ដោយ​៖ ទូច វ​ណ្ណេ​ត បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​ខេត្តកំពង់ចាម​/ភ្នំពេញ៖​ខ្ញុំ​ឈ្មោះ កាត ច្រឹ​ក ភេទ​ប្រុស អាយុ​៧៦​ឆ្នាំ គឺជា​កសិករ​រស់នៅ​ភូមិ​ព្រែក​ដំបូក​លើ ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។ ខ្ញុំ​រៀបការ​ប្រពន្ធ​ឈ្មោះ ប៉ អូន មានកូន​ប្រុស​ស្រី​ទាំងអស់​ចំនួន​៦​នាក់​។ ខ្ញុំ​មាន​ឪពុក​ឈ្មោះ កាត ទុយ និង​ម្ដាយ​ឈ្មោះ ហុក យន់​។ ខ្ញុំ​គឺជា​កូនច្បង​ក្នុងចំណោម​បងប្អូន​ទាំងអស់​ចំនួន​៨​នាក់​។ នៅ​វ័យ​កុមារ ខ្ញុំ​រៀន​នៅ​សាលាបឋមសិក្សា​ព្រែក​ដំបូក ដល់ ថ្នាក់​ទី​៩​ចាស់​។ ក្រោយមក ខ្ញុំ​ឈប់រៀន​ដើម្បី​ជួយ​ធ្វើ​ការងារ​ស្រែចម្ការ និង​ការងារ​ផ្ទះ ព្រោះ​គ្រួសារ​មាន​ជីវភាព​ក្រីក្រ។


កាត ច្រឹ​ក ភេទ​ប្រុស អាយុ​៧៦​ឆ្នាំ គឺជា​កសិករ​រស់នៅ​ភូមិ​ព្រែក​ដំបូក​លើ ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​(រូបថតមជ្ឈមណ្ឌលឯកសារកម្ពុជា)

​នៅ​ដើមឆ្នាំ​១៩៧០ អ្នកភូមិ​របស់ខ្ញុំ​ចូលរួម​ដង្ហែ​បាតុកម្ម​ប្រឆាំង​រដ្ឋប្រហារ លន់ នល់​។ នៅក្នុង​កាលៈទេសៈ​ពេលនោះ មាន​ភាពវឹកវរ​នៅក្នុង​ភូមិ​។ នៅពេល​នោះដែរ កងទ័ព​រំដោះ​ខ្មែរក្រហម​ចូលមក​ដល់ ចំណែកឯ​មន្ត្រី​រដ្ឋការ រួមទាំង​គ្រូបង្រៀន រត់​ទៅ​ប្រមូល​ផ្ដុំគ្នា និង​រស់នៅ​នៅ​សាលាស្រុក​ស្រី​សន្ធរ ដើម្បី​ទប់ទល់​ជាមួយ​កងទ័ព​រំដោះ​ខ្មែរក្រហម​។ បន្ទាប់ពី មានការ​ប្រយុទ្ធ​គ្នា​មក មន្ត្រី​រដ្ឋការ លន់ នល់ រត់​ភៀសខ្លួន​ចេញពី​ស្រុក​ស្រី​សន្ធរ​ទៅ​ក្រុង​កំពង់ចាម​។

កងទ័ព​រំដោះ​ខ្មែរក្រហម ចូលក្នុង​សាលាស្រុក​ស្រី​សន្ធរ និង​ប្រមូល​ឯកសារ​ផ្សេងៗ​យកមក​បំផ្លាញចោល​ទាំងអស់ និង​បាន​គ្រប់គ្រង​សាលាស្រុក​ទាំងស្រុង​។ នៅពេលនោះ មាន​កងទ័ព​ខ្មែរក្រហម​ប្រហែល​ជាង​១០​នាក់​តែប៉ុណ្ណោះ​។ នៅ​ចុងឆ្នាំ​១៩៧០ កង​រំដោះ​ខ្មែរក្រហម​ជាច្រើន​ត្រូវបាន​បញ្ជូនមក​ឈរជើង​នៅ​ភូមិ​និង​ស្រុក​រយៈពេល​៧​ថ្ងៃ ដើម្បី​ត្រៀម​បន្តដំណើរ​ចេញទៅ​សមរភូមិ​មុខ​។ នៅ​ឆ្នាំ​១៩៧២ ខ្ញុំ​នឹង​គ្រួសារ​បន្ដការងារ​ធ្វើស្រែ​ចម្ការ និង​ដាំ​ដុះ​ដំណាំ​នៅក្នុង​ភូមិ​ធម្មតា​។ នៅ​ចុងឆ្នាំ​១៩៧៣ ខ្មែរក្រហម​បង្កើត​សហករណ៍​រួម ដឹកនាំ​ដោយ​ប្រធាន​សហករណ៍ ឈ្មោះ​មិត្ត ឌុល​។ នៅ​ឆ្នាំ​១៩៧៤ ខ្ញុំ​ត្រូវបាន​បញ្ជូន​ឲ្យ​ទៅគ្រប់​គ្រង​គោ​នៅក្នុង​កង​ដឹកជញ្ជូន​។ ក្រៅពីនោះ​ខ្ញុំ​ធ្វើ​ការងារ​ភ្ជួរ​រាស់​នៅតាម​ការដ្ឋាន និង​នៅក្នុង​ភូមិ​។ ទោះបីយ៉ាងណា​នៅពេលនោះ ការហូបចុក​គឺ​មិន​គ្រប់គ្រាន់​ឡើយ​។​

នៅ​ឆ្នាំ​១៩៧៥ ខ្ញុំ​ត្រូវបានចាត់តាំង​ឲ្យ​ធ្វើជា​ប្រធាន​ក្រុម​ភ្ជួរស្រែ​នៅ​កងចល័ត​ព្រែក​ពោធិ៍ ដែលជា​កងចល័ត​ពិសេស​។ ខ្ញុំ​ត្រូវ​ធ្វើការ​ចាប់ពី​ម៉ោង​៦​ព្រឹក​រហូតដល់​ម៉ោង​១២​ថ្ងៃត្រង់ និង​ចាប់​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច​។ កងចល័ត​ពិសេស បែងចែក​ទៅជា​៩​ក្រុម​តូច ដោយ​ក្នុង​ក្រុម​នីមួយៗ​មាន​៣០​គ្រួសារ​ដែល​សុទ្ធសឹងតែ​ជា​ប្រជាជន​នៅក្នុង​ឃុំ​ព្រែក​ដំបូក​។​

​នៅ​ឆ្នាំ​១៩៧៦ ខ្ញុំ​ត្រូវបាន​ផ្លាស់​ទៅ​ដាំ​ដុះ​បន្លែ​នៅក្នុង​ភូមិ​វិញ​។ ការដាំ​ដំណាំ​បន្លែ​នៅពេលនោះ​គឺ​ទទួលបាន​ទិន្នផល​ច្រើនណាស់ រហូតដល់​ខ្មែរក្រហម​ដឹកជញ្ជូន​បន្លែ​ចេញពី​ភូមិ​របស់ខ្ញុំ​ទៅកាន់​រាជធានី​ភ្នំពេញ​ទៀតផង​។ បន្លែ​នៅ​សេសសល់​ត្រូវបាន​ចាត់ចែង​ទុកដាក់​នៅក្នុង​ភូមិ​។ ទោះបីយ៉ាងណា​ក៏ដោយ មិនមាន​របប​អាហារ​ហូបចុក​គ្រប់គ្រាន់​ទេ​។ បន្ទាប់មកទៀត ខ្ញុំ​ត្រូវបានចាត់តាំង​ឲ្យ​ទៅរក​សម្បកឈើ​សម្រាប់​ផ្សំ​ធ្វើជា​ថ្នាំ​ព្យាបាល​ជំងឺ​ប្រជាជន​នៅក្នុង​មូលដ្ឋាន​។ ខ្ញុំ និង​សម​មិត្ត​ប្រហែល​៣០​នាក់​ទៀត​ជិះ​កង់​ម្នាក់​មួយគ្រឿង​ចេញដំណើរ​ពី​ស្រុក​ស្រី​សន្ធរ​ទៅ​ស្រុក​មេមត់​ដើម្បី​រក​សម្បកឈើ​ថ្នាំ​ជា​រៀងរាល់ខែ​។ ខ្ញុំ​ត្រូវ​ចំណាយ​រយៈពេល​ចំនួន​៣​ថ្ងៃ​នៅ​អំឡុងពេល​ធ្វើដំណើរ​។ នៅ​ពាក់កណ្ដាល​ឆ្នាំ​១៩៧៦ ខ្ញុំ​ឃើញ​មានការ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​ខ្មែរក្រហម និង​កងទ័ព​វៀតណាម​នៅតាម​ព្រំដែន​។ ខ្ញុំ​ឃើញ​ប្រជាជន​រត់​ភៀសខ្លួន​ពី​គ្រាប់ផ្លោង​មក​រស់នៅ​ផ្សារ​ស្ទឹង​។​

​នៅ​ឆ្នាំ​១៩៧៧ ខ្ញុំ​ត្រូវបញ្ជូន​ទៅរក​សម្បកឈើ​ផ្សំ​ថ្នាំ​ដដែល​។ ក្រោយមក ខ្មែរក្រហម​ចាប់ផ្តើម​ស៊ើប​ប្រវត្តិរូប​របស់​អ្នកភូមិ ចំណែក​ការងារ​កាប់​សម្បកឈើ​ផ្សំ​ថ្នាំ​របស់ខ្ញុំ​ក៏ត្រូវ​បាន​ផ្អាក​ដែរ​ពីព្រោះ​មាន​ភាពច្របូកច្របល់ ដោយមាន​ការចាប់​អ្នកមូលដ្ឋាន​ចាស់​ជាច្រើន​នាក់​យកទៅ​សម្លាប់ចោល​។ នៅ​អំឡុង​ឆ្នាំ​១៩៧៨ ខ្ញុំ​បន្តធ្វើ​ស្រែចម្ការ​នៅក្នុង​ភូមិ​ដដែល និង​ក្រោយមក​ទទួលបាន​ការចាត់​តាំង​មុខងារ​បន្ថែម​គឺជា​អ្នក​ដឹកជញ្ជូន​អ្នកភូមិ​ជម្លៀស​ទៅកាន់​ខេត្តបាត់ដំបង​។ លើក​ទី​១ ខ្ញុំ​ដឹកជញ្ជូន​អ្នកភូមិ​ពី​ភូមិ​តាម​រទេះគោ​ទៅ​កំពង់ចម្លង​។ លើក​ទី​២ គឺ​នៅ​ចុងឆ្នាំ​១៩៧៨ មានការ​រារាំង​មិន​ឲ្យ​ដឹកជញ្ជូន​អ្នកភូមិ​ទៀត​ទេ​។​
​ខ្ញុំ​បាន​វិលត្រឡប់​មក​ភូមិ​វិញ និង​បន្ត​រស់នៅ​ផ្ទះ​រហូតដល់​កងទ័ព​វៀតណាម​ចូលមក​ដល់​នៅ​ដើមឆ្នាំ​១៩៧៩​។ ខ្ញុំ និង​គ្រួសារ​រួច​ផុតពី​ភាពអត់ឃ្លាន និង​ការកាប់សម្លាប់​នៅក្នុង​របប​ខ្មែរក្រហម​។ ខ្ញុំ​ប្រកបរ​បរជា​អ្នកស្រែ​ចម្ការ​នៅ​ភូមិ​រហូតដល់​ពេលបច្ចុប្បន្ន​៕សរន