ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោក ស សុខា ប្រធាន​គណៈប្រតិភូ​ក្រសួង​អប់រំ យុវជន និង​កីឡា នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​រសៀល​ថ្ងៃទី​២៧ ខែមេសា នេះ បាន​ដឹកនាំ​ប្រតិភូ បំពេញ​ទស្សនកិច្ច នៅ​សាកលវិទ្យាល័យ​កីឡា​ជាតិ​កូរ៉េ (Korea National Sport University) ក្នុងនោះ ប្រតិភូ​បាន ទៅពិនិត្យ​មើល​ការហ្វឹកហាត់​របស់​កីឡាករ និង​កីឡាការិនី​កម្ពុជា ទាំង ៤ ប្រភេទ​កីឡា ដែល​បាននិងកំពុង​ហ្វឹកហាត់ នៅ​សាកលវិទ្យាល័យ​កីឡា​ជាតិ​កូរ៉េ​នេះ និង​បាន​បន្ត​ទស្សនា តាម​បន្ទប់​សិក្សា និង​ទីលាន​ហ្វឹកហាត់ ផងដែរ​។

​លោក ស សុខា បានបញ្ជាក់​ថាៈ កីឡាករ កីឡាការិនី​កម្ពុជា ចំនួន ២០ រូប ត្រូវបាន​ក្រសួង​អប់រំ យុវជន និង​កីឡា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចាត់​បញ្ជូន​ឲ្យ​ទៅ​ហ្វឹកហាត់ នៅ​សាកលវិទ្យាល័យ កីឡា​ជាតិ​កូរ៉េ សាធារណរដ្ឋ​កូរ៉េ រយៈពេល ១​ខែ ចាប់ពី​ថ្ងៃទី​៩ ខែមេសា ដល់​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២២ ដើម្បី​បង្កើន​នូវ​សមត្ថភាព បច្ចេកទេស និង​គុណ​ផល សម្រាប់​ត្រៀមលក្ខណៈ ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម នាពេលខាងមុខ និង​ចូលរួម​ការប្រកួត​លក្ខ​ណៈ​អន្តរជាតិ​នានា​៕/V​