ដោយ ៖ លី សុខ​ឃាង នាយក​មជ្ឈមណ្ឌល​សន្តិ​ភាព​អន្លង់វែង​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​/​ឧ​ត្ត​រ​មានជ័យ​៖​នៅ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២២ ឧ​ត្ត​ម​សេនីយ៍​ឯក ច​ន សាន់​ដឺ​សុន អតីត​មេបញ្ជាការ​កងកម្លាំងរ​បស់​អាជ្ញាធរ​បណ្តោះអាសន្ន អង្គការសហប្រជាជាតិ​នៅ​កម្ពុជា (​អ៊ុនតាក់​) ចាប់ពី​ឆ្នាំ​១៩៩២ ដល់​ឆ្នាំ​១៩៩៣​បានធ្វើ​ទស្សនកិច្ច​ពិ​សេសមួយ​ទៅកាន់ មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង ដែល​ត្រូវបាន​ផ្តួចផ្តើម​បង្កើតឡើង​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​។


ឧ​ត្ត​ម​សេនីយ៍​ឯក ច​ន សាន់​ដឺ​សុន អតីត​មេបញ្ជាការ​កងកម្លាំង​អ.ស.ប.រ​បស់​អាជ្ញាធរ​បណ្តោះអាសន្នអ.ស.ប.នៅ​កម្ពុជា​ចាប់ពី​ឆ្នាំ​១៩៩២ ដល់​ឆ្នាំ​១៩៩៣​នៅ​អន្លង់វែង​ ពេលទៅទស្សនកិច្ចនៅមជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​ ខេត្តឧត្តរមានជ័យ (រូបកណ្តាល),ភរិយាលោក ចន សាន់​ដឺសុន(ខាងឆ្វេង)លោកលី សុខ​ឃាង នាយក​មជ្ឈមណ្ឌល​សន្តិ​ភាព​អន្លង់វែង​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​(ខាងស្តាំ)។(រូបថតៈមជ្ឈមណ្ឌល​សន្តិ​ភាព​អន្លង់វែង​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​ដោយសារ​មានការ​គាំទ្រ​ជា​ចម្បង​ពី​ទីភ្នាក់ងារ​សហរដ្ឋ​អាម៉េរិក​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង បាន​ផ្តោត​ការងារ​របស់ខ្លួន​ទៅលើ​ការអប់រំ​អំពី​អំពើ​ប្រល័យពូជសាសន៍​ដល់​យុវជន​។​ការអប់រំ​អំពី​អំពើ​ប្រល័យពូជសាសន៍​គឺជា​ប្រធានបទ​ដ៏​លំបាក​មួយ ជាពិសេស​នៅ​អន្លង់វែង ដោយសារតែ​ប្រវត្តិ​រឿងរ៉ាវ​ដ៏​ស្មុ​គ្រ​ស្មាញ​នៅតាម​គ្រួសារ​នីមួយៗ ដែល​បាននិងកំពុង​បន្ត​និយាយ​និង​ពាំនាំ​ទៅកាន់​មនុស្ស​ជំនាន់​ក្រោយៗ​ទៀត​។ អស់​រយៈពេល​ជាង​២០​ឆ្នាំនេះ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាននិងកំពុង​ធ្វើ​កិច្ចការ​នេះ​ដោយមាន​ការសហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ធានា​ឲ្យ​ប្រាកដថា ប្រវត្តិសាស្ត្រ​នេះ​ត្រូវបាន​បង្រៀន​សម្រាប់​មនុ​ស្ស​គ្រប់​ជំនាន់​នាពេល​អនាគត​។​

​ឧ​ត្ត​ម​សេនីយ៍​ឯក ច​ន សាន់​ដឺ​សុន បាន​ទស្សនកិច្ច​មជ្ឈមណ្ឌល​ស​ន្តិ​ភាព​អន្លង់វែង និង​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ ព្រមទាំង​បាន​ជួប​ជាមួយ​អតីត​ទាហាន​ខ្មែរក្រហម​ដែរ​។ ដំណើរ​ទស្សនកិច្ច​រប​ស់​ឧ​ត្ត​ម​សេនីយ៍​ឯក ច​ន សាន់​ដឺ​សុន ទៅកាន់​អន្លង់វែង ត្រូវបានធ្វើ​ឡើងជា​លើកដំបូង​បង្អស់ ចាប់តាំងពី​ការដួលរលំ​តំបន់​តស៊ូ​ចុងក្រោយ​នៃ​ចលនា​ខ្មែរក្រហម កាលពី​ជាង​២០​ឆ្នាំមុន​។ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ក៏​ត្រូវបាន​អមដំណើរ​ដោយ​ភរិយា​របស់លោក ព្រមទាំង​លោក​ឯកអគ្គរាជទូត​អូស្ត្រាលី ប៉ា​ប្លូ កាង ដែរ​។

ឧ​ត្ត​ម​សេនីយ៍​ឯក ច​ន សាន់​ដឺ​សុន អតីត​មេបញ្ជាការ​កងកម្លាំង​អ.ស.ប.រ​បស់​អាជ្ញាធរ​បណ្តោះអាសន្នអ.ស.ប.នៅ​កម្ពុជា​ចាប់ពី​ឆ្នាំ​១៩៩២ ដល់​ឆ្នាំ​១៩៩៣​នៅ​អន្លង់វែង​ ពេលទៅទស្សនកិច្ចនៅមជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី៣០ខែមេសាឆ្នាំ២០២២(រូបថតមជ្ឈមណ្ឌល​សន្តិ​ភាព​អន្លង់វែង​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​ដំណើរ​ទស្សនកិច្ច​បាន​ចាប់ផ្តើម​ដោយមាន​ការបង្ហាញ​ពី​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​។​ខ្ញុំ​ក៏បាន​រៀបរាប់​ប្រាប់​អំពី​សកម្មភាព​ការងារ​ផ្សេងៗ​របស់​មជ្ឈមណ្ឌល​ដោយ​រាប់ទាំង​កម្មវិធី​អប់រំ​ស្តីពី​សន្តិភាព​និង​សិទ្ធិមនុស្ស​ដែល​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង បានផ្តល់​ជូន​ដល់​កូនចៅ​របស់​អតីត​សមាជិក​ខ្មែរក្រហម​។ អន្លង់វែង​មាន​ប្រជាជន​ចំនួន​ប្រមាណ​ជិត​៦​ម៉ឺន​នាក់ ដែល​៨០​ភាគរយ​នៃ​ប្រជាជន​នៅ​ទីនោះ​គឺជា​អតីត​សមាជិក​ខ្មែរក្រហម​។​អន្លង់វែង​បានធ្វើ​សមាហរណកម្ម​មក​ក្នុងសង្គម​ជាតិ​វិញ​នៅក្នុង​ឆ្នាំ​១៩៩៨ ដែលមាន​រយៈពេល​៥​ឆ្នាំ ក្រោយពី​អ៊ុនតាក់​បានបញ្ចប់​បេសកកម្ម​របស់ខ្លួន​។​

​ឧ​ត្ត​ម​សេនីយ៍​ឯក ច​ន សាន់​ដឺ​សុន ក៏បាន​ផ្តោត​ការចាប់អារម្មណ៍​លើ​ផ្ទាំង​ពិព័រណ៍​អចិន្ត្រៃយ៍​របស់​មជ្ឈមណ្ឌល​ដែរ ដែលមាន​បង្ហាញ​រូបភាព​និង​ព័ត៌មាន​ស្តីពី​ដំណើរ​មាតុភូមិនិវត្តន៍​របស់​ជនភៀសខ្លួន​កម្ពុជា កាលពី​សម័យ​អ៊ុនតាក់​។ នៅក្រោម​ការគ្រប់គ្រងរ​បស់​អ៊ុនតាក់ ជនភៀសខ្លួន​បាន​វិលត្រឡប់​មកកាន់​ភូមិឋាន​របស់ខ្លួន​វិញ​តាម​រទេះភ្លើង ដែល​បាន​ដាក់តាំង​បង្ហាញ​នៅលើ​ពិព័រណ៍​មួយ​ផ្ទាំង​។ ចំណែកឯ ពិព័រណ៍​មួយទៀត​បាន​ពណ៌នា​អំពី​រូបភាព ដែល​បានសរសេរថា​៖ «Benny Widyono​ឈរ​ក្នុងចំណោម​កងទ័ព​ខ្មែរក្រហម​នៅ​ប៉ៃលិន​ដែលជា​ទីស្នាក់ការ​កណ្ដាល របស់​ខ្មែរក្រហម នៅជាប់​ព្រំដែន​ថៃ ជា​តំបន់​មួយ​ដែល​មមាញឹក​ជាមួយនឹង​ការជួញដូរ​ត្បូង​មានតម្លៃ និង​ព្រៃឈើ​ជាមួយ​ឈ្មួញ​ជនជាតិ​ថៃ​។ ព្រះបាទ​សម្ដេចព្រះ​នរោត្តម សីហនុ បាន​អញ្ជើញ Benny Widyono អមដំណើរ​ជាមួយ​ទ្រង់ ដើម្បី​ត្រួតពិនិត្យ​តំបន់​ខ្មែរក្រហម នៅ​ខែកញ្ញា ឆ្នាំ​១៩៩២»​។ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក បាន​ចាប់អារម្មណ៍​ពិព័រណ៍​ទាំងនេះ ដោយសារតែ​បាន​រំឭក​ឡើងវិញ​ពី​សម័យ​កាលដែល​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ដឹកនាំ​កងកម្លាំង​អ៊ុនតាក់​។

​ឧ​ត្ត​ម​សេនីយ៍​ឯក ច​ន សាន់​ដឺ​សុន បានធ្វើ​ដំណើរ​ទៅកាន់​ទីតាំង​ប្រវត្តិសាស្ត្រ​មួយចំនួន​ដែរ​ដោយ​រាប់បញ្ចូល​ទាំង​អតីត​ផ្ទះ ប្រជុំ​របស់​តា​ម៉ុក​និង​ទីតាំង​បូជាសព​ប៉ុលពត​។​អតីត​ផ្ទះ​ប្រជុំ​របស់​តា​ម៉ុក​គឺជា​គោលដៅ​ទីមួយ​ដែល​បច្ចុប្បន្ន​គឺ​ជាទី​តាំងរបស់​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​។

​មជ្ឈមណ្ឌល​នេះ​បានប្រែក្លាយ​អតីត​ផ្ទះ​ប្រជុំ​នេះ​ឲ្យ​ទៅ​ថ្នាក់រៀន​សម្រាប់​យុវជន​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ និង​ប្រវត្តិសាស្ត្រ​សហគមន៍​អន្លង់វែង​។ ដោយមាន​ទីតាំង​នៅលើ​ខ្នងភ្នំ​ដងរែក​ថ្នាក់រៀន​នេះ​គាំទ្រ​ដល់​ការអប់រំ​ពី​អំពើ ប្រល័យ​ពូ​សាសន៍​ដល់​សិស្ស និង​និស្សិត​ប្រមាណ​ជា​៥០០​នាក់ នៅក្នុង​ប្រទេស​កម្ពុជា ព្រមទាំង​និស្សិត​បរទេស​ដែរ​។ កន្លងមក និស្សិត​បរទេស​ប្រមាណ​ជាជាង​១០​នាក់​នៃ​សកល​វិទ្យាល័យ​ម៉ូ​ណាស​របស់​ប្រទេស​អូស្ត្រាលី បានមក​បំពេញបេសកកម្ម​សិក្សា​ស្រាវជ្រាវ​អំពី​ប្រវត្តិសាស្ត្រ ការផ្សះផ្សា និង​ជំងឺផ្លូវចិត្ត ព្រមទាំង​ព័ត៌មាន​ស្តីអំពី​បរិស្ថាន និង​ធនធាន​រ៉ែ​នៅក្នុង​មូលដ្ឋាន​ទៀតផង​។

​និស្សិត​ទាំងអស់នោះ​ក៏បាន​ស្តាប់ឮ​ការនិយាយ​រៀបរាប់​ផ្ទាល់​ពី​អតីត​សមាជិក​ខ្មែរក្រហម និង​បាន​ពិភាក្សា ព្រមទាំង​រៀនសូត្រ​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម និង​ប្រវត្តិសាស្ត្រ​នៅក្នុង​តំបន់​។

​គោលដៅ​ទី​២​នៃ​ដំណើរ​ទស្សនកិច្ច​គឺជា​ទីតាំង​បូជាសព ប៉ុលពត​អតីត​មេដឹកនាំ​ខ្មែរក្រហម​និង​ជា​អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា ប្រជាធិបតេយ្យ ដែល​បាន​ស្លាប់​នៅក្នុង ខែមេសា ឆ្នាំ​១៩៩៨​។ ខ្ញុំ​ក៏បាន​ជម្រាប​ត្រួសៗ​ជូន លោក​ឧ​ត្ត​ម​សេនីយ៍ អំពី​ទីតាំង​ប្រវត្តិសាស្ត្រ និង​រឿងរ៉ាវ​មួយចំនួន​រហូតដល់​ការស្លាប់​របស់ ប៉ុល ពត​។

​បន្ទាប់ពី​ការដួលរលំ​ជា​ផ្លូវការ​របស់​របប​ខ្មែរក្រហម នៅក្នុង​ឆ្នាំ​១៩៧៩ ប៉ុល ពត និង​សមាជិក​ទាំងឡាយ​បាន​បន្ត​ការតស៊ូ ប្រដាប់អាវុធ​នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​ថៃ នៅក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០​។​

​នៅ​ដើម​ទសវត្ស​ន៍​ឆ្នាំ​១៩៩០ ចលនា​របស់ ប៉ុល ពត បានទទួល​រង​នូវ​ភាព​ឯកោ​ជា​លំដាប់ ហើយ​ការគាំទ្រ​ពី​អន្តរជាតិ​ចាប់ផ្តើម​កាត់ផ្តាច់ ដែល​ស្របទៅនឹង​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស នា​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១​។ ប៉ុល ពត បាន​បន្ត​ដកថយ​ពី​តំបន់​តស៊ូ​នានា មកកាន់​តំបន់​អន្លង់វែង​នៅ​ឆ្នាំ​១៩៩៣ ឬ​១៩៩៤​។ ប៉ុល ពត បានរួម​កម្លាំង​ជាមួយ ឈិ​ត ជឿន ហៅ តា​ម៉ុក ដែលជា​មេបញ្ជាការ​នៅ​តំបន់​អន្លង់វែង​។ នៅ​ទីបំផុត មេដឹកនាំ​ទាំងពីរ​បាន​វាយ​ប្រយុទ្ធ​គ្នា ដែល​កាន់តែ​ធ្វើ​ឲ្យ​ចុះខ្សោយ​ដល់​ចលនា​ខ្មែរក្រហម​។ ក្រោយមក ប៉ុល ពត ត្រូវបាន​នាំយកទៅ​កាត់ទោស​នៅក្នុង​តុលាការ​ប្រជាជន និង​ដាក់​ឲ្យ​នៅ​ឃុំខ្លួន​ក្នុងផ្ទះ​រហូតដល់​គាត់​ស្លាប់​។

ឧ​ត្ត​ម​សេនីយ៍​ឯក ច​ន សាន់​ដឺ​សុន ក៏បាន​ជួប​ជាមួយ វង សារ៉ន (រូបទី២រាប់ពីស្តាំ)ដែលជា​អតីត​ទាហាន​ខ្មែរក្រហម និង​ធ្លាប់ជា​សហការី​របស់លោក​នៅក្នុង​សម័យ​អ៊ុនតាក់(រូបថតមជ្ឈមណ្ឌល​សន្តិ​ភាព​អន្លង់វែង​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​ឧ​ត្ត​ម​សេនីយ៍​ឯក ច​ន សាន់​ដឺ​សុន ក៏បាន​ជួប​ជាមួយ វង សារ៉ន ដែលជា​អតីត​ទាហាន​ខ្មែរក្រហម និង​ធ្លាប់ជា​សហការី​របស់លោក​នៅក្នុង​សម័យ​អ៊ុនតាក់​។ ចលនា​ខ្មែរក្រហម​នៅតែ​ជា​បញ្ហា បន្ទាប់ពី​សម័យ​អ៊ុនតាក់​។ ប្រទេស​កម្ពុជា​បាន​ចំណាយពេល​ប្រាំ​ឆ្នាំក្រោយ​មកទៀត​ដើម្បី​បញ្ចប់​នូវ​រាល់​កម្លាំង​សេសសល់​របស់​ចលនា​ខ្មែរក្រហម​។

​អន្លង់វែង​បានក្លាយ​ជា​តំបន់​តស៊ូ​ចុងក្រោយ​នៃ​ចលនា​នេះ​ដែល​បានធ្វើ​សមាហរណកម្ម​ចូលមកក្នុង​រាជរដ្ឋាភិបាល​កម្ពុជា នៅក្នុង​ឆ្នាំ​១៩៩៨ នៅក្រោម​គោលនយោបាយ​ឈ្នះ ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល កម្ពុជា​។​

​នៅក្នុង​ឱកាស​នោះដែរ វង សារ៉ន ក៏បាន​សម្តែង​នូវ​សេចក្តី​រីករាយ​យ៉ាងខ្លាំង ដែល​បាន​ជួប​ជាមួយ លោក​ឧ​ត្ត​មនី​យ៍​ឯក ច​ន សាន់​ដឺ​សុន នៅ​អន្លង់វែង​។ អ្នក​ទាំងពីរ​បាន​និយាយ​គ្នា​ប្រកបដោយ​ភាពស្និទ្ធស្នាល​រីករាយ​ដោយ​រាប់​ចាប់តាំងពី​រយៈកាល ដែល​បាន​ជួបគ្នា រហូតដល់​គ្រា​លំបាក​ដែល​ខ្មែរក្រហម​ធ្វើពហិការ​មិន​អនុវត្តតាម​កិច្ចព្រមព្រៀង​។​អ្នក​ទាំងពីរ​បាន​អង្គុយ​ជជែក និង​ចែករំលែក​សាច់រឿង​នៃ​ទំព័រ​ប្រវត្តិសាស្ត្រ​កម្ពុជា និង​ប្រវត្តិសាស្ត្រ​របស់​អាស៊ីអាគ្នេយ៍​៕​សរន​

ឧ​ត្ត​ម​សេនីយ៍​ឯក ច​ន សាន់​ដឺ​សុន ក៏បាន​ជួប​ជាមួយ វង សារ៉ន (រូបទី១រាប់ពីឆ្វេង)ដែលជា​អតីត​ទាហាន​ខ្មែរក្រហម និង​ធ្លាប់ជា​សហការី​របស់លោក​នៅក្នុង​សម័យ​អ៊ុនតាក់(រូបថតមជ្ឈមណ្ឌល​សន្តិ​ភាព​អន្លង់វែង​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)