​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​និយាយថា រុស្ស៊ី​មិន​សម្លឹង​រក​ការបញ្ចប់​សង្គ្រាម​របស់​ខ្លួន​នៅ​អ៊ុយ​ក្រែន​ត្រឹម​ថ្ងៃ​ជ័យជម្នះ​ទី​៩ ខែ​ឧសភា​នោះ​ទេ​ខណៈ​ប្រទេស​នេះ​ត្រៀម​​ប្រារព្ធ​ពិធី​ដ៏​សំខាន់​នៅក្រោម​ពពក​អាប់​នៃ​ជម្លោះ​ដ៏​ប្រល័យ​។​

​ថ្លែង​ជា​មួយ​សារព័ត៌មាន​អ៊ីតាលី Mediaset លោក សឺ​ហ្គេ ឡាវ​រ៉ូវ បាន​ទទូចថា ទីក្រុង​មូ​ស្គូ​នឹងមិន​ប្រញាប់ប្រញាល់​បញ្ចប់​អ្វីដែល​គេ​ហៅថា “​ប្រតិបត្តិការ​យោធា​ពិសេស​”​របស់​ខ្លួន​ទាន់​ពេល​សម្រាប់​​ខួប​ជ័យជម្នះ ដែល​អបអរ​ការចុះចាញ់​របស់​ណា​ស៊ី​អាល្លឺម៉ង់​ចំពោះ​កងកម្លាំង​សម្ពន្ធមិត្ត រួម​ទាំង​សហភាពសូវៀត​ក្នុង​ឆ្នាំ ១៩៤៥ ។​

​លោក​ឡាវ​រ៉ូ​បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃអាទិត្យ ទី​១ ឧសភា​ថា “​យោធា​របស់​យើង​នឹង​មិន​កែតម្រូវ​សកម្មភាព​របស់​ពួក​គេ​ដោយ​សិប្បនិម្មិត​ឱ្យ​ត្រូវ​នឹង​កាលបរិច្ឆេទ​ណាមួយ​នោះឡើយ រួម​ទាំង​ទិវា​ជ័យជម្នះ​”​។​

​លោក​បាន​បន្ថែមថា “​ជាបឋម ល្បឿន​នៃ​ប្រតិបត្តិការ​នៅ​អ៊ុយ​ក្រែន​គឺ​ផ្អែក​លើ​តម្រូវការ​ក្នុង​ការកាត់បន្ថយ​ហានិភ័យ​ណាមួយ​សម្រាប់​ប្រជាជន​ស៊ីវិល និង​ទាហាន​រុស្ស៊ី​”​។​

​រុស្ស៊ី​ជាធម្មតា​ប្រារព្ធ​ទិវា​ជ័យជម្នះ​ទ្រង់ទ្រាយ​ធំ​យ៉ាង​អស្ចារ្យ ជាមួយនឹង​ក្បួន​ដង្ហែ​យោធា​ដ៏​ធំ​នៅ​កណ្តាល​ទីក្រុង​មូ​ស្គូ​និង​សុន្ទរកថា​របស់​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន​ដើម្បី​អបអរសាទរ​តួនាទី​នាំមុខ​​របស់​ប្រទេស​ក្នុងការ​កម្ចាត់​ពួក​ហ្វា​ស៊ីស​និយម​នៅ​អឺរ៉ុប​។​

​ប៉ុន្តែ​ការ​ប្រារព្ធ​ពិធី​នៅ​ឆ្នាំ​នេះ​នឹង​កើតឡើង​ក្រោម​ស្រមោល​យុទ្ធនាការ​យោធា​បង្ហូរ​ឈាម​របស់​ទីក្រុង​មូ​ស្គូក្នុង​ប្រទេ​សអ៊ុយ​ក្រែន ដែល​លោកពូ​ទី​ន​បាន​យក​លេស​ថា​ដើម្បី “​លុបបំបាត់​ពួក​ណា​ស៊ី​”​ពី​​អ៊ុ​យក្រែន​៕

​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក សឺ​ហ្គេ ឡាវ​រ៉ូវ ថា​រុស្ស៊ី​មិន​ប្រញាប់ប្រញាល់​បញ្ចប់សង្គ្រាម​អ៊ុយ​ក្រែន​ត្រឹមទិ​វា​៩​អបអរ​ការចុះចាញ់រ​បស់​ពួក​ណា​ស៊ី​អាល្លឺម៉ង់​ក្នុង​សង្គ្រាមលោកលើកទី​២ ថ្ងៃ​៩​ឧសភា​