ដោយ៖តារារិទ្ធ(ភ្នំពេញ)៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ចំនួន ៦ ចំណុចដើម្បីលើកទឹកចិត្តនិងយកចិត្ត ទុកដាក់លើកិច្ចការអភិវឌ្ឍធនធានមនុស្សលើកស្ទួយ និង អភិវឌ្ឍវិស័យអប់រំកម្ពុជា ។

នៅក្នុងពិធីបិទសន្និបាត បូកសរុបការងារអប់រំ យុវជន និង កីឡា ឆ្នាំសិក្សា ២០២០-២០២១ និង លើកទិសដៅការងារឆ្នាំសិក្សា ២០២១-២០២២ ដែលក្រសួងអប់រំ យុវជន និង កីឡា នារសៀលថ្ងៃទី ២៧ ខែ មេសា នេះ សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា៖ជានិច្ចកាលរាជរដ្ឋាភិបាលតែងតែផ្តល់អាទិភាពទី ១លើការ អភិវឌ្ឍធនធានមនុស្សដើម្បីលើកស្ទួយនិងអភិវឌ្ឍវិស័យអប់រំកម្ពុជា។ ដើម្បីលើកទឹកចិត្ត និង យកចិត្តទុកដាក់លើកិច្ចការដ៏មានសារៈសំខាន់នេះសម្តេចបានផ្តល់អនុសា សន៍សំខាន់ៗសម្រាប់អនុវត្តបន្តដូចខាងក្រោម ៖

ទី១. បន្តពង្រឹងប្រព័ន្ធអប់រំឱ្យមានភាពធន់,បុរេសកម្មឆ្លើយតបទៅនឹងបរិការណ៍ជាតិ-អន្តរជាតិ ដែលកំពុងមានការប្រែប្រួល ។ បន្តធានានូវសេវាអប់រំ ដែលមានគុណភាព ប្រកបដោយសមធម៌ និង បរិយាប័ន្ន ព្រមទាំងលើកកម្ពស់ឱកាសការសិក្សាពេញមួយជីវិត សម្រាប់ទាំងអស់គ្នា និង ដោះស្រាយការខាតបង់ការរៀនសូត្ររបស់សិស្សា នុសិស្ស និង យុវជន ដែលរងផលប៉ះពាល់ដោយសារកូវីដ-១៩ ។

ទី២.កសាងប្រព័ន្ធនិងអភិវឌ្ឍសមត្ថភាពប្រព័ន្ធអប់រំ តាមរយៈធានាភាពជាអ្នកដឹកនាំនិងការគ្រប់គ្រងរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ រួមមានការកែទម្រង់គ្រឹះស្ថានបណ្តុះ បណ្តាលគ្រូ,ការលើកកម្ពស់ប្រសិទ្ធភាពហិរញ្ញប្បទានសហប្រតិបត្តិការ, ការកសាងគោលនយោបាយ និង ផែនការអប់រំ, ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ សម្រាប់បុគ្គលិកអប់រំ និង គ្រូបង្រៀន ។

ទី៣.បន្តអភិវឌ្ឍការអប់រំឌីជីថលសម្រាប់ការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងបរិការណ៍ បរិវត្តកម្មសង្គម និង សេដ្ឋកិច្ចឌីជីថល តាមរយៈការធ្វើសមាហរណកម្មបច្ចេក វិទ្យាឌីជីថល ទៅក្នុងគ្រប់កម្រិតកម្មវិធីសិក្សា, បំពាក់ បន្ទប់ពិសោធន៍ឌីជីថល នៅតាមគ្រឹះស្ថានសិក្សា, លើកកម្ពស់សមត្ថភាពគ្រូបង្រៀនផ្នែក ឌីជីថល, ផលិត វីដេអូ បង្រៀន និង មាតិកាឌីជីថល លើមុខវិជ្ជាគោលសម្រាប់ថ្នាក់ប្រឡង, ព្រមទាំងផ្សព្វផ្សាយ ការងារទាំងនេះ ឱ្យកាន់តែទូលំទូលាយ ។

ទី៤. បន្តអនុវត្តឱ្យកាន់តែសកម្មលើការងារកាយរឹទ្ធនិងយុវជនដោយប្រកាន់ខ្ជាប់នូវទង្វើវិជ្ជមានក្នុងសង្គម តាមរយៈការបំផុសចលនា កូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ, កម្មវិធីយុវជនស្ម័គ្រចិត្តចុះជួយមូលដ្ឋាននៅតាមសហគមន៍ ជាមួយនឹងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និង ជំនាញទន់ដល់យុវជនដើម្បីឆ្លើយតបទាន់ពេលវេលា ទៅនឹងឱកាសការងារនៅក្នុងសង្គម ។

ទី៥. បន្តត្រៀមលក្ខណៈឱ្យបានពេញលេញ ដើម្បីធ្វើជាម្ចាស់ផ្ទះ ប្រកួតកីឡា ស៊ីហ្គេម ឆ្នាំ ២០២៣ ដោយសហការជាមួយគ្រប់ភាគីពាក់ព័ន្ធក្នុងការអភិវឌ្ឍសមាគមកីឡា មហាជន, សហព័ន្ធកីឡា,បំប៉ននិងហ្វឹកហាក់កីឡាករជម្រើសជាតិ និងកីឡាករថ្នាលឱ្យបានដិតដល់,ជំរុញសកម្មភាពអប់រំកាយនិង កីឡានៅតាមគ្រឹះស្ថានសិក្សាឱ្យបាន ផុសផុល ។

ទី៦. បន្តលើកកម្ពស់សុខភាពអនាម័យ នៅតាមគ្រឹះស្ថានសិក្សា ដោយបន្តអនុវត្តអភិក្រម ៣កុំ និង ៣ ការពារ ហើយចូលរួមទប់ស្កាត់ការឆ្លងចូលគ្រឹះស្ថាន សិក្សារួម ទាំងបង្កើនការអប់រំអំពីសុវត្ថិភាពសុខភាពសិក្សា,ការរក្សាគម្លាតសុវត្ថិភាព និង សុវត្ថិភាពចំណីអាហារដល់បុគ្គលិកអប់រំ និង សិស្សានុសិស្ស ។ បន្តយកចិត្តទុកដាក់គាំ ទ្រសុខភាពផ្លូវចិត្ត និង ផ្លូវកាយសិស្សានុសិស្ស ដែលទទួលរងផលប៉ះពាល់ដោយផ្ទាល់ ឬ ប្រយោល ដោយសារជំងឺកូវីដ-១៩ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីមានសុទិដ្ឋិនិយមចំពោះសមិទ្ធផលអង្គសន្និបាតនិងអនុសាសន៍សំខាន់ៗដែលសម្តេចបានលើកឡើងនឹងក្លាយជាមូល ដ្ឋាន និង ជាធាតុចូល ប្រកបដោយតម្លាភាព និង ប្រសិទ្ធភាព សម្រាប់អនុវត្តក្មុងវិស័យអប់រំកម្ពុជានៅឆ្នាំសិក្សាថ្មី និង ឆ្នាំសិក្សាបន្តបន្ទាប់ ៕