋ​អាម៉េរិក​បានអនុញ្ញាត​ឱ្យ​កងកម្លាំង​អ៊ុយ​ក្រែន​ដឹង​ពី​កន្លែង​ដែល​ត្រូវ​វាយប្រហារ អង្គភាព​សកម្ម​របស់​រុស្ស៊ី​និង​អ្វី​ដែល​ជា​ល្បិចកល​និង​កន្លែង​ដែល​​កងកម្លាំង​ឈ្លានពាន​គ្រោង​នឹង​ទម្លាក់​គ្រាប់បែក​៕

​ការវាយប្រហារ​ដោយ​ជោគជ័យ​របស់​អ៊ុយ​ក្រែន​លើ​យន្តហោះ​ដឹកជញ្ជូន IL-76 របស់​រុស្ស៊ី​នៅ​ជិត​អាកាសយានដ្ឋាន​ក្រុង​គៀវ​កាលពី​ខែ​កុម្ភៈ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​សហរដ្ឋ​អាម៉េរិក