​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ពុត​និក​) ៖ ក្រសួង​សុខាភិបាល​ឥណ្ឌូនេស៊ី​បាន​និយាយថា អ្នកជំងឺ​ជា​កុមារ​បី​នាក់​នៅក្នុង​ប្រទេស​នេះ​បាន​ស្លាប់​ដោយសារ​ជំងឺ​រលាក​ថ្លើម​ស្រួចស្រាល់​កាលពី​ខែ​មេសា​ដោយ​នាំ​​ឱ្យ​កុមារ​ស្លាប់​សរុប​បួន​នាក់​នៅ​ទូទាំង​ពិភពលោក​ដោយសារ​ជំងឺថ្លើម​ដ៏​អាថ៌កំបាំង​ដែល​ប៉ះពាល់​ដល់​កុមារ​ពី​សហរដ្ឋ​អាម៉េរិក​រហូត​ដល់​អាស៊ី​។​

​ក្រសួង​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ចន្ទ ទី ០២ ឧសភា​ថា កុមារ​ដែល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​រដ្ឋធា​នីហ្សាការ​តា មាន​រោគសញ្ញា​រួម​មាន​ចង្អោរ ក្អួត រាគ​ខ្លាំង គ្រុ​នក្តៅ ខាន់​លឿង ប្រកាច់ និង បាត់បង់​ស្មារតី​។​

​ក្រសួង​ជំរុញ​ឱ្យ​ឪពុក​ម្តាយ​នាំ​កុមារ​ដែល​មាន​រោគសញ្ញា​ទាំងនេះ​ទៅ​កាន់​មន្ទីរពេទ្យ​ជា​បន្ទាន់​។ ក្រសួង​បាន​បន្តថា ក្រសួង​កំពុង​ដំណើរការ​ការ​ធ្វើតេស្តិ៍​ពេញលេញ​ដើម្បី​កំណត់​ពី​មូលហេតុ​នៃ​ជំងឺ ហើយ​បាន​ចេញ​សារាចរណ៍​មួយ​ដើម្បី​បង្កើន​ការតា​មដាន​ជំងឺ​នៅ​ទូទាំង​ប្រទេស​។​

​កាលពី​ចុង​សប្តាហ៍​កន្លងទៅ សិង្ហ​បុរី​បាន​បញ្ជាក់​ពី​ករណី​ជំងឺ​រលាក​ថ្លើម​ស្រួចស្រាល់​ចំពោះ​ទារក​អាយុ ១០ ខែ ហើយ​កំពុង​ស៊ើបអង្កេត​ថា​តើ​វា​មាន​ការបង្ហាញ​ស្រដៀង​គ្នា​ទៅ​នឹង​ករណី​ផ្សេង​ទៀត​ដែល​បាន​រាយការណ៍​នៅ​ទូទាំង​ពិភពលោក​ដែរ​ឬ​អត់​។​

​នៅ​ទូទាំង​ពិភពលោក យ៉ាងហោច​ណាស់​មាន​កុមារ​ម្នាក់​ទៀត​បាន​ស្លាប់​ដោយសារ​ជំងឺ​រលាក​ថ្លើម​ស្រួចស្រាល់ ហើយ​ជាង​ដប់​នាក់​ផ្សេងទៀត​បាន​ទទួល​ការប្តូរ​ថ្លើម​បន្ទាប់​ពី​ធ្លាក់ខ្លួន​ឈឺ​ជាមួយ​ជំងឺ​នេះ នេះ​បើ​យោងតាម​អង្គការ​សុខភាព​ពិភពលោក​។​

​ខណៈ​មូលហេតុ​នៃ​ជំងឺ​នេះ​មិន​ទាន់​ត្រូវបាន​កំណត់​នៅ​ឡើយ អ្នក​ស៊ើបអង្កេត​កំពុង​សិក្សា​ពី​ក្រុមគ្រួសារ​នៃ​មេរោគ​ដែល​គេ​ហៅថា Adenovirus ដែល​បង្ក​ឱ្យ​មាន​ជំងឺ​ជាច្រើន​រួម​ទាំង​ជំងឺ​ផ្តាសាយ​​ទូទៅ​ផង​ដែរ​៕

​កុមារ​ឥណ្ឌូនេស៊ី​៣​នាក់​ហើយ​ស្លាប់​ដោយសារ​ជំងឺ​រលាក​ថ្លើម​អាថ៌កំបាំង​