ដោយៈ​សុផល​/​ព្រះសីហនុ​៖ លោក​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូនកាលពីថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២២​បាន​អញ្ជើញ​ដឹកនាំ​យុវជន​ក្រសួង និង​និស្សិត​នៃ​វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន​ប្រមាណ​៣០០​នាក់​ចូលធ្វើ​ទស្សនកិច្ច​សិក្សា ស្វែងយល់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និង​រោងចក្រ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ​ថ្នាក់ដឹកនាំ​ក្រសួង យុវជន​ក្រសួង និង​និស្សិត​នៃ​វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន​។​

​ថ្លែង​ក្នុង​កម្មវិធី​សំណេះសំណាល​ជាមួយ​យុវជន​ក្រសួង និង​និស្សិត​វិទ្យាស្ថាន​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បានលើកឡើង​អំពី​គម្រោង​អភិវឌ្ឍន៍​កំពង់ផែ​ជាច្រើន​បន្ថែមទៀត​ដើម្បី​កាត់បន្ថយ​ចំណាយ​លើ​ការដឹកជញ្ជូន បង្កើន​ប្រសិទ្ធភាព​នៃ​ការប្រកួតប្រជែង​ឱ្យ​កាន់​ប្រសើរឡើង និង​គម្រោង​ប្រព័ន្ធ​ផ្លាស់ប្ដូរ​ទិន្នន័យ​អេ​ឡិច​ត្រូ​និ​ច​នៅ​កំពង់ផែ (Port EDI) ក្នុងការ​ចូលរួមចំណែក​ពង្រឹង​ការគ្រប់គ្រង​ការប្រមូល​ចំណូល​ជាតិ​ប្រកបដោយ​តម្លាភាព​និង​ប្រសិទ្ធភាព ជួយ​ព​ន្លឿ​ន​នីតិវិធី​ចេញ​-​ចូល​នាវា នៅតាម​កំពង់ផែ និង​កាត់បន្ថយ​ថ្លៃដើម​ដឹកជញ្ជូន​ទំនិញ​តាមផ្លូវ​សមុទ្រ​ផងដែរ​។​

​ឆ្លើយតប​ទៅនឹង​សំណូមពរ​របស់​និស្សិត​ស្នើសុំ​ឱ្យមាន​កម្មសិក្សា​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ដោយផ្ទាល់ lok​ទេសរដ្ឋមន្ត្រី​បាន​ឆ្លើយតប​ថា​៖ ក្រសួង​នឹង​ជ្រើសរើស​និស្សិត​ឆ្នើម​ចំនួន​៥​នាក់ មក​ធ្វើការ​សម្រាប់​រយៈពេល​ពី​ពីរ​ទៅ​បី​ខែ នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​នៅពេល​វិស្សមកាល​ដើម្បី​ធ្វើ​កម្មសិក្សា ក៏ដូចជា​ស្វែងយល់​អំពី​កំពង់ផែ​នេះ​ផងដែរ​។​

​បន្ថែម​ពីលើ​នេះ លោក​ទេសរដ្ឋមន្ត្រី បាន​បន្ថែមថា​៖ ក្រសួង​នឹង​ស្នើ​សុំឱ្យ​កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ និង​វិស័យ​ឯកជន​ពិនិត្យ​លទ្ធភាព​យក​និស្សិត​វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន​ទៅធ្វើ​ការសិក្សា​អំពី​ការងារ​ក្នុង​វិស័យ​ឯកជន​ក្នុង​រយៈពេល​វិស្សមកាល​របស់ខ្លួន ដើម្បី​ទទួលបាន​ចំណេះដឹង​ទាក់ទង​នឹង​ការងារ​វិស័យ​ឯកជន និង​ឈានទៅ​ធ្វើការ​សម្រេចចិត្ត​ជ្រើសរើស​វិស័យ​ណាមួយ​ក្នុង​ការចូលរួម​បម្រើ​ប្រទេសជាតិ​មាតុភូមិ​របស់ខ្លួន​។

​ឆ្លៀត​ក្នុងឱកាស​នោះដែរ លោក​ទេសរដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​កត្តា​សុខសន្តិភាព​ដែល​អនុញ្ញាតឱ្យ​រាជរដ្ឋាភិបាល​ទាក់ទាញ​ទេសចរណ៍​រាប់លាន​នាក់​មកលេង​កម្ពុជា និង​ធ្វើឱ្យ​កំពង់ផែ​ក្រុងព្រះសីហនុ​មាន​នាវា​ធំៗ​ចូល​ចត មានឱកាស​នាំយក​ផលិតផល​ទៅ​លក់​នៅ​បរទេស ជំរុញ​ឱ្យ​ពាណិជ្ជកម្ម​មានការ​រីក​ចម្រើន មានការ​ងារ​ធ្វើ មានឱកាស​កសាង​ស្ពាន សាលារៀន មន្ទីរពេទ្យ វត្ត​អារាម ព្រលានយន្តហោះ និង​កំពង់ផែ​ជាដើម​។

​លោក​ទេសរដ្ឋមន្ត្រី បាន​ចោទសួរ និង​ឆ្លើយ​អំពី​មូលហេតុ​ដែលនាំឱ្យ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ត្រូវ​ពង្រីក​បន្ថែម គឺ​ដោយសារ​មាន​កប៉ាល់​ចូល​ច្រើន ហេតុផល​នាំឱ្យមាន​កប៉ាល់​ចូល​ច្រើន គឺ​ដោយសារ​ទំនិញ​ដឹក​ចេញ​ដឹក​ចូល​ច្រើន ហេតុផល​នាំឱ្យមាន​ទំនិញ​ដឹក​ចេញចូល​ច្រើន គឺ​ដោយសារ​សេដ្ឋកិច្ច​មានការ​រីកចម្រើន និង​ជា​ចុងក្រោយ​បាន​សួរថា​៖​ហេតុដូចម្ដេច​បានជា​សេដ្ឋកិច្ច​មានការ​រីកចម្រើន​ចម្លើយ​គឺ​ដោយសារ​សុខសន្តិភាព​។​ដូច្នេះ​សុខសន្តិភាព​គឺជា​កត្តា​កំណត់​មិនអាច​ខ្វះ​បាន​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ឱ្យមាន​ការរីកចម្រើន​សំដៅ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។​

​ជាមួយគ្នា​នោះដែរ លោក​ទេសរដ្ឋមន្ត្រី បាន​រំលឹក​ឡើងវិញ​អំពី​ការទទួល​ស្វាគមន៍​នាវា​ទេសចរណ៍​Westerdam ដែល​ត្រូវបាន​បដិសេធ​ការចូល​ចត​ពី​បណ្ដា​ប្រទេស​មួយចំនួន​ដោយសារ​ភ័យខ្លាច​ករណី​ជំងឺ​កូ​វីដ​-១៩ ក្នុង​គោលបំណង​មនុស្សធម៌ ទឹកចិត្ត​សន្តោស​ប្រណី មិន​រើសអើង​ពូជសាសន៍ ជួយ​គ្នា​ក្នុង​គ្រា​មាន​អាសន្ន និង​ផ្ដល់​ក្តី​ស្រឡាញ់​ជំនឿ​ទុកចិត្ត​ភាពកក់ក្តៅ​ដល់​អ្នកធ្វើដំណើរ​លើ​នាវា ដែល​រួមមាន​មនុស្ស​ចាស់​ស្ត្រី និង​កូនក្មេង​ផងដែរ​៕​សរន