ដោយៈ​សុផល​/ភ្នំពេញ​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កំពុង​សិក្សា​លទ្ធភាព​កែលម្អ ប្រព័ន្ធ​ផ្លូវដែក ដែលមាន​ស្រាប់​នៅ​កម្ពុជា ឱ្យ​ក្លាយជា​ផ្លូវដែក​ល្បឿន​លឿន​។ ផ្លូវដែក កំពុង​សិក្សា​នោះ ចាប់ពី​ភ្នំពេញ​-​ប៉ោយប៉ែត​(​ខេត្តបន្ទាយមានជ័យ​) និង​ភ្នំពេញ​-​ព្រះសីហនុ​។​ការធ្វើ​ទំនើបកម្ម​ផ្លូវដែក​ល្បឿន​លឿន​នៅ​កម្ពុជា​នេះ​គឺ សម្រាប់​គាំទ្រ​បន្ថែម ដល់​វិស័យ​ភ​ស្ភុ​ភារ​កម្ម​(Logistics) ។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​ថ្លែង​ដូច្នេះ​ប្រាប់​អ្នក​សារពត៌មាន​ក្នុងពេលដែល​លោក​បាន​ដឹកនាំ​យុវជន និង​និស្សិត​វិទ្យាស្ថាន​តេ​ជោ​សែន​សាធារណការ​និង​ដឹកជញ្ជូន​ទស្សនកិច្ច​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ កាលពី​ថ្ងៃទី​២៧​ខែមេសា​។​

​ការសិក្សា​នេះ គឺធ្វើឡើង​បន្ទាប់ពី​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ណែនាំ​ឱ្យ​លោក ស៊ុន ចាន់ថុល ស្វែងរក​ដៃគូ​សហការ មក​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​ចាស់​ឱ្យទៅជា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន ដើម្បី​បម្រើការ​ដឹកជញ្ជូន​ក្នុងប្រទេស​ផង ក៏ដូចជា​ត​ភ្ជាប់​ជាមួយ​ប្រទេសជិតខាង​ផង​។​

​បើតាម​លោក​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​រូបនេះ ការពិនិត្យ​លទ្ធភាព​ធ្វើ​ទំនើបកម្ម​ផ្លូវដែក​ល្បឿន​លឿន​នេះ ស្របពេល​កម្ពុជា​និង​ប្រទេស​ថៃ កំពុង​សិក្សា​លើ​គម្រោង​សាងសង់​រចនាសម្ព័ន្ធ​ឆ្លងកាត់​ព្រំដែន និង​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ ស្ទឹង​បត់​-​បាន​ណង​អៀន ដើម្បី​ជួយ​សម្រួល​ដល់​ការកកស្ទះ នៅ​ច្រកទ្វារព្រំដែន​ប៉ោយប៉ែត​-​អារញ្ញ​ប្រាថេត​។ ប្រទេស​ថៃ​តាមរយៈ​គម្រោង​ទាំងពីរ​នេះ ក៏​ផ្តល់ជំនួយ​ដែក​រ៉ៃ ដែល​ប្រើ​រួច​ប្រវែង​១៤០​គីឡូម៉ែត្រ រួមទាំង​កំណល់ និង​ក្រចាប់ ដែលជា​ប្រយោជន៍​សម្រាប់​ប្រើប្រាស់ នៅក្នុង​វិស័យ​ផ្លូវដែក​នៅ​កម្ពុជា​ផងដែរ​៕​សរន