ដោយៈ បូកគោ / កែប​: មន្ត្រី​ទទួលបន្ទុក បេសកកម្ម​ពិសេស និង​ជា​ប្រធាន​ក្រុមការងារ រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្ត​កែប បាន​អំពាវនាវ​ដល់ក​ម្មករ កម្មការិនី អញ្ជើញ​ចូលរួម បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ នាពេលខាងមុខ ឲ្យ​បាន​គ្រប់ៗ​គ្នា​។ ការអំពាវនាវ នេះ បានធ្វើ​ឡើង កាលពី​ព្រឹក​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០២២ ក្នុង​ពិធី​អបអរសាទរ ខួប​អនុស្សាវរីយ៍ លើក​ទី​១៣៦ ទិវា​ពលកម្ម​អន្តរជាតិ​១ ឧសភា នា​បរិវេណ​រោងចក្រ​កៃ​យ៉ាង​ស៊ីន​ស៊ូ ស្ថិត​ក្នុងភូមិ​អន្ទង់ស ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ​។​

​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល ខាងលើ លោក ជិន ប៊ុនស៊ាន ប្រធាន​ក្រុមការងារ រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្ត​កែប បាន​មានប្រសាសន៍ថាៈ ក្រោម​កិច្ចដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់ សម្តេច​អគ្គ មហា​សេនាបតី​តេ​ជោ ហ៊ុន សែន ប្រទេសជាតិ មាន​សុខសន្តិភាព និង​រីកចម្រើន លើ​គ្រប់​វិស័យ​។ សមិទ្ធផល ទាំង​ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ បានកើត​ឡើង ព្រម​គ្នា ពេញ​ផ្ទៃ​ប្រទេស​។​

​លោក​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ បាន​ក្រើន​រំលឹកថាៈ ជាមួយ​ភាពសុខសាន្ត និង​សម្បូរ សប្បាយ​ទាំងនេះ បងប្អូន​កម្មករ កម្មការិនី ត្រូវខិតខំ​ថែរក្សា​សុខភាព ឲ្យ​បានល្អ និង​បន្ត​ចាក់ វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ទាំង​ដូ​ស​មូលដ្ឋាន និង​ដូ​ស​ជំរុញ ហើយ​បន្ត​អនុវត្ត នូវ​វិធានការ ៣​កុំ ៣ ការពារ ជាប្រចាំ​។ ជាមួយ​នោះ ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ឲ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​ភាព​សុខដុម​ផ្ទាល់ខ្លួន និង​អ្នកដទៃ​។ ពិសេស​ជាង​នេះ សូម​ក្មួយៗ កម្មករ កម្មការិនី អញ្ជើញ​ចូលរួម​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិ​ទី​៥ ដែល​នឹង​ប្រព្រឹត្តទៅ ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២២ ឲ្យ​បាន​គ្រប់ៗ​គ្នា​។​

​ក្នុង​ពិធី​នេះ លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បាន​អាន​សារលិខិត​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជូន​កម្មករ និយោជិត ឲ្យ​បាន​ជ្រាប អំពី​អត្ថន័យ និង​ខ្លឹមសារ នៃ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ផងដែរ​៕/V​