ដោយ: សុខុម / រតនគិរី: ជនជាតិព្រៅម្នាក់ ត្រូវពស់ចឹក រងរបួសជាទម្ងន់ ក្រោយមកបានស្លាប់ បន្ទាប់ពីមិនបានបញ្ជូនទៅមន្ទីរពេទ្យទេ គឺបែរជាទៅព្យាបាលជាមួយនឹងគ្រូថ្នាំបុរាណ នៅស្រុកតាវែង ខេត្តរតនគិរី។
តាមប្រភពព័ត៌មាន ពីខេត្តរតនគិរី បានប្រាប់ឱ្យដឹងថា: កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ស្ត្រីឈ្មោះ ឡេវ សាដន អាយុ ៣៣ ឆ្នាំ ជនជាតិព្រៅ មានទីលំនៅ ភូមិខ្មែង ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី ត្រូវពស់ចឹក ខណៈពេលគាត់ ដើររើសគ្រាប់ផ្លែស្វាយចន្ទី នៅក្នុងចំការដោយមិនបានប្រយ័ត្ន ក៏ត្រូវពស់ពឹសពភ្លាក់ ចឹកចំខាងលើកំភួនជើង ខាងស្ដាំ ហើយពស់ដែលចឹកនោះ ក៏ត្រូវបានគេវាយងាប់ផងដែរ។
បន្ទាប់ពីមានករណីនេះ កើតឡើង ឈ្មោះ ឌី ប៊ុនថាត់ ត្រូវជាប្អូនថ្លៃ ឡេវ សាដន ដែលបំរើការងារ ក្នុងមណ្ឌលសុខភាពឃុំប៉ូយ ស្រុកអូរជុំ បានប្រាប់ឲ្យទៅព្យាបាល នៅមន្ទីរពេទ្យខេត្តបន្ត។
ប្រភពបានឱ្យដឹងទៀតថា: គ្រួសារស្ត្រីនេះ មានកូនបីនាក់ គឺប្រុសទាំងអស់។ ពេលបញ្ជូនទៅព្យាបាលមិនបានចូល ទៅមន្ទីរពេទ្យទេ គឺស្ដាប់តាមម្ដាយរបស់ស្ត្រីពស់ចឹកនោះ បែរជានាំគ្នាទៅរកគ្រូថ្នាំបុរាណ ដើម្បីព្យាបាល នៅស្រុកតាវែង ទៅវិញ។
លុះមកដល់វេលាថ្ងៃត្រង់ ថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០២២ នេះទើបមានដំណឹងថា ស្ត្រីដែលត្រូវពស់ចឹកកាលពីថ្ងៃទី ២៧ មេសានោះ បានបាត់បង់ជីវិត បាត់ទៅហើយ៕/V