​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ វិមាន​ក្រឹម​ឡាំង​បាន​ព្រមាន​ថា ខ្លួន​អាច​កំណត់​គោលដៅ​វាយ​លើ​ទីតាំង​យោធា​ក្នុង​ចក្រភព​អង់គ្លេស ដោយសារតែ​ការគាំទ្រ​របស់​អង់គ្លេស​សម្រាប់​អ៊ុ​យក្រែន ខណៈ​បន្ថែមថា​ខ្លួន​ក៏​អាច​វាយប្រហារ​អ្នកការទូត​អង់គ្លេស​ដែល​ត្រឡប់​ទៅ​ទីក្រុង​គៀវ​វិញ​ដែរ បន្ទាប់​ពី​រដ្ឋមន្ត្រី​អង់គ្លេស​ម្នាក់​និយាយ “​បង្កហេតុ​” អំពី​ការទម្លាក់​គ្រាប់បែក​លើ​រុស្ស៊ី​។​

​លោកស្រី ម៉ា​រៀ ហ្សា​ខា​រ៉ូ​វ៉ា (Maria Zakharova) អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី​បាន​លើកឡើង​ថា​ការវាយប្រហារ​អាច​ត្រូវបាន​អនុញ្ញាត​ឱ្យ​ធ្វើ​ឡើង​ដើម្បី​ប្រឆាំង​នឹង​រដ្ឋ​ណា​តូ​ដែល​ផ្តល់​អាវុធ​​ដល់​អ៊ុ​យក្រែន​។​

​លោកស្រី​បាន​ព្រមាន​ថា “​តើ​យើង​យល់​ថា​ត្រឹមត្រូវ​ដែរឬទេ ដែល​យោធា​រុស្ស៊ី​អាច​វាយប្រហារ​គោលដៅ​យោធា​នៅ​លើ​ទឹកដី​នៃ​ប្រទេស​ណា​តូ​ដែល​ផ្គត់ផ្គង់​អាវុធ​ដល់​របប​ក្រុង​គៀវ​ដោយសារតែ​រំខាន​ការ​​ផ្គត់ផ្គង់​របស់​យោធា​?”​។​

“​ចឹង​ហើយ​ទើប​វា​នាំ​ឱ្យ​មាន​ការស្លាប់​និង​ការ​បង្ហូរឈាម​នៅលើ​ទឹកដី​អ៊ុយ​ក្រែន​ដោយផ្ទាល់​។ តាម​ខ្ញុំ​យល់ អង់គ្លេស​ជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​ទាំងនោះ​”​។​

​សម្ដី​របស់​លោកស្រី​បាន​កើតឡើង​បន្ទាប់​ពី​រដ្ឋមន្ត្រី​កងកម្លាំងប្រដាប់អាវុធ​របស់​អង់គ្លេស លោក ជែម​ស៍ ហ៊ី​ប​ភី (James Heappey)​បាន​និយាយថា ចក្រភព​អង់គ្លេស​បាន​គាំទ្រ​ការវាយប្រហារ​ផ្លូវអាកាស​របស់​អ៊ុយ​ក្រែនលើ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រុស្ស៊ី​។​

​លោក​បាន​បន្ថែមថា វា​នឹង​ក្លាយជា “​ស្រប​ច្បាប់​ទាំងស្រុង​” សម្រាប់​សព្វាវុធ​របស់​អង់គ្លេស ដែល​ត្រូវ​ប្រើប្រាស់​ក្នុង​ការវាយប្រហារ​បែប​នោះ បើទោះបីជា​បច្ចុប្បន្ន​អាវុធ​អង់គ្លេស​មិនទាន់​ត្រូវបាន​ប្រើ​ដើម្បី​​ធ្វើ​រឿងនេះ​ក៏ដោយ​។​

​លោក​ហ៊ី​ប​ភើ​ក៏​និយាយ​ផងដែរ​ថា ចក្រភព​អង់គ្លេស​នឹង​ចាប់ផ្តើម​ការ​បង្វឹក​កង​ទ័ព​អ៊ុយ​ក្រែន​ឡើងវិញ​នៅក្នុង​អ៊ុ​យក្រែ​ន​ប្រសិន​បើ​ជម្លោះ​ប្រែជា​ជាប់គាំង​នៅក្នុង​តំបន់​ដូណិត​ស៍​និង​លូ​ហាន​ស៍ភាគ​​ខាងកើត​។​ប៉ុន្តែ​ការលើកឡើង​របស់​លោក​ត្រូវបាន​វិមាន​ក្រឹម​ឡាំង​ចាប់បាន ដោយ​ក្រសួង​ការពារជាតិ​ចោទប្រកាន់​លោក​ថា “​បង្កហេតុ​”​។​

​ក្នុង​ការកើនឡើង​នៃ​ភាព​តានតឹង​គួរឱ្យកត់សម្គាល់ ទីក្រុង​មូ​ស្គូក៏​បានព្រមាន​ដែរថា ខ្លួន​នឹង​ត្រៀម​វាយបក​វិញ​នៅ “​មជ្ឈមណ្ឌល​ធ្វើ​សេចក្តីសម្រេចចិត្ត​” ក្នុង​ទីក្រុង​គៀវ​ដើម្បី​ជាការ​សងសឹក​ទោះបីជា​​មាន​អ្នកការទូត​អង់គ្លេស​និង​លោកខាងលិច​ផ្សេងទៀត​មាន​វត្តមាន​ក៏ដោយ​។​

​ទន្ទឹមនឹងនេះ លោក ថូ​បៀ​ស អែល​វូដ (Tobias Ellwood) ជា​ប្រធាន​គណៈកម្មាធិការ​សម្រាំង​ការពារជាតិ​របស់​អង់គ្លេស​បាន​និយាយថា ការកត់សម្គាល់​របស់​លោក​ហ៊ី​ប​ភើ​មាន “​សក្តានុពល​ក្នុង​ការអញ្ជើញ​ឱ្យមាន​ការវាយប្រហារ​ស​ង​សឹក​ទៅលើ​ប៉ូឡូញ​”​។​

​លោក​ក៏​បាន​ព្រមាន​ដែរ​ថា រុស្ស៊ី​អាច​វាយលុក​គោលដៅ​លោកខាងលិច​នៅ​ខាងក្រៅ​អ៊ុ​យក្រែន ហើយ​បាន​ប្រាប់​កាសែត The Times ថា​លោក​ខាងលិច​កំពុង​ចូលរួម “​កាន់តែ​ខ្លាំង​ឡើង​នៅក្នុង​សង្គ្រាម​ប្រូក​ស៊ី​”៕

​រុស្ស៊ី​ព្រមាន​វាយប្រហារ​អ្នកការទូត​អង់គ្លេស​ដែល​ត្រឡប់​ទៅ​ទីក្រុង​គៀវ​វិញ