ដោយ៖ ដេប៉ូ / កោះកុង៖ ក្រុមការងារនៃគម្រោង CSLEP កំពុងធ្វើការសិក្សាប្រមូលព័ត៌មាន និងកំណត់ទីតាំងតំបន់អភិរក្ស បេតិកភណ្ឌវប្បធម៌-ធម្មជាតិ របស់ជនជាតិដើមភាគតិច ” ជង ” រស់នៅក្នុងតំបន់ឧទ្យានជាតិ ជួរភ្នំក្រវាញ កណ្ដាល ស្រុកថ្មបាំង ខេត្តកោះកុង។

ការបញ្ជាក់ឱ្យដឹងបែបនេះ ធ្វើឡើង បន្ទាប់ក្រុមការងារ សុវត្ថិភាពសង្គម និងជនជាតិដើមភាគតិច នៃគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) សហការជាមួយ នាយកដ្ឋាន តំបន់បេតិកភណ្ឌ នៃអគ្គនាយកដ្ឋាន សហគមន៍មូលដ្ឋាន បានរៀបចំកិច្ចប្រជុំ ពិគ្រោះយោបល់ ប្រមូលទិន្នន័យ កំណត់ទីតាំង និងផលិតផែនទី ទីតាំងតំបន់អភិរក្សបេតិកភណ្ឌ វប្បធម៌ -ធម្មជាតិ របស់ជនជាតិដើមភាគតិច ” ជង ” ពីថ្ងៃទី២៥ ដល់ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២២ ។

ក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីតំណាង នាយកដ្ឋានអភិរក្សតំបន់ដីគោក ខាងត្បូងបឹង ទន្លសាប នាយកដ្ឋានសេវាកម្មព័ត៌មានភូមិសាស្ត្រ នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មាន បរិស្ថាន តំណាងមន្ទីរបរិស្ថាន ខេត្តកោះកុង មន្ត្រីឧទ្យានុរក្ស នៃឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ក្រុមប្រឹក្សាឃុំថ្មដូនពៅ និងជនជាតិដើម ភាគតិចជង នៅភូមិព្រែកស្វាយ និងភូមិកោះ សរុបមាន ចំនួនប្រមាណ ៤០ នាក់។

លទ្ធផលនៃកិច្ចប្រជុំ ក្រុមការងារ បានកំណត់ទីតាំង តំបន់បេតិកភណ្ឌវប្បធម៌-ធម្មជាតិ នៅក្នុងឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង ដែលក្នុងនោះ រួមមាន តំបន់ព្រៃអារក្ស ចំនួនបី ទីតាំង ដែលមានឈ្មោះ ព្រៃអារក្សអន្លង់សំរាំ (ជាភាសាជនជាតិ មានន័យថា អន្លង់ត្រី) ព្រៃអារក្សកោះអ្នកតា និងព្រៃអារក្សអ្នកតាព្រះចៅ មានទំហំសរុប ប្រមាណ ៣០៣ ហ.ត និងទីតាំងដីព្រៃកប់ខ្មោច ដែលមាន ពីរ ទីតាំង មានទំហំសរុបប្រមាណ ៤ ហិកតា។

បច្ចុប្បន្ន កម្ពុជា មានតំបន់ការពារធម្មជាតិ ចំនួនច្រើនជាង ៦៩ កន្លែង ចែកចេញជា ៨ ប្រភេទ និង ចំនួនរបៀង អភិរក្សជីវៈចម្រុះ ចំនួន ៣ តំបន់ គ្របដណ្ដប់លើផ្ទៃដីប្រមាណជា ៧,៥ លាន ហិកតា (៤១% នៃផ្ទៃដីប្រទេស) ស្ថិតនៅក្រោមដែនយុត្ថាធិការរបស់ ក្រសួងបរិស្ថាន ដែលមាន អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ និងអគ្គនាយកដ្ឋាន សហគមន៍មូលដ្ឋាន ជាសេនាធិការ។

ជាមួយគ្នានេះដែរ កម្ពុជា មានជនជាតិដើមភាគតិច ចំនួនប្រមាណជា ២៤ ក្រុម រស់នៅក្នុង និងក្រៅតំបន់ការពារធម្មជាតិ នៃបណ្តាខេត្ត ស្ថិតនៅភាគឦសាន បណ្តាខេត្ត ស្ថិតនៅជុំវិញ បឹងទន្លេសាប បណ្តាខេត្តភាគខាងជើង បឹងទន្លេសាប និងបណ្តាខេត្តស្ថិត នៅឧទ្យានជាតិ ជួរភ្នំក្រវាញ ដោយប្រកាន់យកវប្បធម៌ ទំនៀមទំលាប់ ប្រពៃណី ជំនឿ និងភាសា ផ្សេងៗគ្នា ទៅតាមក្រុមរបស់ខ្លួន។ មុខរបរ សំខាន់ៗ រួមមាន ការធ្វើស្រែ/ចំការ (កសិកម្មពេនេចរ) ការចិញ្ចឹមសត្វ ការនេសាទ និងការប្រមូល អនុផលព្រៃឈើ ជាដើម។ ពួកគាត់ បានរក្សានូវ ប្រពៃណី ទំនៀមទម្លាប់ ក្នុងការប្រើប្រាស់ដីធ្លី ជនជាតិដើមភាគតិច រហូតមកទល់សព្វថ្ងៃនេះ ដែលដីព្រៃទាំងនោះ រួមមាន ដីលំនៅឋាន ដីធ្វើកសិកម្ម តាមបែបប្រពៃណី ឬដីដាំដុះជាក់ស្តែង ដីបម្រុង ចំាបាច់ ក្នុងការដូរវេនដំណាំ ដីព្រៃអារក្ស និងដីព្រៃកប់ខ្មោច ដោយផ្អែកតាមមាត្រា ២៥ នៃច្បាប់ភូមិបាល។

ដើម្បីធានាសុវត្ថិភាពផ្នែកសង្គម និងជនជាតិដើមភាគតិច ជាពិសេសបញ្ចៀស ផលប៉ះពាល់ មកលើសហគមន៍ជនជាតិដើមភាគតិច ពីដំណើរការ នៃការកំណត់ និងបែងចែកតំបន់គ្រប់គ្រង និងផែនការ គ្រប់គ្រង គម្រោងនិរន្ដរភាពតំបន់ទេសភាព និងទេសចរណ៍ ធម្មជាតិកម្ពុជា (CSLEP) បានចុះសិក្សា ប្រមូលព័ត៌មាន និងកំណត់ទីតាំង តំបន់អភិរក្សបេតិកភណ្ឌវប្បធម៌ -ធម្មជាតិរបស់ ជនជាតិដើម ភាគតិច ”ជង” រស់ នៅក្នុងភូមិសាស្រ្ត ឧទ្យានជាតិជួរភ្នំក្រវាញ ខាងកណ្ដាល។

ពាក់ព័ន្ធក្នុងរឿងនេះ លោក សូផា សុគន្ធណារុង្គ ជនបង្គោលថ្នាក់ជាតិ ទទួលបន្ទុកជនជាតិ ដើមភាគតិច នៃគម្រោង CSLEP បានបញ្ជាក់ឲ្យដឹងដែរថាៈ ដំណើរការចុះសិក្សា របស់ គម្រោងនៅពេលនេះ ក្នុងគោលបំណងពិគ្រោះយោបល់ ប្រមូលទិន្នន័យ កំណត់ទីតាំង និងផលិតផែនទី ទីតាំងតំបន់អភិរក្សបេតិកភណ្ឌ វប្បធម៌-ធម្មជាតិ របស់សហគមន៍ ជនជាតិដើម ភាគតិច ” ជង ” លើកកម្ពស់ការចូលរួមរបស់ ជនជាតិដើមភាគតិច ” ជង ” ក្នុងដំណើរការរៀបចំ និងអនុវត្តសកម្មភាពគម្រោង ជាពិសេសស្វែងរកឱកាស សម្រាប់ការបង្កើនប្រាក់ចំណូល ពីសេវាកម្មទេសចរណ៍ ក្នុងតំបន់។

លោក សូផា សុគន្ធណារុង្គ ក៏បានបន្ថែមថាៈ ការសិក្សានេះ គឺធ្វើឡើង ដើម្បីឆ្លើយតប ទៅនឹងតម្រូវការចាំបាច់ ក្នុងការចូលរួមថែរក្សា និងអភិរក្ស ប្រពៃណី វប្បធម៌ និងទំនៀមទម្លាប់ របស់ជនជាតិដើមភាគតិច ” ជង ” ដែលតំបន់អភិរក្សបេតិកភណ្ឌ វប្បធម៌-ធម្មជាតិ នេះ រួមមាន តំបន់ដីព្រៃអារក្ស តំបន់ទីសក្ការៈ គោរពបូជា តំបន់ទីតាំង បូរាណស្ថាន និងតំបន់ព្រៃកប់ខ្មោច ដែលការងារនេះ ស្ថិតក្នុងផ្នែកមួយ នៃអនុសមាសភាគ ៤.៤ ស្ដីពី ” ប្រព័ន្ធធានា សុវត្ថិភាព បរិស្ថាន និងសង្គម ” របស់គម្រោង៕/V-PC