ដោយ​: ​រ៉ា​ម៉ន​/​ភ្នំពេញ​: លោក ឃួ​ង ស្រេង សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជា​ជា​ជនកម្ពុជា​, ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជា​ជា​ជនកម្ពុជា​រាជធានី​ភ្នំពេញ និង​ជា​អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២២​នេះ បានទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋធានី​ហាណូយ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដឹកនាំ​ដោយ លោក ឌិ​ញ ទៀន ហ្ស៊​ង ( DINH TIEN DUNG) សមាជិក ការិយាល័យ​នយោបាយ នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម លេខា​គណៈកម្មាធិការ​ប​ក្ស​រដ្ឋធានី​ហាណូយ ខណៈដែល​ប្រតិភូ​នេះ បាន​អញ្ជើញ​មក​បំពេញ ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​កិច្ចប្រជុំ​ពិភាក្សា​ការងារ​នៅពេលនេះ​គឺមាន​គោលបំណង​ដើម្បី​បង្ហាញ​អំពី​កិច្ចសហប្រតិបត្តិការ​កា​រងារ​រវាង​ទីក្រុង​ទាំងពីរ ដែល​បាន​ចងសម្ព័ន្ធ​មេត្រីភាព​នៃ​ទីក្រុង​ទាំង​២ រយៈពេល​១៨​ឆ្នាំកន្លងមក ដែលមាន​គ្រប់​វិស័យ​ពិសេស ការវិនិយោគ ពាណិជ្ជកម្ម​ទេសចរណ៍ វប្បធម៌ អប់រំ​ជាដើម​។

លោក ឃួ​ង ស្រេង បានលើកឡើង​ពី​ស្ថានភាព​របស់​រាជធានី​ភ្នំពេញ ដែល​កំពុងតែ​មានការ​អភិវឌ្ឍន៍​រីកចំរើន​យ៉ាងខ្លាំង​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយ​លោក​បញ្ជាក់ថា នៅ​ភ្នំពេញ មាន​ខណ្ឌ​ចំនួន​១៤ សង្កាត់​ចំនួន​១០៥ មាន​ប្រជាពលរដ្ឋ​រស់នៅ​ប្រមាណ​៣​លាន​នាក់ ក្នុងនោះ​មាន​ប្រជាពលរដ្ឋ​រស់នៅ​អចិន្ត្រៃយ៍​ចំនួន​២,២​លាន​នាក់ ។ លោក​បញ្ជាក់ថា រាជធានី​ភ្នំពេញ​គិត​មកដល់ពេលនេះ មាន​អគារ​ខ្ពស់ៗ​ជាច្រើន​អគារ ដែល​ក្នុងនោះ​រួមមាន​អគារ​ចាប់ពី​៥​ជាន់​ដល់​៩​ជាន់​មាន​ចំនួន​៧២៦​អគារ កំពស់​ចាប់ពី​១០​ជាន់​ដល់​១៩​ជាន់​មាន​ចំនួន​៤៥២​អគារ​, ចាប់ពី​២០​ជាន់​ដល់​២៩​ជាន់​មាន​ចំនួន​១២០​អគារ​, ចាប់ពី​៣០​ដល់​៣៩​មាន​ចំនួន​៦៥​អគារ​និង​ចាប់ពី​៤០​ជាន់​ឡើងទៅ​មាន​ចំនួន​៤០​អគារ​។​


លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍​បន្តថា សូម​រក្សា​សន្តិភាព​អោយបាន​គង់រ​ង្ស ដើម្បី​ជំរុញ​សេដ្ឋកិច្ច និង​បន្ត​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​។​
ចំណែក​លោក​ឌិ​ញ ទៀន ហ្ស៊​ង ក្នុងឱកាស​នោះ ក៏បាន​លើកឡើង​ដែរ​ថា សម្រាប់​លោក​ពិតជា​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់ គណៈ​អភិបាល​និង​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ចំពោះ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋធានី​ហាណូយ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដែល​បាន​ដឹកនាំ​ដោយ​លោក​ផ្ទាល់​។ លោក​បន្តថា គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋធានី​ហាណូយ មក​ពេលនេះ គឺ​ស្រប​ពេលដែល​វៀតណាម​និង​កម្ពុជា​​គម្រប់​ខួប​អនុស្សាវរីយ៍​លើក​ទី​៥៥​នៃ​ទំនាក់​ទំ​នង់​ការទូត​ជាមួយគ្នា និង​ស្រប​ពេលដែល​កម្ពុជា​កំពុង​រៀបចំ​ការបោះឆ្នោត​ក្រុមប្រឹក្សា ឃុំ សង្កាត់ ។

លោក​បន្តថា ការស្វាគមន៍​យ៉ាង​កក់ក្តៅ​របស់​គណៈ​អភិបាល​និង​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ចំពោះ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋធានី​ហាណូយ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​នាពេលនេះ គឺ​ពិតជា​បង្ហាញអោយឃើញ​ពី​ចំណងមិត្តភាព​ដ៏​យូ​អង្វែង​របស់​កម្ពុជា​និង​រៀ​ត​ណា​ម ដែលជា​អ្នកជិតខាង​ដ៏​ល្អ​៕​