ដោយ​៖ ភា រស្មី បុគ្គលិក​របស់​មជ្ឈមណ្ឌល​ឯកសារ​ខ្មែរក្រហម ខេត្តព្រៃវែង/ភ្នំពេញ៖ នៅ​ឆ្នាំនេះ ឈា សុខឿន មាន​អាយុ​ជិត​៧០​ឆ្នាំ​ហើយ​។ គាត់​មិនសូវមាន​ពេលទំនេរ​នៅផ្ទះ​ឡើយ ព្រោះ​គាត់​មាន​ភារកិច្ច​សំខាន់​មួយចំនួន​ដែល​កំពុង​អនុវត្តន៍​នៅក្នុង​ភូមិ ឃុំ របស់គាត់​។ សុខឿន ក្រៅពី​ជួយ​រៀបចំ​ម្ហូបអាហារ​សម្រាប់​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​នៅក្នុង​វត្ត គាត់​គឺជា​ជំនួយការ​របស់​ក្រុមគ្រូពេទ្យ​ឃុំ​។ សុខឿន បាន​អប់រំ​អ្នកភូមិ​ឲ្យ​យល់ដឹង​អំពី​សារសំខាន់​នៃ ការប្រើប្រាស់​មន្ទីរពេទ្យ​សម្រាប់​ថែរក្សា​សុខភាព​ផ្ទាល់ខ្លួន​។ សុខឿន មាន​សុខ​ភាពល្អ និង​រឹងប៉ឹង​ដូច​ពេលដែល​គាត់​ស្ថិតក្នុង​វ័យក្មេង​អញ្ចឹង​។

ឈា សុខឿន នៅផ្ទះរបស់គាត់ ស្ថិតនៅភូមិកែវស្នា ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង។ (ភា រស្មី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

កាលពី​ទសវត្សរ៍​ឆ្នាំ​១៩៧០ សុខឿន គឺជា​កម្មាភិបាល​នារី​ភូមិ​កែវ​ស្នា គឺជា​កម្មាភិបាល​ពេទ្យ​ឃុំ​ព្រៃ​ឃ្នេ​ស និង​ជា​អ្នក​ដែល​អង្គការ​ចាត់តាំង​ជា​ខ្មែរ​រំដោះ​ប្រចាំ​ឃុំ​ព្រៃ​ឃ្នេ​ស​ដែល​ទុកចិត្ត​ក្នុងការ​សម្រេច​បញ្ជូន​យុវជន និង​យុវនារី នៃ​ឃុំ​ព្រៃ​ឃ្នេ​ស​ឲ្យ​ចូល​បម្រើ​បដិវត្តន៍​។ សុខឿន បាន​ត្អូញត្អែរថា គាត់​សោកស្តាយ​ចំពោះ​ការចំណាយ​ពេលវេលា​ចូល​បម្រើ​បដិវត្តន៍​របស់គាត់​នាពេល​កន្លងមក​។ ខាងក្រោម​នេះ គឺជា​សម្តី​របស់ សុខឿន ដែល​បាន​និយាយប្រាប់​ក្រុមការងារ​មជ្ឈមណ្ឌល​ឯកសារ​ខ្មែរក្រហម ខេត្តព្រៃវែង អំពី​បទពិសោធន៍​រប​ស់គា​ត់​៖
«​ខ្ញុំ​ឈ្មោះ ឈា សុខឿន អាយុ​៦៧​ឆ្នាំ​។ សព្វថ្ងៃ ខ្ញុំ​រស់នៅ​ភូមិ​កែវ​ស្នា ឃុំ​ព្រៃ​ឃ្នេ​ស ស្រុក​មេសាង ខេត្តព្រៃវែង​។ នៅក្នុង​ឆ្នាំ​១៩៧០ បន្ទាប់ពី​មាន​រដ្ឋប្រហារ​ទម្លាក់​ស​ម្ដេច ព្រះ​នរោត្តម សីហនុ ខ្ញុំ​សម្រេចចិត្ត​ចូល​ធ្វើជា​កងឈ្លប​នៅក្នុង​ភូមិកំណើត​របស់​ខ្ញុំ ដើម្បី​ទាមទារ​ឲ្យ​សម្ដេចឪ ឡើង​គ្រប់គ្រង​អំណាច​វិញ និង​ដើម្បី​ការពារ​ប្រជាជន​នៅក្នុង​ភូមិ​។ ក្រុម​របស់ខ្ញុំ​មាន​សមាជិក​ចំនួន​១២​នាក់​។ ម៉ន និង សា​រ៉ា​ត គឺជា​អ្នកគ្រប់គ្រង​ក្រុម​កងឈ្លប​។ ពួកយើង​គឺជា​កម្លាំង​ជួរមុខ ដែល​ត្រៀមខ្លួន​គ្រប់ពេល​សម្រាប់​ការស្ម័គ្រចិត្ត​ចូល​ធ្វើជា​យោធា​។ ក្រុម​កងឈ្លប​ទាំងអស់ តម្រូវ​ឲ្យ​ចូលរៀន​វគ្គ​នយោបាយ​នៅពេល​យប់ ដូច​ប្រជាជន​ឯទៀត​ដែរ​។ យើង​រៀន​អំពី «​គោល​មា​គា​៌​សង្គ្រាម​ប្រជាជន​»​។ ក្រៅពី​រៀនសូត្រ​វគ្គ​នយោបាយ តួនាទី​របស់​យើង​ជា​កងឈ្លប គឺ​ដើរ​មើល យាមកាម និង​ស៊ើប​យកការណ៍​ពី​ប្រជាជន​នៅក្នុង​ភូមិ​អំពី​សកម្មភាព​ធ្វើ​ទំនាក់ទំនង​ក្បត់ ឬ​លក់​ស្រូវ​អង្ករ​និង​សត្វ​ចិញ្ចឹម​ផ្សេងៗ​ទៅ​ឲ្យ​ខាង លន់ នល់ យកទៅ​រាយការណ៍​ឲ្យ​ប្រធាន​សហករណ៍​បានដឹង​។

នៅ​ឆ្នាំ​១៩៧២ ម៉ន និង​សា​រ៉ា​ត បាន​បញ្ជូន​សមាជិក​ក្រុម​របស់ខ្ញុំ​មួយចំនួន ឲ្យ​ចូល​បម្រើ​ជា​យោធា​ដើម្បី​ប្រយុទ្ធ​ជាមួយ​ទាហាន លន់ នល់​។ ចំណែក​ខ្ញុំ ត្រូវបាន​ផ្លាស់ប្ដូរ​ឲ្យ​ទៅគ្រប់​គ្រង​កង​យុវនារី​ភូមិ​ជំនួស​វិញ​។ ខ្ញុំ​មាន​តួនាទី​ជា​អនុប្រធាន​កង​នារី មាន​ភារកិច្ច​គ្រប់គ្រង និង​មើល​ការខុសត្រូវ​នារីៗ​នៅក្នុង​ភូមិ​កែវ​ស្នា ការការពារ​សន្តិសុខ​របស់​ប្រជាជន​នៅក្នុង​ភូមិ និង​ជ្រើសរើស​នារីៗ​ឲ្យ​ចូល​បម្រើ​ជា​យោធា​។ ក្នុងពេលដែល​ខ្ញុំ​ធ្វើជា​អនុប្រធាន​កង​នារី​ភូមិ ខ្ញុំ​និង​មិត្ត​នារី​ពីរ​នាក់​ទៀត ត្រូវ​ថ្នាក់លើ​ចាត់តាំង​ឲ្យ​ចូលរៀន​វិជ្ជាពេទ្យ ដើម្បី​ចូល​បម្រើការ​ជា​កម្មាភិបាល​ពេទ្យ​នៅ​មន្ទីរពេទ្យ​ភូមិ​ស្វាយ​ជោរ ឃុំ​ព្រៃ​ឃ្នេ​ស​។ ខ្ញុំ​រៀន​ពេទ្យ​អស់​រយៈពេល​បី​ខែ ជាមួយ​គ្រូពេទ្យ​ជំនាញ​នៅក្នុង​ឃុំ​ព្រៃ​ឃ្នេ​ស​។ នៅ​ខែ​ដំបូង ខ្ញុំ​រៀន​ផ្សំ​ថ្នាំ រៀន​ចំណាំ​ឈ្មោះ​ថ្នាំ និង​រៀន​ចាក់​ថ្នាំ​លើ​ខ្នើយ​។ នៅ​ខែ​ទី​ពីរ​និង​ទី​បី ខ្ញុំ​ចេញទៅ​ព្យាបាល និង​ចាក់​ថ្នាំ​ឲ្យ​ប្រជាជន​នៅក្នុង​ឃុំ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ប្រចាំ​ឃុំ​ព្រៃ​ឃ្នេ​ស​។ ខ្ញុំ​សប្បាយចិត្ត​ក្នុង​ការធ្វើការងារ​នេះ​ខ្លាំងណាស់ ព្រោះ​ខ្ញុំ​គិតថា ខ្ញុំ​ធ្វើ​ឲ្យ​ប្រទេសជាតិ​មាន​សុខសន្តិភាព និង​ប្រជាជនមាន​សុខភាព​ល្អ​។

​នៅ​ឆ្នាំ​១៩៧៣​រហូតដល់​ថ្ងៃជ័យ​ជម្នះ​១៧ ខែមេសា ឆ្នាំ​១៩៧៥ ខ្ញុំ​ចូល​បម្រើការ​ជា​កម្មាភិបាល​ពេទ្យ​ប្រចាំ​ព្រៃ​ឃ្នេ​ស​ពេញលេញ​។ តួនាទី​របស់ខ្ញុំ​គឺ​ព្យាបាល​ប្រជាជន​ក្នុង​ឃុំ​។ មុនដំបូង ការព្យាបាល​គឺ​ប្រើប្រាស់​ថ្នាំពេទ្យ​ដែល​បានមកពី​ការ​រៃអង្គាស​លុយ​ពី​អ្នកភូមិ​យកទៅ​ទិញ​ថ្នាំ​ពី​ស្រុក​មេសាង​។ បន្ទាប់មកការព្យាបាល​គឺ​ប្រើប្រាស់​ថ្នាំបុរាណ ថ្នាំ​ឬ​ស​ឈើ​ជំនួស​វិញ​។

​បន្ទាប់​ពីថ្ងៃ​១៧ មេសា ១៩៧៥​មក ខ្ញុំ​នៅតែ​ធ្វើជា​កម្មាភិបាល​ពេទ្យ​ប្រចាំការ​នៅក្នុង​ឃុំ​ព្រៃ​ឃ្នេ​ស​ដដែល​។ ការហូបចុក​នៅពេលនោះ គឺ​ខ្វះខាត​ខ្លាំងណាស់​។ របប​អាហារ​តិច​ទៅៗ​។ ម្នាក់ៗ​ទទួលបាន​អង្ករ​តែ​ពីរ​ខាំ​កន្លះ​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ​។ ប្រជាជន​ចាប់ផ្ដើម​ខ្វះខាត​ស្បៀងអាហារ​ក្នុងការ​ហូបចុក ហើយក៏​មាន​ជំងឺ​រាតត្បាត​ច្រើន​ទៀត ដូចជា​ជំងឺគ្រុនចាញ់ រាកមួល និង​ក្ដៅខ្លួន​ជាដើម​។ ខ្ញុំ​នៅ​ព្យាបាល​ជំងឺ​អ្នក​ទាំងនោះ​គ្មាន​ពេលទំនេរ​ឡើយ​។

​នៅ​ឆ្នាំ​១៩៧៧ ខ្ញុំ​សុំ​ប្រធាន​សហករណ៍​ចុះទៅ​ធ្វើការ​នៅតាម​ការដ្ឋាន​វិញ​ម្តង ព្រោះ​ខ្ញុំ​គិតថា​ខ្ញុំ​អាច​ស្គាល់​កន្លែង​ផ្សេងៗ និង​អាច​ទទួលបាន​របប​អាហារ​គ្រាន់បើ​ជាង​នៅក្នុង​សហករណ៍​។ អង្គការ​បាន​យល់ព្រម និង​បាន​បញ្ជូន​ខ្ញុំ​ទៅកាន់​មូលដ្ឋាន​កៅ​ទៃ ក្នុងតួនាទី​ជា​អ្នក​ព្យាបាល​ជំងឺ​ឲ្យ​ក្រុម​កងចល័ត​ដែល​បំពេញភារកិច្ច​លើក​សណ្ដរ ទឹក​(​ទំនប់​ទឺ​ក​) និង​មើល​ការខុសត្រូវ​ពី​សុខភាព​កងចល័ត​នារីៗ​។ ក្រោយមក អង្គការ​បញ្ជូន​ខ្ញុំ​ឲ្យ​ទៅធ្វើ​ការ​នៅក្នុង​មូលដ្ឋាន​ស្រែ​ជម្រៅ​បន្តទៀត ក្នុងតួនាទី​ដដែល​។ នៅ​ស្រែ​ជម្រៅ ខ្ញុំ​ត្រូវរបួស​ភ្លៅ​ដោយ​គ្រាប់កាំភ្លើង​របស់​កងទ័ព​វៀតណាម​។ ខ្ញុំ​ដឹង​រឿងរ៉ាវ​ជាច្រើន​ទាក់ទង​នឹង​ការប្រយុទ្ធ​គ្នា និង​ផែនការ​គប់​គ្រាប់បែក​សម្លាប់​កងចល័ត​ក្នុងពេល​បំពេញការងារ​នៅ​កន្លែង​លើក​ទំនប់ទឹក​នៅ​ស្រែ​ជម្រៅ​។ ផែនការ​នេះបាន​បែកការណ៍ ហើយ​ពុំមាន​នរណាម្នាក់​ចូលក្នុង​ការដ្ឋាន​លើក​សណ្តរ​នេះ​ទៀត​ទេ​។

ទេសភាពវាលស្រែ ស្ថិតនៅឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង។ (ផេង ពង្សរ៉ាស៊ី/ មជ្ឈមណ្ឌលឯកសារកម្ពុជា)

​ដោយសារ​ខ្ញុំ​ត្រូវរបួស អង្គការ​បាន​បញ្ជូន​ខ្ញុំ​ឲ្យ​មក​ព្យាបាល​ខ្លួន​នៅក្នុង​ភូមិ​វិញ​នៅ​ឆ្នាំ​១៩៧៨​។ ពេលមកដល់​សហករណ៍ ខ្ញុំ​ឃើញ​យោធា​ខ្មែរក្រហម​មកពី​ភូមិភាគ​និរតី កំពុង​បញ្ជា​ឲ្យ​ប្រជាជន​ជីករណ្ដៅ​ជាច្រើន​នៅ​ភូមិ​កែវ​ស្នា ដោយ​មិន​ប្រាប់​ពី​មូលហេតុ​នៃ​ការជីក​ឡើយ​។ ខ្ញុំ​បានឮ​ដំណឹង​មិន​ច្បាស់ការ​ថា ការ​ជីករណ្តៅ​ទាំងនេះ​គឺ​សម្រាប់​ត្រៀម​ទុក​សម្លាប់​ប្រជាជន​។ គ្រាន់តែ​ឮដំណឹង​នេះ ខ្ញុំ​និង​មិត្ត​នារី​ពេទ្យ​ផ្សេងទៀត​បាន​ត្រៀម​ថ្នាំ​ទុក​សម្រាប់​សម្លាប់ខ្លួន ឯង​រួចជាស្រេច ប៉ុន្តែ​ក្រោយមក យើង​មិនបាន​លេបថ្នាំ​សម្លាប់ខ្លួន​ឡើយ​។

​នៅ​ដើមខែ​មករាឆ្នាំ​១៩៧៩ ខ្ញុំ​ធ្វើដំណើរ​ចេញពី​ភូមិ​ទាំង​ជើង​នៅ​ឈឺ ព្រោះ​វៀតណាម​ជិត​ចូល​មកដល់​ឃុំ​ព្រៃ​ឃ្នេ​ស​។ ខ្ញុំ​ធ្វើដំណើរ​ទៅដល់​ឃុំ​បា​បោង រៀបនឹង​ធ្វើ​ក្បូន​ឆ្លង​ទឹក​ទៅ​បន្តទៀត ក៏ត្រូវ​កងទ័ព​វៀតណាម​តាម​ទាន់ ហើយ​កងទ័ព​វៀតណាម​ទាំង​នោះបាន​ប្រាប់​ខ្ញុំ​ឲ្យ​វិល​ត្រឡប់មក​ភូមិកំណើត​វិញ​។

​បន្ទាប់ពី​ខ្មែរក្រហម​ដួលរលំ​នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩ ខ្ញុំ​ក៏បាន​ចូលធ្វើការ​ស្ម័គ្រចិត្ត​នៅក្នុង​ឃុំ​ព្រៃ​ឃ្នេ​ស​បន្តទៀត គឺ​នៅក្នុង​ក្រុម​ទ្រទ្រង់​សុខភាព ដើម្បី​ណែនាំ​ប្រជាជន​ឲ្យ​មក​ព្យាបាល​ជំងឺ​នៅ​មណ្ឌល​សុខភាព រួមទាំង​ការឆ្លង​ទន្លេ​។ ក្នុង​ឆ្នាំ​១៩៨២ ខ្ញុំ​រៀបការ​ជាមួយ​បុរស​ម្នាក់​នៅក្នុង​ភូមិ និង​បានរស់នៅ​ជាមួយគ្នា​រហូត​មានកូន​ប្រាំ​នាក់​។ ប៉ុន្តែ​ឥឡូវ​កូន​របស់ខ្ញុំ​ស្លាប់​អស់​បីនាក់​ហើយ​។

ជា​ចុងក្រោយ ខ្ញុំ​មានការ​សោកស្ដាយ​ខ្លាំងណាស់​ដែល​បាន​ចូល​បម្រើ​ការងារ​ឲ្យ​ខ្មែរក្រហម ព្រោះ​ខ្ញុំ​ចង់​ឲ្យ​ប្រទេស​មាន​សន្តិភាព និង​យុត្តិធម៌ ប៉ុន្តែ​អង្គការ​ធ្វើ​ឲ្យ​ប្រទេស​ធ្លាក់​ក្នុង​សង្គ្រាម និង​កាប់សម្លាប់​ជីវិត​មនុស្ស​អស់​ជាច្រើន​នាក់​»​៕សរន