ដោយ​: ភ្នំ​ខៀវ / បាត់ដំបង​÷ បុរស​កសិករ​ម្នាក់ បាន​ទាញ​ខ្វែវ កាប់​ទៅលើ​ស្ត្រី​ចំណាស់​ម្នាក់ បណ្តាល​ឲ្យ​ស្លាប់ ព្រោះតែ​រឿង​គំនុំ​មួយ គឺ​ដោយសារ​ខឹង ពូកែ​ស្តីបន្ទោស ឲ្យ​ម្តាយ​ខ្លួន ញឹកញាប់​ពេក ។​

​នគរបាល បាន​ប្រាប់ថាៈ ហេតុការណ៍​នេះ បានកើត​ឡើង នៅ​ថ្ងៃទី​១ ខែឧសភា ឆ្នាំ ២០២២ ត្រង់ចំណុច​ក្រុមទី​២៤ ភូមិ​យុត្តិធម៌ ឃុំ​បឹង​ប្រាំ ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ។ ក្រោយ​កើតហេតុ កម្លាំង​ផ្នែក​ជំនាញ បាន​ចុះ​ឃាត់ខ្លួន ជនសង្ស័យ បាន​ភ្លាមៗ​។ ជនសង្ស័យ​ឈ្មោះ សឿន សុខ​ណា ភេទ​ប្រុស អាយុ ៣១ ឆ្នាំ រស់នៅ​ភូមិ​អូរឫស្សី ឃុំ​បឹង​ប្រាំ ស្រុក​ប​វេ​ល ។ ចំណែក​ជនរងគ្រោះ ឈ្មោះ ឡា​ច គី ភេទ​ស្រី អាយុ ៥៣ ឆ្នាំ រស់នៅ​ផ្ទះ​ជាប់​គ្នា ក្នុងភូមិ​-​ឃុំ កើតហេតុ​ខាងលើ​។​

​ប្រភពពី​សមត្ថកិច្ច បាន​បន្តថាៈ យោងតាម​ចម្លើយសារភាព​របស់ ជនដៃដល់ បានបញ្ជាក់​ថាៈ មូលហេតុ​ដែល​ខ្លួន​បង្ខំចិត្ត ទាញ​កាំបិត​ខ្វែវ កាប់​ទៅលើ​ជនរងគ្រោះ ជាច្រើន​កាំបិត ដោយសារ ស្ត្រី​ចំណាស់ ជា​ជនរងគ្រោះ​នោះ តែងតែ​មាក់ងាយ និង​ស្តីបន្ទោស​ឲ្យ​ម្តាយ​របស់ខ្លួន ជា​បន្តបន្ទាប់ រហូតដល់​ថ្ងៃកើតហេតុ ជនរងគ្រោះ បាន​បន្ត​ស្តីបន្ទោស ជាថ្មីទៀត ទើប​អត់ទ្រាំ មិនបាន ខ្លួន​បាន​ទាញ​កាំបិត​ខ្វែវ កាប់​ទៅលើ​ជនរងគ្រោះ ផ្ទួនៗ ត្រង់​កញ្ចឹងក ត្រង់​ស្មា​ខាងឆ្វេង និង​ម្រាមដៃ​ខាងស្តាំ មួយ​កាំបិត​ទៀត បណ្តាល​ឲ្យ​ស្លាប់ ក្នុង​ថ្លុកឈាម នៅ​ខាងក្រោយ​ផ្ទះ ជនរងគ្រោះ​តែម្តង​។​

​ករណី​ឃាត​កម្មនេះ កម្លាំង​ជំនាញ កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ជនសង្ស័យ រួមទាំង​វត្ថុតាង ទៅកាន់​តុលាការ អនុវត្ត​តាមច្បាប់​៕/V​