ដោយៈ ភ្នំសន្ទុក / កំពង់ធំ ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុម ការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ធំ បានដឹកនាំក្រុមការងារ ចុះជួបសំណេះ សំណាល និងសួរសុខទុក្ខកម្មករ និយោជិត ក្រុមហ៊ុនតានបៀន កំពង់ធំ អភិវឌ្ឍន៍កៅស៊ូ ស្ថិតក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ និងដើម្បីជាការអបអរសាទរ ក្នុងឱកាសខួប អនុស្សាវរីយ៍ លើកទី១៣៦ ទិវាពលកម្មអន្តរជាតិ១ ឧសភា ២០២២ ក្រោមប្រធានបទ «សន្តិភាព សុខភាព និងសន្តិសុខការងារ»។

ពិធីនេះក៏បានការចូលរួមពីលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ, លោក LAI XUAN CHIEN ភារធារី នៃស្ថានទូតវៀតណាម ប្រចាំកម្ពុជា, លោក អៀង សុភាព ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ធំ, លោក LAM TANH PHOU នាយកក្រុមហ៊ុនតានបៀន កំពង់ធំ អភិវឌ្ឍន៍កៅស៊ូ មន្ទីរពាក់ព័ន្ធជុំវិញខេត្ត រួមទាំងកម្មករ និយោជិត ប្រមាណ ៥០០ នាក់ទៀត។

លោក ងួន រតនៈ បានអានសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារជូន ជនរួមជាតិ ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ រួចមក ពិធីប្រារព្ធឡើង ក្នុងន័យរំលឹកដល់ បុព្វហេតុរបស់ពលករ កម្មករ នៅលើពិភពលោកទាំងមូល ដែលបានតស៊ូទាមទារសេរីភាព និងយុត្តិធម៌ កាលពី ១៣៦ ឆ្នាំមុន និងដើម្បីឧទ្ទិសដល់វីរភាពពលករ កម្មករ និងវិញ្ញាណក្ខន្ធ របស់វីរៈជនស្នេហាសេរីភាព និងយុត្តិធម៌ ។

លោក ថោង ខុន ក៏បានពាំនាំនូវ ក្តីនឹករលឹក និងផ្តាំផ្ញើការសួរសុខទុក្ខ និងស្រឡាញ់រាប់អាន ដ៏ជ្រាលជ្រៅបំផុត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនកម្មករ និយោជិត នៃក្រុមហ៊ុនចំការកៅស៊ូទាំងអស់។ ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា តែងតែបានប្រារព្ធទិវាពលកម្មអន្តរជាតិ ១ ឧសភានេះ និងបានចេញ សារាចរណែនាំ និងសារលិខិត ដើម្បីបំផុសលើកទឹកចិត្ត ឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ រោងចក្រ សហគ្រាសនានា រៀបចំខួបអនុស្សាវរីយ លើកទី១៣៦ ទិវាពលកម្មអន្តរជាតិ ១ ឧសភា សំដៅបង្កបរិយាកាស សប្បាយរីករាយ សាមគ្គីភាព និងភាតរភាព ក្នុងទ្រង់ទ្រាយតូច និងតាមស្ថានភាពជាក់ស្តែង។

លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់ប្រាប់ ដល់កម្មករ និយោជិតទៀតថាៈ កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយនេះ បានផ្តល់លទ្ធភាពឲ្យកម្ពុជា អាចទាក់ទាញវិនិយោគិនបរទេស ដើម្បីបង្កើតការងារ ដល់ប្រជាពលរដ្ឋ និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ មានជីវភាពធូរធារ សម្បូរសប្បាយ ដូចសព្វថ្ងៃ និងជំរុញឱ្យក្រុមកម្មករទាំងអស់ ចូលរួមថែរក្សាសុខសន្តិភាព ឱ្យបានគង់វង្ស ទោះក្នុងតម្លៃណាក៏ដោយ តាមរយៈការបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ឱ្យបានគ្រប់គ្នា។

សូមបញ្ជាក់ដែរថា ក្នុងឱកាសចុះជួបសំណោះសំណាលនោះ លោករដ្ឋមន្ត្រី ថោង ខុន ក៏បានឧបត្ភម្ភដល់កម្មករ និយោជិត ដែលបានចូលរួមនូវ ថវិកាមួយចំនួន និងថ្នាំ TIFY ៣ បន្ទះផងដែរ៕/V-PC