​​ដោយៈ វ៉ៃ​កូ / ស្វាយរៀងៈ លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង និង​ជា​ប្រធាន គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត នា​ព្រឹក​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០២២​នេះ បាន​អញ្ជើញ​ជា អធិបតី ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ ផែនការ​ការពារ​សន្តិ​សុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់ សម្រាប់​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ស្ថិតនៅ​សាលប្រជុំ​ធំ សាលាខេត្ត​។

​នៅក្នុង​ឱកាស​នោះ លោក​អភិបាលខេត្ត បាន​ផ្តាំផ្ញើ​នូវ​ចំណុច​សំខាន់ៗ មួយចំនួន ដូចខាងក្រោម​៖

១. គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង ស្រុក និង​កងកម្លាំង​ទាំងអស់ ត្រូវអនុវត្ត​នូវ​រាល់​តួនាទី ភារកិច្ច​របស់ខ្លួន ឲ្យ​បាន​ត្រឹមត្រូវ ស្របតាម​ផែនការ ដែល​បាន​ដាក់ចេញ ទាំង​នៅក្នុងពេល ឃោសនាបោះឆ្នោត ពេល​បោះឆ្នោត ពេល​រាប់​សន្លឹកឆ្នោត និង​ក្រោយពេល​បោះឆ្នោត ជាពិសេស ត្រូវ​បង្កលក្ខណៈ​ងាយស្រួល និង​ផ្ដល់​សេវា​សន្តិសុខ ដល់​គ្រប់​គណបក្សនយោបាយ បេក្ខជន​ទាំងអស់ តំណាង​គណបក្សនយោបាយ អ្នកសង្កេតការណ៍ ជាតិ​-​អន្តរជាតិ និង​ប្រជាពលរដ្ឋ​គ្រប់រូប ប្រកបដោយ​តម្លាភាព និង​គ្មាន​ការរើសអើង​។​

២. កងកម្លាំងប្រដាប់អាវុធ ទាំងបី​ប្រភេទ ដាច់ខាត ត្រូវ​ពង្រឹង​ការការពារ​សន្តិសុខ ឲ្យ​បាន ហ្មត់ចត់​បំផុត និង​ត្រូវ​ចាត់វិធានការ តាមច្បាប់ ឲ្យ​បាន​តឹងរ៉ឹង លើ​សកម្មភាព​ទាំងឡាយណា ដែល​រារាំង​ដល់​ដំណើរការ​បោះឆ្នោត​។​

៣. អាជ្ញាធរ​ដែនដី និង​មេបញ្ជាការ​កងកម្លាំង​ទាំងបី ត្រូវ​យកចិត្តទុកដាក់ តាមដាន​សភាពការណ៍ និង​ការប្រែប្រួល ឲ្យ​បាន​ទាន់ពេល ដើម្បី​សហការ​ជាមួយ គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត គ្រប់​ថ្នាក់ មាន​វិធាន​ការអប់រំ បំភ្លឺ​ជូន​មហាជន ឲ្យ​បាន​យល់​ពី​ហេតុការណ៍ ដែល​បាន​កើតឡើង និង​ចំណាត់ការ​របស់​សមត្ថ​កិច្ច ដើម្បី​ឲ្យ​គេ​ទាំងអស់គ្នា រក្សាបាន​នូវ​ភាពស្ងប់ស្ងាត់ ហ្នឹង​ហ្ន ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី និង​ទៅ​ចូលរួម​បោះឆ្នោត ឲ្យ​បាន​គ្រប់ៗ​គ្នា ។​

៤. អាជ្ញាធរ​ដែនដី និង​កម្លាំង​សមត្ថកិច្ច​ទាំងអស់ ត្រូវ​ចាត់វិធានការ នៅនឹងកន្លែង​ឲ្យ​បាន រហ័ស​បំផុត ទៅលើ​ហេតុការណ៍ និង​ឧបទ្ទវហេតុ​ផ្សេងៗ ដែល​កើតឡើង​ក្នុង​មូលដ្ឋាន សំដៅ​ទប់ស្កាត់ សកម្មភាព​បំពុលបរិយាកាស ឬ​កេងប្រវ័ញ្ច ខាង​ផ្នែក​នយោបាយ​ពី​មជ្ឈដ្ឋាន មួយចំនួន​។​

៥. មេបញ្ជាការ​កងកម្លាំង​ទាំងបី និង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល ក្រុង ស្រុក ត្រូវ​រៀបចំ ផែនការ​លម្អិត ដោយឡែក យោងតាម​តួនាទី​ភារកិច្ច និង​ការទទួលខុសត្រូវ ដែលមាន​កំណត់ ក្នុង​ផែនការ​របស់​គណៈបញ្ជាកា​រ​ឯកភាព​រដ្ឋបាលខេត្ត ដើម្បី​ចាត់ចែង​អនុវត្ត​ភារកិច្ច​ការពារ សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់ សម្រាប់​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត ឲ្យ​សម្រេច ជោគជ័យ លើ​គ្រប់​ដំណាក់កាល ។​

៦. បង្កើន​ការ​ក្ដាប់​សភាពការណ៍ ប្រមូល​ព័ត៌មាន​ពាក់ព័ន្ធ​សន្តិសុខ និង​សណ្ដាប់ធ្នាប់ នៅ គ្រប់​មូលដ្ឋាន​ទូទាំង​ខេត្ត ដើម្បី​ក្ដាប់​ឲ្យ​បាន​ជាមុន នូវ​គ្រប់​ឧបាយកល ផែនការ​សកម្មភាព របស់​ជនខិលខូច ដែល​ប៉ុនប៉ង​បង្ក​ជា​ឧបសគ្គ ឬ​បំផ្លាញ​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត ដើម្បី​មាន​វិធានការ ទប់ស្កាត់ និង​បង្ក្រាប ឲ្យ​បាន​ទាន់ពេលវេលា​។

៧. ក្ដាប់​ឲ្យ​ជាប់​នូវ​រាល់​សភាពការណ៍ សកម្មភាព​ប្រមូលផ្ដុំ ទាមទារ​តវ៉ា​លើ​បញ្ហា​ផ្សេងៗ ដើម្បី​មាន​វិធានការ ដោះស្រាយ​ដោយ​សន្តិវិធី ឲ្យ​បាន​សមស្រប និង​មាន​ប្រសិទ្ធភាព​។

៨. ចំពោះមុខ រាល់​គ្រប់​ហេតុការណ៍​ទំនាស់​ផ្សេងៗ ដែល​កើតឡើង នៅ​មូលដ្ឋាន ត្រូវខិតខំ ដោះស្រាយ​ពី​ដើមទី ដោយ​មិនត្រូវ​ទុក​ឲ្យ​ក្លាយជា​ទំនាស់​រ៉ាំរ៉ៃ ដែល​អាច​បង្ក​ឲ្យ​មាន ចលាចល​សង្គម និង​ក្លាយជា​ឧបករណ៍ នៃ​ការ​កេងចំណេញ ផ្នែក​នយោបាយ​។​

៩. ពង្រឹង​ការចាត់តាំង​អនុវត្ត គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព ឲ្យ​កាន់តែ​សកម្ម ថែមទៀត ទាំង​ការប្រជុំ​ផ្សព្វផ្សាយ និង​ការធ្វើ​វេទិកាសាធារណៈ នៅតាម​មូលដ្ឋាន ភូមិ ឃុំ​។​

១០. ជំរុញ និង​រឹតបន្តឹង​ការអនុវត្ត​វិធានការ បង្ការ​ហេតុការណ៍​គ្រោះថ្នាក់​នានា និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ​ឲ្យ​បាន​ម៉ឺងម៉ាត់ និង​ម៉ត់ចត់​ជាទីបំផុត ជាពិសេស​បទល្មើស​លួច ប្លន់​ប្រដាប់អាវុធ អំពើ​មនុស្សឃាត អំពើហិង្សា បង្ក​របួសស្នាម និង​ការគំរាមកំហែង បំភិតបំភ័យ ជាដើម ។​

១១. នៅក្នុង​ដំណាក់កាល នៃ​ការឃោសនាបោះឆ្នោត ជនខិលខូច​មួយចំនួន នឹង​ឆ្លៀតឱកាស យក​បញ្ហា​ទាំងអស់នេះ ផ្សារភ្ជាប់​ទៅនឹង​រឿង​នយោបាយ ដូច្នេះ កងកម្លាំង​យើង​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់ ការពារ​ឲ្យ​បានល្អ នូវ​សុវត្ថិភាព ចំពោះ​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត សន្តិសុខ សណ្ដាប់ធ្នាប់ នៅក្នុងពេល​ឃោសនា ជាពិសេស​ត្រូវ​មានការ​អត់ធ្មត់ ឲ្យ​បានជា អតិបរមា​៕/V​