ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ នៅវេលា​ម៉ោង ៧​និង​៣០​នាទី យប់​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២២ បុរស​ម្នាក់ ត្រូវបាន​ជន​មិន​ស្គាល់មុខ ចាក់​មួយ​កាំបិត សម្លាប់​នៅក្នុង​ករណី​ឌឺដង​ជម្លោះ ពាក្យសម្តី​គ្នា នៅ​ចំណុច​ផ្លូវបំបែក សាលា​គំរូ ក្រុង​កំពង់ឆ្នាំង ។​

​លោក​វរសេនីយ៍ឯក ឆាយ ខេ​ម​រ័ត្ន អធិការនគរបាល ក្រុង​កំពង់ឆ្នាំង បានអោយដឹង តាម​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃទី​២៧ មេសា នេះ​ថាៈ ជនរងគ្រោះ ដែល​ត្រូវ​ជន​មិន​ស្គាល់មុខ ចាក់​សម្លាប់ ខាងលើ នេះ មានឈ្មោះ ប៉ុល សារឿន ភេទ​ប្រុស រស់នៅ​ក្នុងភូមិ​ត្រពាំង​ចឹ​ក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​-​ខេត្តកំពង់ឆ្នាំង ។​

​បើ​យោងតាម​ចម្លើយ​បក្ខពួក​ជនរងគ្រោះ បាន​ប្រាប់​សមត្ថកិច្ច​ថាៈ នៅ​មុនពេល​កើតហេតុ ភាគី​ជនរងគ្រោះ មាន​គ្នា ៤ នាក់ បាន​ជិះ​ម៉ូតូ ២ គ្រឿង ទៅរក​រឿង វ៉ៃ​គេ នៅឯ​ដី​ថ្មី ដោយ​មិន បានសម្រេច ក៍​ជិះ​ម៉ូតូ​ត្រឡប់មកវិញ ដល់​រង្វង់​មូល​វិមានឯករាជ្យ វង់​មួយ​ជុំ ហើយ​ចេញមក ផ្លូវបំបែក ក៍​ឃើញ​អ្នកជិះ​ម៉ូតូ​មួយគ្រឿង មាន​ឌុប​គ្នា ៣ នាក់ (​ស្រី​២​នាក់​) ។​

​បក្ខពួក​ជនរងគ្រោះ បាន​ប្រាប់​សមត្ថកិច្ច​ទៀតថាៈ ពេល​ជនរងគ្រោះ ឃើញ ហើយ​ជិះ​ម៉ូតូ​អែប និង​មើលមុខ​គ្នា​ចុះឡើងៗ និង​ឌឺដង​ពាក្យសម្តី​ដាក់​គេ រួច​បាន​ឈប់​ម៉ូតូ និង​ចុះ​ដើរមក​រករឿង​គេ រួច​បាន​ទាញ​ខ្សែក្រវាត់​វ៉ៃ ទៅលើ​ភាគី ម្ខាង​ទៀត តែ​ចៃដន្យ ក្បាល​ខ្សែក្រវាត់ របូត ។ ខណៈនោះ ជន​មិន​ស្គាល់មុខ បាន​ទាញ​កាំបិតកៃ ចាក់​មកលើ​ជនរងគ្រោះ ចំ​ឆ្អឹងជំនី ផ្នែក​ខាងឆ្វេង ។ នៅពេល​ជនដៃដល់ ចាក់​ចំ​ជនរងគ្រោះ​នោះ បក្ខពួក​ជនរងគ្រោះ ភ័យ មិន​ហ៊ាន​ចូល​ជួយ រួច​បាននាំគ្នា​ដឹក​ជនរងគ្រោះ យកទៅ​មន្ទី​ពេទ្យ ដោយ​គិតថា ជនរ​រងគ្រោះ របួស​តិចតួច ។ ចំណែក​ជនដៃដល់ បាន​ជិះ​ម៉ូតូឌុប​ស្រី ២ នាក់ គេច​ចេញពី​កន្លែងកើតហេតុ បាត់ទៅ ។

​ក្រោយ​កើតហេតុ ២ ទៅ ៣ ម៉ោង ភាគី​ជនរងគ្រោះ បាន​ប្តឹង​មក​សមត្ថកិច្ច​ថា មាន​ករណី​ចាក់ សម្លាប់​គ្នា ដោយសារតែ​ជនរងគ្រោះ បាន​ស្លាប់ ។ ភ្លាមៗ​នោះ សមត្ថកិច្ច បាន​ចុះទៅពិនិត្យ សាកសព និង​បានធ្វើ​កំណត់ហេតុ រួចរាល់ ប្រគល់អោយ​ក្រុមគ្រួសារ​។​

​ពាក់ព័ន្ធ​ករណី​ចាក់​សម្លាប់​គ្នា ខាងលើនេះ សមត្ថកិច្ច កំពុងបើក​ការស្រាវជ្រាវ រក​ជនដៃដល់ យកមក​ផ្ដន្ទាទោស តាមផ្លូវ​ច្បាប់​៕/V​-PC