​ដោយៈ សុផល / ភ្នំពេញ​៖ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានឱ្យដឹងថាៈ នា​ចុង​សប្តាហ៍ ថ្ងៃទី​៣០ ខែមេសា ដល់​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២២ នៅ​ទូទាំងប្រទេស ទទួលបាន​ភ្ញៀវទេសចរ សរុប​មាន​ចំនួន ៣១៤.០៨១ នាក់ ក្នុងនោះ មាន​ភ្ញៀវ​ជាតិ ចំនួន ២៩៦.០៤២ នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ១៨.០៣៩ នាក់​។​

​គោលដៅ​ទេសចរណ៍​សំខាន់ៗ ដែល​ទទួលបាន​ទេសច​រ ច្រើនជាងគេ រួមមាន ខេត្ត​ព្រះសីហនុ ទទួលបាន​អ្នកទេសចរ ចំនួន ៦០.៧៤១ នាក់ ខេត្តកំពត ៤១.៣៦៤ នាក់ ខេត្តបាត់ដំបង ៣៨.១១២ នាក់ រាជធានី​ភ្នំពេញ ៣៥.០៦៤ នាក់ ខេត្ត​កែប ២៦.៩២៦ នាក់ ខេត្តសៀមរាប ២៥.៤១៣ នាក់ ខេត្តពោធិ៍សាត់ ១៧.០៤៤ នាក់​។​

​ចរន្ត​ភ្ញៀវ នា​ចុង​សប្តាហ៍ កន្លងមក នៅតែមាន​ចំនួន​ច្រើន ធៀប​នឹង​ចុង​សប្តាហ៍​ធម្មតា ដែល​ពុំមាន​ពិធីបុណ្យ​ជាតិ ដែលមាន​ចំនួន ជា​មធ្យម ក្នុង​ចន្លោះ ២០-២៥ ម៉ឺន​នាក់ ខណៈដែល​ចុង​សប្តាហ៍ កន្លងមក ភ្ញៀវ​សរុប មាន​ប្រមាណ ៣២ ម៉ឺន​នាក់​។​

​សរុប​រយៈពេល ២ សប្តាហ៍ ក្រោយ​ពិធីបុណ្យ​ចូលឆ្នាំ ប្រពៃណីជាតិ ភ្ញៀវ​សរុប​មាន​ចំនួន ប្រមាណ ៦៤ ម៉ឺន​នាក់ ខណៈដែល​អំឡុងពេល ៣ ថ្ងៃ ចូលឆ្នាំ និង ថ្ងៃអាទិត្យ ភ្ញៀវ​សរុប​មាន ចំនួន​ប្រមាណ ៥,១៧ លាន​នាក់ ទូទាំងប្រទេស​។​

​ខេត្ត​តំបន់ឆ្នេរ នៃ​ខេត្ត​ព្រះសីហនុ កែប និង ខេត្តកំពត រួមជាមួយ​គោលដៅ​ទេសចរណ៍ នៅ​ភាគ​ពាយព្យ នៃ​ខេត្តសៀមរាប បាត់ដំបង និង ខេត្តពោធិ៍សាត់ គឺជា​គោលដៅ​ពេញនិយម សម្រាប់​ភ្ញៀវទេសចរ នា​ចុង​សប្តាហ៍​កន្លងមក​៕/V​.mara