ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ នា​ថ្ងៃទី​២ ខែឧសភា ២០២២ លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ ប្រដាល់​គុន​ខ្មែរ លោក ហេង សុខឃ​ន ប្រធាន​សហព័ន្ធ​ប្រដាល់ ឃុ​ក​បុក​សិង បាន​ជួប​សំណេះ សំ​ណា​ល​ជាមួយ ប្រធាន​ប្រតិភូ គ្រូបង្វឹក ក្រុម​អត្ត​ព​លិ​ប្រដាល់​គុន​ខ្មែរ និង​ឃុ​ក​បុក​សិង ចំនួន ២៦ នាក់ មុន​ចេញដំណើរ ពី​ប្រទេស​កម្ពុជា ទៅ​ចូលរួម ប្រកួត​កីឡា SEA GAMES លើក​ទី​៣១ ឆ្នាំ​២០២១ នៅ​ប្រទេស​វៀតណាម​។​

​លោក តែម ម៉ឺន បាន​មានប្រសាសន៍ថាៈ កីឡាករ​-​កីឡាការិនី ត្រូវ​ប្រយ័ត្នប្រយែង ការហូបចុក និង​ថែទាំ​សុខភាព ឲ្យ​បានល្អ ព្រមទាំង​ខិតខំ​ហ្វឹកហាត់ បន្ថែមទៀត ដើម្បី​ធ្វើយ៉ាងណា ឲ្យ​ការចូលរួម​ប្រកួត ទទួលបាន​នូវ​គុណ​ផល និង​សិទ្ធ​ផល​ល្អ ធានាបាន​មេដាយ​តាម អនុសាសន៍​ណែនាំ ក៏ដូចជា ទំនុកចិត្ត​របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន ។​

​លោក ហេង សុឃន អគ្គលេខាធិការ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បានបញ្ជាក់​ឲ្យ​ដឹងថាៈ សម្រាប់​កីឡាករ​គុន​ខ្មែរ ទាំង ១០ រូប ដែល​ចេញទៅ SEA GAMES លើក​ទី​៣១ លើក​នេះ គឺ​បាន​ត្រៀមលក្ខណៈ យ៉ាង​ល្អ ទាំង​ការហ្វឹកហាត់​កម្លាំងកាយ ទាំង​បច្ចេកទេស ក៏ដូចជា​ការ ថែរក្សា​សុខភាព ។​

​លោក​បាន​បន្តថាៈ ពាក់ព័ន្ធ​បញ្ហា​សម្ភារ​: កីឡាករ​ម្នាក់ៗ សុទ្ធតែ​បំពាក់​ថ្មី នូវ​ឧបករណ៍ សម្រាប់​បម្រើការ​ប្រកួត ការហ្វឹកហាត់ និង​សម្ភារ​:​ប្រើប្រាស់​ផ្ទាល់ខ្លួន បន្ថែម​លើ​អ្វី ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ផ្គត់ផ្គង់​។​

​លោក ប៉ែន ស៊ី​ណេ អនុប្រធាន​សហព័ន្ធ​ប្រដាល់​ឃី​ក​បុក​ស៊ី​ង បាន​និយាយថាៈ សុំ​ឲ្យ​ទាំង ប្រដាល់ គុន​ខ្មែរ និង​ឃុ​ក​បុក​សិង ត្រូវ​រក្សា​ទម្ងន់ និង​ដឹង​ពេលវេលា​ប្រកួត បាន​ត្រឹមត្រូវ ទើប​ធ្វើ​ឲ្យ​មានឱកាស ដណ្តើម​មេដាយ ជូន​ប្រទេសជាតិ​។ ក្នុងនោះ លោក​បាន​ឧបត្ថម្ភ​ដល់ ប្រតិភូ គ្រូបង្វឹក ក្រុម​អត្ត​ព​លិ​ប្រដាល់ គុន​ខ្មែរ និង​ឃុ​ក​បុក​សិង ចំនួន ២៦ នាក់ ក្នុង​ម្នាក់ៗ ៦០ ដុល្លារ ។ ចំណែក លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ និង​ឃុ​ក​បុក​សិង ចំនួន ២៦ នាក់ ក្នុង​ម្នាក់ៗ ៥០ ដុល្លារ ហើយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ វ៉ា ស៊ិន​ភី​រម្យ ទីប្រឹក្សា​ជាន់ខ្ពស់ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា និង​ជា​អនុប្រធាន សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ ឧបត្ថម្ភ ៣០០ ដុល្លារ ដល់​ក្រុម​កីឡាករ​-​កីឡាការិនី ចំនួន ១២ នាក់​៕/V​