ដោយៈ វ៉ៃ​កូ / ស្វាយរៀងៈ លោក​បណ្ឌិតសភា​ចា​រ្យ អ៊ុក រ៉ាប៊ុន រដ្ឋ​ម​ន្រី​ក្រសួង អភិវឌ្ឍន៍ជនបទ នា​ព្រឹក​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២២ នេះ បាន​អញ្ជើញ ជា​អធិបតី នៅក្នុង​ពិធី​ប្រកាស ខេត្តស្វាយរៀង ជា​ខេត្ត​ទី​១ ដែល​បានបញ្ចប់ ការ​បន្ទោ​របង់ ពាសវាល ពាសកាល​ទាំងស្រុង ១០០ ភាគរយ (1st ODF SVG Province Celebration)​។

​ពិធី​នេះ បាន​ប្រព្រឹត្តទៅ នៅ​រង្វង់​មូល​វិមានឯករាជ្យ​ខេត្ត ព្រមទាំង​មានការ អញ្ជើញ​ចូលរួម​ពី សំណាក់​លោក ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង តំណាង​អង្គការ​ដៃគូ​អភិវឌ្ឍន៍ លោក​អភិបាល​-​រង ទាំង​២៥ រាជធានី ខេត្ត លោក​អភិបាល អភិបាលរងក្រុង ស្រុក ទាំង​៨ លោក មេឃុំ ចៅសង្កាត់ ៨០ នៅ​ទូទាំង​ខេត្ត ប្រជាពលរដ្ឋ សហភាព​សហព័ន្ធ​យុវជន កម្ពុជា​ខេត្ត យុវជន​កាកបាទក្រហម​កម្ពុជា​ខេត្ត និង យុវជន​កាយ​រិ​ទ្ធ សិស្សានុសិស្ស​យ៉ាងច្រើន​កុះករ​។

​លោក អភិបាលខេត្ត​ស្វាយរៀង បាន​ថ្លែងអំណរគុណ និង​ការស្វាគមន៍ យ៉ាង​កក់ក្ដៅ ចំពោះ​វត្តមាន​ដ៏​ខ្ពង់ខ្ពស់ លោក​រដ្ឋមន្ត្រី លោកស្រី នាយិកា​អង្គការ យូ​នី​សេ​ហ្វ ប្រចាំ​នៅ​កម្ពុជា អស់លោក លោកស្រី គណៈប្រតិភូ​ក្រសួង អភិវឌ្ឍន៍ជនបទ អស់លោក​ជា​អភិបាលរង រាជធានី​-​ខេត្ត លោក លោកស្រី ប្រធាន​អង្គការ​ដៃគូ ព្រមទាំង​ភ្ញៀវកិត្តិយស និង​បងប្អូន ប្រជាពលរដ្ឋ ទាំងអស់ ដែល​បានផ្ដល់​កិត្តិយស អញ្ជើញ​ជា​អធិបតី និង​ចូលរួម​អបអរសាទរ នៅក្នុង​ពិធី​ដ៏​មាន​សារៈសំខាន់ នា​ថ្ងៃនេះ ដែល​បាន​ញ៉ាំង​ឲ្យ​អង្គពិធី ប្រព្រឹត្តទៅ ប្រកបដោយ ភាព​ឱ​ឡា​ឫក ក្រៃលែង​។

​លោក​អភិបាលខេត្ត បាន​មានប្រសាសន៍ថាៈ ទាំងនេះ ជា​មោទនភាព ចំពោះ​សមិទ្ធផល ដ៏​ត្រចះត្រចង់ នៅក្នុង​វិស័យ​អភិវឌ្ឍន៍ជនបទ ជាពិសេស នៅក្នុង​ផ្នែកអនាម័យ​ជនបទ នៅក្នុង​ខេត្ត ដែល​ឆ្លងកាត់​នូវ​ការវាយតម្លៃ ដោយ​ផ្អែកលើ​នីតិវិធី និង​លក្ខណៈវិនិច្ឆ័យ ច្បាស់លាស់ ម៉ត់ចត់​ពី​គណៈកម្មការ ថ្នាក់ជាតិ ទទួលស្គាល់​ជា​ផ្លូវការ ខេត្តស្វាយរៀង ជា​ខេត្ត​ទី​១ ជា​ប្រវត្តិសាស្ត្រ នៅក្នុង​ប្រទេស​កម្ពុជា ដែល​បានសម្រេច​ការបញ្ឈប់ ការ​បន្ទោបង់ ពាសវាល ពាសកាល និង​ត្រូវ​ប្រកាស​ជា​ផ្លូវការ ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់ របស់លោក បណ្ឌិតសភា​ចា​រ្យ រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ នៅថ្ងៃនេះ ។

​លោក​បាន​មានប្រសាសន៍​ទៀតថាៈ ការងារ​លើកកម្ពស់​អនាម័យ​ខេត្ត ទទួលបាន​ភាពជោគជ័យ នាពេលនេះ រដ្ឋបាលខេត្ត​ស្វាយរៀង បាន​បង្កើត ក្រុមការងារ​បច្ចេកទេស វិស័យ​ផ្គត់ផ្គង់​ទឹក ការសំអាត និង​អនាម័យ​ជនបទ ថ្នាក់​ខេត្ត (PWG-RWSSH) និង​មាន​សមាសភាព​ចូលរួម​ពី លោក លោកស្រី ប្រធាន​មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ តំណាង​អង្គការ​ដៃគូ​នានា ក្នុង​ខេត្ត អភិបាលក្រុង ស្រុក ទាំង​ប្រាំបី អមដោយ​លេខាធិការដ្ឋាន នៃ​ក្រុមការងារ ដឹកនាំ​ដោយ​លោក ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត និង​មន្ត្រី​ជំនាញ ក្នុងនោះ បានបង្ហាញ​ឲ្យ ឃើញ​ពី​ការវិវឌ្ឍ រីក​ម្រើ​ន នៃ​ផ្នត់គំនិត ការផ្លាស់ប្ដូរ​ឥរិយាបថ និង​ចំណេះដឹង របស់​បងប្អូន​ប្រជាពលរដ្ឋ ពាក់ព័ន្ធ​នឹង​បញ្ហា​សុខភាព និង​អនាម័យ​ជនបទ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏បាន​ឆ្លុះបញ្ចាំង ពី​ការអភិវឌ្ឍន៍ និង​កម្រិតជីវភាពរ​ស់​នៅ ល្អប្រសើរ​របស់ ប្រជាពលរដ្ឋ​យើង នៅ​មូលដ្ឋាន ដែលមាន​លទ្ធភាព​គ្រប់គ្រាន់ ក្នុងការ​ចូលរួម​វិភាគទាន និង​ម្ចាស់ការ ក្នុងការ​សាងសង់ បង្គន់​អនាម័យ ប្រើប្រាស់​នៅតាម​ខ្នង​ផ្ទះ និង​សហគមន៍ ហើយ​ដែល​មូលដ្ឋាន សមិទ្ធផល​នេះ ពិតជា​បាន​ចូលរួមចំណែក យ៉ាង​ធំធេង ជាមួយ​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ ប្រកបដោយ គតិបណ្ឌិត របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា ក្នុងការ​គាំទ្រ​ដល់ ដំណើរការ​អនុវត្ត យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ ផែនការ​យុទ្ធសាស្ត្រ​ជាតិ និង​ផែនការ សកម្មភាព​ខេត្ត ស្ដីពី​ការផ្គត់ផ្គង់​ទឹកស្អាត និង​ការលើក កម្ពស់​អនាម័យ​ជនបទ ដូច​ដែលមាន​បញ្ជាក់ ក្នុង​របាយការណ៍​រប​ស់លោក​អភិបាលរង​ខេត្ត នាពេល អម្បាញ់មិញ​នេះ នៅក្នុង​ខេត្តស្វាយរៀង យើងខ្ញុំ បច្ចុប្បន្ន គឺ​បានសម្រេច​នូវ​អត្រា អនាម័យ​គ្របដណ្ដប់ ១០០% នៅ​ទូទាំង​ខេត្ត ហើយ​អត្រា​ប្រជាពលរដ្ឋ មានទឹក​សុវត្ថិភាព ប្រើប្រាស់ មាន​រហូតដល់ ៨៨,៦% និង​អត្រា​គ្រួសារ ដែល​ប្រើប្រាស់​ឧបករណ៍​ផ្សេងៗ សម្រាប់​លាងដៃ នៅក្នុង​បរិវេណ​ផ្ទះ សម្រេចបាន ១០០% ផងដែរ ។

​សូមបញ្ជាក់ថា ក្រោម​ការខិតខំ​ប្រឹងប្រែង អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ កន្លងមក នៅ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២១ កន្លងទៅ ខេត្តស្វាយរៀង បាន​វាយ​តំលៃ និង​ប្រកាស​ផ្ទៃក្នុង​របស់​ខេត្ត ពិតជា​សម្រេចបាន ODF ១០០ ភាគរយ ហើយ​បាន​ស្នើសុំ​ទៅ ក្រសួង​អភិវឌ្ឍន៍ជនបទ ចុះ​ពិនិត្យ​ផ្ទៀងផ្ទាត់ ដោយ​គណៈ កម្ម​ការ​ថ្នាក់ជាតិ កាលពី​ថ្ងៃទី ១០-១៣ ខែមករា ឆ្នាំ​២០២២ ហើយ​បានទទួល ស្គាល់​ជា​ផ្លូវការ នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២២ កន្លងទៅ​ថ្មីៗ​នេះ​។

​បើតាម​របាយការណ៍រ​បស់ គណៈកម្មការ​ថ្នាក់ជាតិ និង​ប្រកាស​នី​យ​ប័ត្រ បញ្ចប់​ការ​បន្ទោបង់ ពាសវាល​ពាសកាល បានប្រកាស​លទ្ធផល​ថា ខេត្តស្វាយរៀង បាន​បំពេញ​គ្រប់​លក្ខខណ្ឌ ដោយ​ជោគជ័យ​ទទួលបាន​ជ័យ លា​ភី «​ខេត្ត​សម្រេចបាន​បញ្ឈប់​បន្ទោរ​បង់ ពាសវាល ពាសកាល ជា​ស្ថាពរ (Open Defecation Free 100%)» និង​ជា​ខេត្ត​ទីមួយ ក្នុង​ប្រវត្តិសាស្ត្រ នៃ​ប្រទេស​កម្ពុជា​៕/V​-PC