​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ,បំណង(​ស្ត្រេត​ថែមស៍,វ៉េអិនអិចស្រ្ពេស​) ៖ រលក​កម្តៅ​ស្ទើរ​រលាក​បាន​ដុត​កម្លោច​វាលស្រែ​ស្រូវ​សាលី​នៅក្នុង​ប្រទេស​ឥណ្ឌា ដោយ​កាត់បន្ថយ​ទិន្នផល​របស់​អ្នក​ដាំ​ដុះ​ធំជាងគេ​ទី​ពីរ​លើ​លោក​និង​ធ្វើ​​ឱ្យ​ថយចុះ​ការរំពឹង​ទុក​សម្រាប់​ការនាំចេញ​ដែល​ពិភពលោក​កំពុង​ពឹងផ្អែក​លើ ដើម្បី​កាត់បន្ថយ​កង្វះ​ស្រូវ​សាលី​ជា​សកល​។​

​សីតុណ្ហភាព​បាន​កើនឡើង​ខ្ពស់​ក្នុង​ខែ​មីនា​រហូត​ដល់​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​សម្រាប់​ខែ​ដដែល​នៅលើ​កំណត់ត្រា​តាំងពី​ឆ្នាំ ១៩០១​ដោយ​ធ្វើឱ្យ​ដំណាំ​ស្រូវ​សាលី​របស់​ឥណ្ឌា​ធ្លាក់ចុះ​ក្នុងអំឡុង​​រដូវ​ដាំ​ដុះ​ដ៏​សំខាន់​។ នោះ​បាន​បង្កើន​ការប៉ាន់ប្រមាណ​ថា ទិន្នផល​នឹង​ធ្លាក់ចុះ​ពី ១០ ភាគរយ​ទៅ ៥០ ភាគរយ​នៅក្នុង​រដូវ​កាល​ឆ្នាំនេះ នេះ​បើ​យោង​តាម​កសិករ​និង​មន្ត្រី​រដ្ឋាភិបាល​ក្នុង​តំបន់​ជាង​១០​នាក់​ដែល​ស៊ើបសួរ​ដោយ​វេបសាយ Bloomberg ។​

​នេះ​អាច​ជា​ការ​វាយ​សំពង​យ៉ាងធ្ងន់ធ្ងរ​ដល់​ការផ្គត់ផ្គង់​ស្រូវ​សាលី​ជា​សាកល​បន្ទាប់​ពី​សង្គ្រាមរ​បស់​រុស្ស៊ី​ក្នុងប្រទេស​អ៊ុយ​ក្រែន​បាន​កាត់ផ្តាច់​លំហូរ​ពាណិជ្ជកម្ម​ចេញពី​តំបន់​ស្បៀងអាហារ​នៅ​សមុទ្រ​ខ្មៅ​​ដ៏​សំខាន់ ដោយ​ជំរុញ​ឱ្យ​មាន​ការព្រមាន​អំពី​ការខ្វះខាត​ស្បៀងអាហារ​។ ប្រទេស​នាំចូល​នានា​កំពុង​ងាក​ទៅរក​ប្រទេស​ឥណ្ឌា​សម្រាប់​ការផ្គត់ផ្គង់ ដោយ​ការដឹកជញ្ជូន​ដំបូង​ត្រូវបាន​រៀបចំ​សម្រាប់​អ្នក​ទិញ​កំពូល​គឺ​អេ​ហ្ស៊ី​ប​។ ការផលិត​ទាប​នឹង​ធ្វើឱ្យ​ប៉ះពាល់​ដល់​សមត្ថ​ភាព​របស់​ឥណ្ឌា​ក្នុងការ​បំពេញ​កង្វះ​ខាត​។​

​រដ្ឋមន្ត្រី​ក្រសួង​ស្បៀងអាហារ​និង​ពាណិជ្ជកម្ម​បាន​ព្យាករណ៍​ថា ឥណ្ឌា​នឹង​នាំចេញ​ស្រូវ​សាលី​ឱ្យបាន ១៥ លាន​តោន​ក្នុង​ឆ្នាំសារពើពន្ធ​នេះ​ដែល​ជា​កំណត់ត្រា​ខ្ពស់​មិន​ធ្លាប់​មាន​និង​ច្រើន​ជាង​ទ្វេដង​នៃ​អ្វី​​ដែល​ខ្លួន​បាន​នាំ​ចេញ​កាលពី​ឆ្នាំមុន​។​

​កំដៅ​ស្ទើរ​រលាក​បាន​ធ្វើឱ្យ​មាន​ការសង្ស័យ​លើ​ការនាំ​ចេញ​នេះ​។​វា​ក៏​បង្កើន​ការព្រួយបារម្ភ​ផងដែរ​សម្រាប់​ទីផ្សារ​ក្នុងស្រុក​ដោយ​មនុស្ស​រាប់​លាន​នាក់​ពឹងផ្អែក​លើ​ការ​ធ្វើ​កសិកម្ម​ជា​ប្រភព​ចិញ្ចឹមជីវិត​​និង​អាហារ​ចម្បង​របស់​ពួកគេ​។ ការផលិត​ខ្សោយ​នឹង​នាំ​ឱ្យ​ប្រាក់​ចំណូល​របស់​កសិករ​ធ្លាក់ចុះ ខណៈ​តម្លៃ​ជីរ​និង​ប្រេងឥន្ធនៈ​បាន​កើនឡើង​។​រដ្ឋាភិបាល​ក៏​ទិញស្រូវ​សាលី​សម្រាប់​កម្មវិធី​ជំនួយ​ស្បៀងអាហារ​​របស់​ខ្លួន​ផង​ដែរ​។​

​លោក អា​ចាយ វៀ ចា​ខា (Ajay Vir Jakhar)​ប្រធាន​សមាគម​កសិក​រ​មួយ រំពឹង​ថា​ទិន្នផល​នឹង​ធ្លាក់​ចុះ​ជា​មធ្យម ១៥ ភាគរយ​នៅ​ទូទាំង​ប្រទេស​ឥណ្ឌា​ដោយសារ​តែ​កម្តៅ​។ ​កសិករ​ដាំ​ស្រូវ​សាលី​ម្នាក់ទៀត​ឈ្មោះ ម៉ា​នី​ស តូ​កាស (Manish Tokas)​បាន​និយាយថា ទិន្នផល​នៅ​កសិដ្ឋាន ៨,៥ ហិកតា​របស់​គាត់​នៅ​តំបន់​ហា​យ៉ាណា (Haryana) ធ្លាក់ចុះ​មួយ​ភាគបី​។ លោក​គ្រោង​នឹង​បន្ត​ដាំ​ដំណាំ​របស់​លោក​រយៈពេល​ពីរ​បី​ខែ​ទៀត ដោយ​រំពឹងថា​តម្លៃ​ក្នុងស្រុក​នឹង​ឡើងថ្លៃ ដែល​ជួយ​ប៉ះប៉ូវ​ដល់​ទិន្នផល​ទាប​។​

​ការផលិត​ខ្សោយ​នឹង​នាំ​ឱ្យ​ប្រាក់​ចំណូល​របស់​កសិករ​ធ្លាក់ចុះ ខណៈ​តម្លៃ​ជីរ​និង​ប្រេងឥន្ធនៈ​បាន​កើនឡើង

​កំដៅ​ក៏​នាំ​អោយ​សេចក្តីត្រូវការ​ចរន្តអគ្គិសនី​នៅ​ឥណ្ឌា​កើនឡើង​ដល់​កំរិត​ខ្ពស់​មិន​ដែល​មាន​ផង​ដែរ​សំរាប់​ខែ​មេសា នៅពេល​បណ្តា​រដ្ឋ​ភាគ​ខាងជើង​ជួប​អាកាសធាតុ​ក្តៅ​ខ្លាំង​បំផុត​បើ​ធៀប​នឹង​អាកាស​​ធាតុ​នៅ​ប៉ុន្មាន​ទសវត្សរ៍​មក​នេះ​។​កំណើន​នៃ​ការប្រើ​ម៉ាស៊ីនត្រជាក់​បង្កអោយមាន​វិបត្តិ​ថាមពល​ដ៏​អាក្រក់​បំផុត​នៅ​រយៈពេល​ជាង​ប្រាំមួយ​ឆ្នាំ​មកនេះ​។​

​ទិន្នន័យ​រដ្ឋាភិបាល​បានបង្ហាញ​ថា តំរូវការ​ថាមពល​បាន​កើន​១៣,២​ភាគរយ​នៅពេល​តំរូវការ​ថាមពល​នៅ​ភាគ​ខាងជើង​កើន​រវាង​១៦​ទៅ​៧៥​ភាគរយ​។​ការប្រើ​ចរន្តអគ្គិសនី​ត្រូវ​រំពឹងថា​នឹង​កើនឡើង​​នៅពេល​ការិយាល័យ​អាកាសធាតុ​ឥណ្ឌា​បាន​ព្យាករណ៍​ថា​សីតុណ្ហភាព​កើន​លើស​ធម្មតា​នៅ​ប៉ែក​កណ្តាល ពាយ័ព្យ ខាងជើង​និង​ឦសាន​ប្រទេស​។​

​សូមបញ្ជាក់​ថា ឥណ្ឌា​និង​ប្រទេស​ក្បែរ​ខាង​ប៉ា​គី​ស្ថាន​កំពុង​រង​កំដៅ​ខ្លាំង​នៅ​ឆ្នាំ​នេះ និង​មនុស្ស​ជាង​១​ពាន់​លាន​នាក់​កំពុង​ប្រឈម​កំដៅ​បែបនេះ នៅ​ពេល​ពួក​អ្នកវិទ្យាសាស្ត្រ​ភ្ជាប់​វា​ទៅ​នឹង​ការប្រែប្រួល​​អាកាសធាតុ​។​

​កំណើន​នៃ​ការប្រើ​ចរន្តអគ្គិសនី​មិន​ធម្មតា នាំអោយ​មាន​ការ​កាត់ផ្តាច់​ចរន្តអគ្គិសនី​កាលពី​ខែ​មេសា ដោយ​រដ្ឋធានី​ញូ​វ ដេល្លី​កើន​៤២​ភាគរយ​និង​បណ្តា​រដ្ឋ​ភាគ​ខាងជើង​កើន​ប្រមាណ​៣០​ភាគរយ​៕

​ទិដ្ឋភាព​ម៉ាស៊ីនត្រជាក់​នៅ​ជញ្ជាំង​អាគារ​មួយ​ក្នុង​ក្រុង​ញូ​វ ដេល្លី​។​កំណើន​នៃ​ការប្រើ​ម៉ាស៊ីនត្រជាក់​បង្កអោយមាន​វិបត្តិ​ថាមពល​ដ៏​អាក្រក់​បំផុត​នៅ​រយៈពេល​ជាង​ប្រាំមួយ​ឆ្នាំ​មកនេះ​