​ដោយៈ​សុផល​/ភ្នំពេញ​៖នៅ​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០២២ ធនាគារ​ពាណិជ្ជកម្ម​ក្រៅប្រទេស នៃ​កម្ពុជា (FTB) បាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​កម្មវិធី​ធនាគារ​ចល័ត​តាម​ទូរស័ព្ទ​ថ្មី ដែលមាន​ឈ្មោះថា “FTB Mobile” សម្រាប់​អតិថិជន​បុគ្គល និង​ដើម្បី​ជំនួស​កម្មវិធី​ធនាគារ​ចល័ត​តាម​ទូរស័ព្ទ​ចាស់ ដែលមាន​ឈ្មោះថា​មហា​បុត្រ (MohaBot)​។

​ការដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​កម្មវិធី​ធនាគារ​ចល័ត​តាម​ទូរស័ព្ទ​ថ្មី​នេះ​គឺជា​ការឆ្លើយតប​នឹង​តម្រូវការ​កើនឡើង នៃ​សេវាកម្ម​ធនាគារ​ឌីជីថល ពោលគឺ​សេវា​ធនាគារ​ចល័ត​តាម​ទូរស័ព្ទ​។ ឥឡូវនេះ កម្មវិធី​ធនាគារ​ចល័ត​តាម​ទូរស័ព្ទ​ថ្មី FTB Mobile មាន​នៅលើ Google Play Store និង App Store ។​

​លោក​សយ សត្យា នាយក​សេវា​ធនាគារ​ឌីជីថល​របស់​ធនាគារ FTB បាន​មានប្រសាសន៍ថា​“​ភាព​ច្នៃប្រឌិត​គឺជា​ផ្នែក​មួយ​ដ៍​សំខាន់​នៅក្នុង​បេសកកម្ម​របស់​ធនាគារ​FTB ហើយ​ដែល​បាន​ជួយ​ជំ​រុញឱ្យ​ធនាគារ​បន្ត​វិវត្តន៍​ប្រកបដោយ​ជោគជ័យ និង​ទទួលបាន​ការពេញចិត្ត​ពី​សំណាក់​អតិថិជន​គ្រប់រូប និង​គ្រប់​ជំនាន់​“

​លោក​បាន​បន្តថា​៖“FTB Mobile ត្រូវបាន​បង្កើតឡើង​ដោយ​ផ្អែកលើ​ធាតុ​ស្នូល​បី​៖ សុវត្ថិភាព ងាយស្រួល និង​រហ័ស​។ ជាមួយនឹង FTB Mobile ធនាគារ​FTB​មាន​គោល ដៅ​បំពេញ​តាម​តម្រូវការ​របស់​អតិថិជន​ឱ្យបាន​ទាន់ពេលវេលានិង​ប្រកបដោយ​ប្រសិទ្ធភាពដើម្បី​សម្រួល​ដល់​ការប្រើប្រាស់ និង​ការធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ បាន​គ្រប់ពេល វេលា គ្រប់​ទីកន្លែងនិង​ប្រកបដោយ​ទំនុកចិត្ត ក្នុង​យុគសម័យ​ឌីជីថល​នេះ​។​“

​នៅ​ឆ្នាំ​២០១៧ ធនាគារ​FTB បានដាក់​ឱ្យ​ដំណើរការ​មហា​បុត្រ (MohaBot) ជា​កម្មវិធី​ធនាគារ​ចល័ត​មួយ​ក្នុងចំណោម​កម្មវិធី​ដំបូង​គេ​មួយចំនួន ដែល​បានចាប់ផ្តើម​នៅ ក្នុង​ទីផ្សារ​កម្ពុជា​នាពេលនោះ ។ ក្នុងកំឡុងពេល​៥ ឆ្នាំ​កន្លងទៅនេះ កម្មវិធី MohaBot បានផ្តល់​ជូន​អតិថិជន​នូវ​នឹង​មធ្យោបាយ​ងាយស្រួល និង​សុវត្ថិភាព​ក្នុង​ការធ្វើ​ប្រតិ បត្តិការ​ហិរញ្ញវត្ថុ​។ ឥឡូវនេះ MohaBot ត្រូវបាន​ជំនួស​ដោយ​កម្មវិធី​ទំនើប​ថ្មី ” FTB Mobile ” ដែល​ត្រូវបាន​បង្កើតឡើង​ជាមួយ​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត រួមទាំង​មុខ ងារ​ប្រើប្រាស់​សំបូរបែប​ច្រើន​បន្ថែមទៀត លើសពីនេះ​ក៏មាន​រចនា​រូបរាង​ថ្មី​ទាំងស្រុង ប៉ុន្តែ​នៅតែ​តំណាងឱ្យ​អត្តសញ្ញាណ និង​ម៉ាក​សញ្ញា​អាជីវកម្ម​របស់​ធនាគា​រ​FTB ។​

​លោក​សត្យា​បាន​បន្តទៀតថា​៖“​ធនាគារ​FTBសម្រេចបាន​នូវ​ភាព​ច្នៃប្រឌិត​ប្រកបដោយ​ការយកចិត្តទុកដាក់​ខ្ពស់​លើ​ការបំពេញ​តាម​តម្រូវការ​របស់​អតិថិជន​។នៅ​ពី ក្រោយ​ភាព​ច្នៃប្រឌិត​នេះ ក្រុមការងារ​ទទួលបន្ទុក​គំរោង​របស់​ធនាគារ​បា​ន​បំពេញភារកិច្ច​យ៉ាង​ជិតស្និត​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ដើម្បី​សម្រេច​ឱ្យបាន​នូវ​ការអភិវឌ្ឍន៍ ដែល​ផ្តល់​អត្ថ ប្រយោជន៍​ដល់​អតិថិជន និង​អ្នកប្រើប្រាស់​។ មូលហេតុ​ទាំងនេះហើយ​ដែល​ជាមួយនឹង​FTB Mobile ធនាគារ​FTB ប្តេជ្ញា​ផ្តល់​សេវា​ជូន​អតិថិជន​ដោយមាន​ការយក ចិត្ត ទុកដាក់​ខ្ពស់ ហើយ​ព្រមទាំង​មាន​បុគ្គលិក​ផ្នែក​ថែទាំ​អតិថិជន​នៅ​រង់ចាំ​គាំទ្រ និង​ផ្តល់​សេវា​ជូន​២៤​ម៉ោង​ក្នុង​មួយថ្ងៃ និង​៧​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​។​“

​សេវាកម្ម​ជាច្រើន​សំបូរបែប​ដែល​ផ្តល់ជូន​ដោយ FTB Mobile ហើយ​អតិថិជន​អាចធ្វើ​ការពិនិត្យ​សមតុល្យ ផ្ទេរប្រាក់​រវាង​គណនី​នៅក្នុង​ធនាគារ​FTB ផ្ទេរប្រាក់​ទៅ​គណនី​នៅ​ធនាគារ​ក្នុងស្រុក ធ្វើ​កាលវិភាគ​ទូទាត់​វិក្កយបត្រ ផ្ទេរប្រាក់​ទៅ​ក្រៅប្រទេស បង់ថ្លៃ​ទំនិញ សេវា​តាមរយៈ​ការ​ស្កេ​ន QR និង​ការស្នើសុំ​កម្ចី​នៅលើ​កម្មវិធី FTB Mobile ផងដែរ​៕Ph