ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ ផ្លូវ​កៅស៊ូ​មួយ​ខ្សែ ស្ថិត​ក្នុងភូមិ​ឃ្លាំងប្រាក់ និង​ភូមិ​ប្អេ​រ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ប្រវែង​ជាង មួយ​ពាន់​ម៉ែត្រ ដែល​រង​ការខូចខាត កន្លងមក ក្នុង​រដូវវស្សា ក្នុង​ពេលនេះ កំពុងដំណើរការ​ជួស ជុល​ជាថ្មី​ឡើងវិញ ដោយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង ដោយ​ចំណាយ​ថវិកា​សាលាខេត្ត ហើយ​ដែល​គ្រោង​នឹង​ជួសជុល​ឱ្យ​រួចរាល់ មុន​រដូវភ្លៀង​ធ្លាក់ ខាងមុខនេះ ។​

​លោក ឈួ​រ រិទ្ធី អនុប្រធាន​មន្ទីរ​សាធារណការ ខេត្តកំពង់ឆ្នាំង នៅ​រសៀល ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២២ នេះ បាន​និយាយ​ឲ្យ​ដឹងថាៈ ដោយមាន​ការយក ចិត្ត​ទុកដាក់​ពី​សំណាក់​លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ អភិបាល​នៃ​គណៈ​អភិបាលខេត្ត កំពង់ឆ្នាំង ថ្មីៗ​នេះ បាន​ទម្លាក់​ថវិកា​របស់​សាលា ខេត្ត ឱ្យ​មន្ទីរ​សាធារណការ​ខេត្ត ដំណើរការ​ជួសជុល​ផ្លូវ​កៅស៊ូ នៅក្នុង​សង្កាត់​ប្អេ​រ ខាងលើនេះ មាន​ប្រវែង​ជាង មួយ​ពាន់​ម៉ែត្រ មាន​ទទឹង ៦ ម៉ែត្រ ដោយ​ត្រូវ​ជួសជុល ចាក់​កៅស៊ូ​ពីរ​ជាន់ និង​តាម​ផែនការ គឺ​ជំរុញ​ធ្វើ​ឲ្យ​រួចរាល់ នៅមុន​រដូវភ្លៀង​ធ្លាក់ ខាងមុខនេះ ដើម្បី​សម្រួល​ការធ្វើ ចរាចរណ៍ ជូន​ប្រជាពលរដ្ឋ​យើង ។​

​អាជ្ញាធរ​សង្កាត់​ប្អេ​រ ក៏ដូចជា​ប្រជាពលរដ្ឋ រស់នៅក្នុង​សង្កាត់ និង​នៅក្នុង​ឃុំ​ស្រែ​ថ្មី ដែល​ប្រើប្រាស់​ផ្លូវ ខាងលើនេះ ក្នុង​ខែវស្សា កន្លងមក បាន​ជួប​ការលំបាក ព្រោះតែ​ផ្លូវ​នេះ មានការ​ខូចខាត យ៉ាងខ្លាំង ដែលមាន​ចំណុច​ខ្លះ ស្ទើរតែ​ក្លាយ ទៅជា​ថ្លុក ត្រពាំង​ទៅហើយ ។

​ដូច្នេះ​ការជួសជុល​ផ្លូវ អោយក្លាយ​ទៅជា​ផ្លូវ​កៅស៊ូ ២ ជាន់​នោះ អាជ្ញាធរ និង​ប្រជាពលរដ្ឋ ពិតជា​សប្បាយរីករាយ​ណាស់ និង​សូម​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​ដល់​លោក ស៊ុន សុវណ្ណ​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ខេត្តកំពង់ឆ្នាំង ដែល​បាន​យល់​អំពី សុខទុក្ខ​ប្រជាពលរដ្ឋ ជួយ​ទម្លាក់​ថវិកា ជួសជុល​ផ្លូវ​ខាងលើនេះ ដើម្បី​ជួយ សម្រួលការ​ធ្វើចរាចរ​ណ៍ ជូន​ប្រជាពលរដ្ឋ គឺមាន​ផ្លូវ ពិត​ជាមាន​ក្តីសង្ឃឹម និង​សូម​អរគុណ​សន្តិភាព​៕/V​-PC