ដោយៈ ភ្នំ​សន្ទុក / កំពង់ធំៈ ប្រជាកសិករ​ដាំ​ទុរេន​ នៅក្នុង​ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្តាន់ បាន​អះអាង​ថា ការប្រមូល​ផល​ទុរេន រួម​ទាំងចំនួន​ផ្ទៃដី​ចម្ការ​ទុរេន នៅក្នុង​ឆ្នាំ​២០២២ នេះ មានការ​កើនឡើង ដូចគ្នា​។​​ ចម្ការ ទុរេន ត្រូវការ ដើម​ទុន​ច្រើនណាស់ ហើយ​ការ​ថែទាំ ​ក៏មាន​ការពិបាក​ខ្លាំង​ដែរ តែ​ពួកគាត់​ ចង់​បញ្ចេញស្នាដៃ និង​បញ្ចេញ​មុខមាត់​ស្រុក ខេត្ត​ខ្លួនឯង​ថា ខេត្តកំពង់ធំ ក៏មាន​ចម្ការទុរេន ហើយ​រសជាតិ​វិញ​ មិន​ចាញ់​ខេត្ត​ដ​ទៃ និង​ក្រៅប្រទេស​ដែរ ។

​ស្ដ្រី​ជា​កសិករ ដាំ​ទុរេន ឈ្មោះ សាន់ ម៉ិច រស់នៅ​ភូមិ​អូរ​ពក​សាមគ្គី ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្តាន់ បានឱ្យដឹងថា លោកស្រី និង​ក្រុមគ្រួសារ កាលពី ១០ ឆ្នាំមុន បាន​សាកល្បង​ដាំ​ដើម​ទុរេន ត្រឹមតែ ៥០ ដើម​ប៉ុណ្ណោះ ហើយ​ក្នុង​រយៈពេល ៦ ឆ្នាំ ទើប​ប្រមូល​ផល​បាន ហើយ​ពេលនោះ លោកស្រី និង​ក្រុមគ្រួសារ ចាប់ផ្តើមបាន​ទទួលផល ពី​ផ្លែ​ទុរេន ដោយ​ទទួលបាន​ចំណូល គួរសម រហូត​បាន​ដើមទុន និង​ឈានទៅ​ពង្រីក​ផ្ទៃដី ដាំ​ទុរេន មាន​ទំហំ​ចំនួន ៥ ហិកតា ស្មើនឹង​ចំនួន ៥០០ ដើមនាពេល​សព្វថ្ងៃ​នេះ​​។

​លោកស្រី បន្តថាៈ ឆ្នាំនេះ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំមុន គឺ​ទទួលបាន​ផល​គុណ​ជា​បី​ឯណោះ ។ ទាំងអស់នេះ ដោយសារតែ​គ្រួសារ​របស់លោក​ស្រី បាន​ខិតខំ​ថែទាំដើម​ទុរេន តាម​បច្ចេកទេស ដែលទទួលបានពីសា​លា និង​ពី​បរទេស។ ដំណាំទុរេន លោកស្រីមិនបាន​ប្រើប្រាស់​ជី​គីមី​ទេដោយ​ប្រើតែ​ ជីលាមក​គោ ក្របី មាន់ និង​ឆ្អឹង​សត្វ​ប៉ុណ្ណោះ ។

​​កសិករ​ម្នាក់ទៀត ឈ្មោះ អឿន រដ្ឋា បានឱ្យដឹងថា ចម្ការ​ទុរេន​របស់គាត់នេះ គឺ​ឪពុកម្តាយ បាន​ចាប់​ដាំ តាំងពី​ខ្លួន​នៅ​ក្មេងៗ មកម្ល៉េះ រហូត​ទុរេន បាន​អាយុ ៤ ឆ្នាំ ឪពុក​ខ្លួន បាន​ឱ្យទៅ សិក្សា​បន្ថែម ផ្នែក​កសិកម្ម នៃ​មហាវិទ្យាល័យ​មួយ នៅ​រាជធានី​ភ្នំពេញ រយៈពេល ៥ ឆ្នាំ។ ​ខ្លួន​បាន​រៀន​ចប់ ក៏​ត្រឡប់មកវិញ បាន​យកចំណេះដឹងដែលរៀនពីសាលានិង​បច្ចេកទេស​ថ្មី យកមកអនុវត្ត​ជាក់ស្តែង នៅក្នុង​កសិដ្ឋាន​ចម្ការ​ទុរេន ចម្ការកៅស៊ូ ចម្ការស្វាយចន្ទី ឃើញថាបានទទួលបាន​ផល ច្រើន ជាង​មុនពេល​លោកបាន​សិក្សា​ទៅទៀត​។

​កសិករ​ម្នាក់ទៀត គឺ​លោក ប៊ុន អេង បានឱ្យដឹងថា កាលពីមុន ចម្ការ​របស់លោក គឺ​​ដាំចេក ។ប៉ុន្តែ​ដោយសារតែ ចេក មិនអាច​ទទួលបាន​ផល​ល្អ ដូច្នេះហើយ លោក និង​ក្រុមគ្រួសារ បានសម្រេច​ចិត្ត​ទិញ​កូន​ទុរេន ពី​ប្រទេស​ថៃ មកដាំ​នៅលើ​ទឹកដីនៅ​ឃុំ​មាន​រិ​ទ្ធ តែម្តង​ ។

​លោក​និយាយបន្តថាដំណាំ​ទុរេន​នេះ​ចាំបាច់​ណាស់ ត្រូវតែមាន​បច្ចេកទេស ច្បាស់លាស់ ត្រឹមត្រូវ ទើប​យើង​ទទួលបាន​ជោគជ័យ ក្នុង​ការដាំ​ទុរេន ឱ្យបាន​ទិន្នផល​ល្អ​។

​ លោក អ៊ុត វណ្ណ​រ៉ា អភិបាលស្រុក​សណ្តាន់ បាន​ប្រាប់​ឱ្យដឹងថា ស្រុក​សណ្តាន់ជា​ស្រុក​ដាច់ស្រយាល​មួយ ក្នុងចំណោម​ក្រុង ស្រុក​ទាំង ៩ នៃ​ខេត្តកំពង់ធំ ។ស្រុក​មាន​ចម្ងាយ ៨៥ គីឡូម៉ែត្រ ពី​ទី​រួម​ខេត្ត ។ស្រុកមាន​ព្រំប្រទល់ ខាងជើង​ជាប់​នឹង​ស្រុក​រវៀង ខេត្តព្រះវិហារ, ខាងត្បូង ជាប់​នឹង​ស្រុក​សន្ទុក និង​ស្រុក​ប្រាសាទ​សំបូរ ខាងលិច​ជាប់​នឹង​ស្រុក​ប្រាសាទ​សំបូរ និង ស្រុក​ប្រាសាទ​ប​ល្ល័​ង្គ និង​ខាងកើត ជាប់​និង​ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង និង​ស្រុក​សំបូរ ខេត្តក្រចេះ​។លោក​បាន​បន្តថា  នៅ​ស្រុក​សណ្តាន់​មាន​ដំណាំ​គួបផ្សំ ជាពិសេសគឺ​ដំណាំ​ទុរេន​នេះ៕V/srn