ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អ្នកហូបបួសម្នាក់ ដែលផឹកទឹកនោមផ្អាប់ទុករយៈពេលមួយខែហើយលាបវាពេញមុខរបស់ខ្លួន បានអះអាងថា ប្អូនស្រីរបស់គាត់ឥឡូវស្អប់គាត់ណាស់ព្រោះតែទម្លាប់គួរឱ្យខ្ពើមនេះ។
លោក ហារី ម៉ាតាឌីន (Harry Matadeen) មកពីតំបន់ហាំសាយអឺ (Hampshire) នៃចក្រភពអង់គ្លេស បានចាប់ផ្តើមផឹកទឹកនោមខ្លួនឯងនៅឆ្នាំ ២០១៦ ដោយសារតែគាត់”អស់សង្ឃឹមក្នុងការព្យាបាល” បញ្ហាសុខភាពផ្លូវចិត្តរបស់គាត់។
គាត់បាននិយាយថា ទឹកនោមរបស់គាត់ ដែលគាត់ផឹក ២០០មិល្លីលីត្ររៀងរាល់ថ្ងៃ បានធ្វើឱ្យគាត់មានអារម្មណ៍ “សុខសាន្ត ស្ងប់ស្ងាត់ និងតាំងចិត្តបានល្អ”ហើយបានព្យាបាលគាត់ឱ្យជាសះស្បើយស្ទើរតែមួយរំពេច។
ហើយបុរសអាយុ ៣៤ ឆ្នាំដែលជួនកាលយកទឹកនោមលាងមុខខ្លួនឯង បានអះអាងថាវាជា “អាថ៌កំបាំងនៃយុវវ័យជាអមតៈ”។ប៉ុន្តែលោកម៉ាតាឌីន ដែលសរសេរសៀវភៅអំពីអត្ថប្រយោជន៍សុខភាពនៃទម្លាប់របស់គាត់ បាននិយាយថា គាត់ត្រូវបានប្អូនស្រីស្អប់ខ្ពើម ដោយសារតែការព្យាបាលដោយប្រើទឹកនោមរបស់គាត់។
ក្រុមអ្នកតស៊ូមតិបាននិយាយថា ទឹកនោម ដែលមានជាតិទឹក ៩០ ភាគរយ អាចព្យាបាលគ្រប់បែបយ៉ាងចាប់ពីជំងឺស្វ័យស៊ាំ (Autoimmune) រហូតដល់ការឈឺចាប់រ៉ាំរ៉ៃ។
ប៉ុន្តែក្រុមគ្រូពេទ្យព្រមានថាមិនមានភស្តុតាងថាទឹកនោមមានអត្ថប្រយោជន៍អ្វីនោះទេ។ ពួកគេនិយាយថា ការអនុវត្ត ដែលគេគិតថាមានប្រភពដើមនៅអេហ្ស៊ីបបុរាណ បង្កើនល្បឿននៃការខះជាតិទឹក និងធ្វើឱ្យអ្នកផឹកប្រឈមឆ្លងបាក់តេរី។
តារាចម្រៀងម៉ាដូណា និងនាងកេសា (Kesha) ក៏ធ្លាប់អះអាងថាផឹកទឹកនោមខ្លួនឯងផងដែរ៕
លោក ហារី ម៉ាតាឌីន ផឹកទឹកនោមផ្អាប់ទុករបស់ខ្លួនរាល់ថ្ងៃដើម្បីព្យាបាលជំងឺផ្លូវចិត្តនិងជួយរក្សាស្បែកឱ្យក្មេងជាងវ័យ