ដោយៈ គង់ហេង/ កំពង់ចាម៖ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទ ក្រហមកម្ពុជាបានស្នដល់សាខាកាកបាទ ក្រហម,សប្បុរសជនទាំងរដ្ឋ និងឯកជន ជួយសាងសង់កន្លែងលាងដៃ នៅតាមសាលារៀននីមួយៗ ព្រោះសិស្សជាប្រភព នៃការអប់រំបន្តសម្រាប់ការធ្វើអនាម័យអវយវៈមួយនេះ។
លោកស្រីអគ្គលេខាធិការបានស្នើបែបនេះ នៅក្នុងការដែលលោកស្រីបានអញ្ជើញចូលរួមប្រគល់ទទួលសំណង់ អនាម័យទឹកស្អាតដល់សាលារៀនចំនួនប្រាំពីរ កន្លែងក្នុងខេត្តកំពង់ចាម នៅសាលាបឋមសិក្សា អណ្តូងតាអុង ឃុំព្រែកក្របៅ ស្រុកកងមាស កាលពីថ្ងៃទី ២៦ ខែមេសាម្សិលមិញនេះ។
លោកស្រី ពុំ ចន្ទីនី បានថ្លែងថា ការផ្តើមគំនិតបង្កើតកន្លែងលាងដៃនៅតាមសាលារៀននេះ ដោយសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានកាកបាទក្រហមកម្ពុជា គឺដើម្បីកាត់ការឆ្លងរាលដាល នៃជំងឺកូវីដ ១៩ និងមេរោគផ្សេងៗ ទៀត គឺចាំបាច់មានតែលាងដៃនេះហើយ មិនថា នៅសាលារៀន នៅផ្ទះទេឱ្យតែមានមធ្យោបាយសម្រាប់លាងដៃ។ ដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតក៏តម្រង់ទិល ជំនួយទាំងអស់របស់សប្បុរសជនយកមក ធ្វើជាអាងលាងដៃនេះ គឺត្រូវការទឹក ត្រូវការអណ្តូង ត្រូវការម៉ូទ័រ ត្រូវមានស៊ីទែនទឹក។
លោកស្រីបានបន្ថែមថា ការចាំបាច់បំផុត គឺការផ្លាស់ប្តូរឥរិយាបថ ដើម្បីកសាងភាពធន់ត្រូវលាងដៃ បើមិនលាងដៃទេធ្វើអ្វីទៀតក៏អត់អំពើដែរ។ ដូច្នេះហើយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានជំរុញឱ្យសាខាកាកបាទក្រហមទាំងអស់ ដែលមានលទ្ធភាព សូមសាងសង់កន្លែងលាងដៃនេះជាបន្តបន្ទាប់ ដោយសារថា សាខាកាកបាទក្រហមបើសិនជាអាចរកជំនួយបានសុំជួយ ធ្វើកន្លែងលាងដៃដល់តាមសាលារៀន ពិសេសក្រុមការងារចុះជួយមូលដ្ឋាន សប្បុរសជនក្នុងស្រុក ឬវិស័យឯកជនសូមជួយសង់សំណង់ដ៏សំខាន់នេះ នៅតាមសាលារៀនចំនួនជាង ៥០០ កន្លែងក្នុងខេត្តកំពង់ចាម ដោយយកគំរូតាមសំណង់ អនាម័យទឹកស្អាត ទាំងប្រាំពីរ កន្លែងដែលយើងបានធ្វើការប្រគល់ទទួលនៅថ្ងៃនេះ។
សូមបញ្ជាក់ថា សំណង់ អនាម័យទឹកស្អាត របស់កាកបាទក្រហមកម្ពុជា ដែលជាជំនួយឧបត្ថម្ភថវិការបស់កាកបាទក្រហមសិង្ហបុរី ផ្តល់ជូនដល់រដ្ឋបាលខេត្តកំពង់ចាមមាន៖ អណ្តូងទឹក, ស្ថានីយលាងដៃ,ស៊ីទែនទឹកមានជើងទម្រ,កសាងបង្គន់អនាម័យថ្មី និងជួសជុលបង្គន់អនាម័យដល់សាលារៀនគោលដៅសរុបចំនួន ២២ កន្លែង។ ក្នុងនោះដើម្បីពង្រឹងកិច្ចសហ ប្រតិបត្តិការរួមចំណែកក្នុងការត្រៀមបង្ការនិងឆ្លើយតបចំពោះទឹកជំនន់កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២០កាកបាទ ក្រហម សិង្ហបុរីបានបដិភាគថវិកាចំនួន ៧៥.០០០ ដុល្លារសម្រាប់សាងសង់ និងស្តារអណ្តូងទឹក ស្ថានីយលាងដៃ និងបង្គន់អនាម័យនៅតាមសាលារៀនគោលដៅ ដែលរងគ្រោះដោយទឹកជំនន់ចំនួន ២២ កន្លែងមានអ្នកទទួលផលផ្ទាល់ ១២.២៨៤ នាក់ (ស្រីចំនួន ៦.២០០ នាក់)៕/PC