ដោយៈ​សុផល​/​ភ្នំពេញ​៖​នៅក្នុង​សន្និសីទ​សារព័ត៌មាន​បកស្រាយ​ជុំវិញ​បញ្ហា​សង្គ្រាម​របស់​រុស្ស៊ី​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​តាម​ប្រព័ន្ធ​Zoom​កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែមេសា លោក Rafael IANGAREEV​តំណាង​ស្ថានទូត​រុស្ស៊ី​ប្រចាំ​នៅ​កម្ពុជា បាន​និយាយថា ការធ្វើ​ប្រតិបត្តិការ​យោធា​ពិសេស​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ជា​រឿង​ចាំបាច់​បើទោះបី​ប្រទេស​ជាច្រើន​ក្នុង ពិភពលោក​រួមទាំង​ក​ម្ពុ​ជា​ផង​បាន​រួមគ្នា​បោះឆ្នោត​ប្រឆាំង​ក៏ដោយ​។ ប៉ុន្តែ ស្ថានទូត​រុស្ស៊ី ក៏បាន​គូស​បញ្ជាក់ដែរថា ការប្រឆាំង​របស់​កម្ពុ​ជា​នេះ មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​រុស្ស៊ី ឡើយ​។​

​លោក Rafael IANGAREEV បាន​អះអាងថា​៖​រុស្ស៊ី​គោរព​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា​ក្នុងការ​សម្រេចចិត្ត​បោះឆ្នោត មិន​គាំទ្រ​ការធ្វើ​ប្រតិបត្តិការ​យោធា​ពិសេស​របស់​រុស្ស៊ី​នៅក្នុង ប្រទេស​អ៊ុយ​ក្រែ​ន​។ បើទោះបី​កម្ពុជា​ធ្វើបែបនេះ​ក៏ដោយ ក៏​វា​មិន​ប៉ះពាល់​ដល់​ទំនាក់ទំនង​ទេ្វ​ភាគី​រវាង​កម្ពុជា និង​ប្រទេស​រុស្ស៊ី​ដែរ ពោល គឺ​កម្ពុជា និង​រុស្ស៊ី នៅតែ​ជា​មិត្ត​នឹង​គ្នា​ដដែល ព្រោះ​ប្រទេស​ទាំងពីរ​មាន​ទំនាក់ទំនង​ជាមួយគ្នា​ជា​យូរ​មកហើយ​។​

​ការលើកឡើង​របស់​ស្ថានទូត​រុស្ស៊ី​នេះ​គឺជា​ការឆ្លើយតប​ទៅកាន់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​បោះឆ្នោត​ប្រឆាំងនឹង​ការធ្វើ​សង្គ្រាម​របស់​រុស្ស៊ី​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​នៅ​អង្គការសហប្រជាជាតិ​ជាមួយ​ប្រទេស​ប្រមាណ​ជាង​១៤០​ទៀត​កាលពី​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០២២​។ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ធ្លាប់បាន​បញ្ជាក់ថា ការបោះឆ្នោត​នេះ គឺជា​រឿង​ចាំបាច់ ព្រោះ​កម្ពុជា មិន​គាំទ្រ​ឡើយ​ដែល​ប្រទេសមួយ​លើកទ័ព​ទៅ​ឈ្លា​ន ពាន​ប្រទេស​មួយទៀត​បែបនេះ​។ ជាមួយនឹង​ការលើកឡើង​នេះ សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានបង្ហាញ​ការរំពឹង​ថា រុស្ស៊ី នឹង​យោគយល់​ដល់​កម្ពុជា​ចំពោះ​បញ្ហា​នេះ​៕​srn