ដោយ​: ភ្នំ​ស្វាយ / ព្រំដែន​កម្ពុជា​-​ថៃៈ មន្ត្រី​អាជ្ញាធរ កងកម្លាំង​មាន​សមត្ថកិច្ច នៃ​ភាគី​កម្ពុជា​-​ថៃ បន្ត​ទំនាក់ទំនង សហប្រតិបត្តិការ សម្របសម្រួល ពន្យល់​ពី​ការវិវត្តន៍​ថ្មីៗ ស្តីពី​ព័ត៌មាន នៃ​ការបើក​ច្រកព្រំដែន​អន្តរជាតិ ប៉ោយប៉ែត (​កម្ពុជា​) – ខ្លង​លឹក (​ថៃ​) ឡើងវិញ សម្រាប់​អ្នក ឆ្លងដែន ទៅកាន់​ប្រទេស​ថៃ ដែល​ភ្ជាប់​នូវ​ល័ក្ខខ័ណ្ឌ​លំបាក​មួយចំនួន​។​

​មកទល់​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០២២ នេះ លោក នេ​ត សេរី អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំខេត្ត​ស្រះកែវ ព្រះរាជាណាចក្រ​ថៃ លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលរង ខេត្តបន្ទាយមានជ័យ តំណាង​លោក អ៊ុំ រាត្រី អភិបាលខេត្ត លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត លោកនាយ នាយរង​ប៉ុស្តិ៍នគរបាល ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត និង​សម​ភាគី​ថៃ មាន​លោក​អភិបាលរង ខេត្ត​ស្រះកែវ លោក​មេបញ្ជាការ កម្លាំង​បូរ៉ា​ផា ទិស​ច្រក​ខ្លង​លឹក លោក​អភិបាលរង ស្រុក​អារញ្ញ ប្រាថេត វរសេនីយ៍ រុង ថង​ម៉ុ​ន មេ​នគរបាល​អន្តោប្រវេសន៍​ថៃ ច្រកព្រំដែន​អន្តរជាតិ ខ្លង​លឹក និង​មន្ត្រី​កងកម្លាំង មាន​សមត្ថកិច្ច​ពាក់ព័ន្ធ បាន​ស្កាត់​ជួបគ្នា​ជាប្រចាំ តាំងពី​មុនពេល​កំពុង និង​ក្រោយ​បើក​ច្រកព្រំដែន អន្តរជាតិ​ប៉ោយប៉ែត​-​ខ្លង​លឹក សម្រាប់​ពលរដ្ឋ អ្នកដំណើរ និង​ភ្ញៀវ អោយ​ឆ្លង​ចូល ទៅ​ប្រទេស​ថៃ បាន​ពី​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២២ តទៅ​។​

​មន្ត្រី​ដូចខាងលើ បានអោយដឹងថាៈ ដោយសារ​មាន​ព័ត៌មាន និង​ស្ថានភាព​ប្រែប្រួល ស្តីពី​ការបើក​ច្រកទ្វារព្រំដែន អន្តរជាតិ ប៉ោយប៉ែត​-​ខ្លង​លឹក​នេះ ទើប​មន្ត្រី​នៅ​ប្រចាំការ បាន​សហប្រតិបត្តិការ សម្របសម្រួល ដោះស្រាយ​គ្នា អោយបាន​លទ្ធផល​ល​ល្អ រលូន អាច​ទទួលយកបាន​។​

​មន្ត្រី​ក៏បាន​បំភ្លឺ ឬ​ផ្តល់​!​ការផ្សព្វផ្សាយ ពន្យល់ ទាក់ទិន​ល័ក្ខខ័ណ្ឌ ឯកសារ បែបបទ​ឆ្លងដែន បែបបទ​ធានារ៉ាប់រង​សុខភាព ប័ណ្ណ​ធ្វើដំណើរ​ចូល​ប្រទេស​ថៃ ឬ​ហៅថា Thailand Pass ជាដើម​។​

​សួ​ម​បញ្ជាក់ដែរថា នៅពេល​ច្រកព្រំដែន កម្ពុជា – ថៃ ចាប់ផ្ដើម​បើក ដំណើរការ​ឡើងវិញ ចាប់ពី ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២២ តទៅ​នេះ ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស ថៃ នៅ​ថ្ងៃ​ដដែល​នោះ ក៏បាន​ចេញផ្សាយ អំពី​ល័ក្ខខ័ណ្ឌ​ចាំបាច់ សម្រាប់​ការធ្វើដំណើរ ចេញពី​កម្ពុជា ឆ្លងទៅ​កាន់ ប្រទេស​ថៃ ដើម្បី​បង្ក​ភាពងាយស្រួល ងាយ​យល់ និង​ត្រឹមត្រូវ តាម​ល័ក្ខខ័ណ្ឌ នៃ​ការធ្វើដំណើរ នេះ ដោយសារតែ​វិធានការ​សុខាភិបាល ត្រូវបាន​អនុវត្ត យ៉ាង​តឹងរឹង​។​

​ស្ថានទូត​កម្ពុជា បាន​បន្តថា​: អ្នកដំណើរ​ដែល​ត្រូវធ្វើ​ដំណើរ ពី​កម្ពុជា ទៅកាន់​ប្រទេស​ថៃ តាមផ្លូវ អាកាស និង​ផ្លូវគោក ត្រូវបាន​បែងចែក ជា ៣ ប្រភេទ ហើយក៏​ត្រូវ​អនុវត្តតាម​ល័ក្ខខ័ណ្ឌ​ផ្សេងគ្នា ផងដែរ ក្នុងនោះ រួមមានៈ​

* ប្រភេទ​ទី​១. អ្នកដំណើរ​ដែល​បាន​ចាក់​វ៉ាក់សាំង ពេញលេញ (Vaccinated Travelers) ៖
១. ចុះឈ្មោះ Thailand Pass មុនពេល​ធ្វើដំណើរ ( មាន​តំណ Link ភ្ជាប់​៖ tp.consular.go.th) ខណៈ​ការត្រួតពិនិត្យ និង​សម្រេច​ផ្ដល់ Thailand Pass នេះ​គឺ ប្រើពេល​មិន​លើសពី ៤៨ ម៉ោង ឡើយ​។
២. មាន​ធានារ៉ាប់រង​ព្យាបាល​ជំងឺ​កូ​វីដ ១៩ ដែលមាន​ទឹកប្រាក់​សរុប​ធានា ១០.០០០ ដុល្លារ អាម៉េរិក​។
៣. មិន​តម្រូវឱ្យ​ធ្វើតេស្ត RT-PCR ទាំង​មុន និង​ចូល​មកដល់​ប្រទេស​ថៃ ។
៤. ត្រូវធ្វើ​តេស្ត​រហ័ស (ATK) ដោយ​ខ្លួនឯង អំឡុងពេល​ស្នាក់នៅ ក្នុងប្រទេស​ថៃ ។​

* ប្រភេទ​ទី​២. អ្នកដំណើរ​ដែល​មិន​ចាក់​វ៉ាក់សាំង ឬ​ចាក់​វ៉ាក់សាំង មិន​ពេញលេញ (Unvaccinated Travelers) ៖
១. ចុះឈ្មោះ Thailand Pass មុនពេល​ធ្វើដំណើរ ( មាន​លីង​តំណ​ភ្ជាប់ ៖ tp.consular.go.th) ខណៈ​ការត្រួតពិនិត្យ និង​សម្រេច​ផ្ដល់ Thailand Pass នេះ គឺ​ប្រើពេល​មិន​លើសពី ៤៨ ម៉ោង ឡើយ​។
២. មាន​ធានារ៉ាប់រង​ព្យាបាល​ជំងឺ​កូ​វីដ ១៩ ដែលមាន​ទឹកប្រាក់​ធានា សរុប ១០.០០០ ដុល្លារ អាម៉េរិក ។
៣. ករណី​៖
a. មាន​លទ្ធផល​តេស្ត RT-PCR អវិជ្ជមាន មុនពេល​ធ្វើដំណើរ មិន​លើសពី ៧២ ម៉ោង អាចធ្វើ ដំណើរ​ចូល ក្នុងប្រទេស​ថៃ ដូច​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង ពេញលេញ​ដែរ ។
b. ពុំមាន​លទ្ធផល​តេស្ត RT-PCR អវិជ្ជមាន មុនពេល​ធ្វើដំណើរ មិន​លើសពី ៧២ ម៉ោង​ទេនោះ គឺ​តម្រូវឱ្យធ្វើ​ច​ត្តា​ឡី​ស័ក ចំនួន ៥ ថ្ងៃ ដោយ​ធ្វើតេស្ត RT-PCR នៅ​ថ្ងៃទី​៤ ឬ ទី​៥ ។
៤. ត្រូវធ្វើ​តេស្ត​រហ័ស (ATK) ដោយ​ខ្លួនឯង អំឡុងពេល​ស្នាក់នៅ ក្នុងប្រទេស​ថៃ ។​

* ប្រភេទ​ទី​៣. អ្នកដំណើរ​ដែលជា​ប្រជាជន ក្នុង​ខេត្ត​ជាប់​ព្រំដែន ហើយ​កាន់​ប័ណ្ណ​ព្រំដែន (Border Pass)៖
១. មិន​តម្រូវឱ្យ​ចុះឈ្មោះ Thailand Pass ទេ ។
២. មិន​តម្រូវឱ្យមាន​ធានារ៉ាប់រង​ទេ ។
៣. ត្រូវជា​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង ពេញលេញ តែប៉ុណ្ណោះ ។
៤. ការធ្វើដំណើរ ត្រូវបាន​អនុញ្ញាត​តែ​ក្នុង​តំបន់ ដែលមាន​ចែង ដោយ​កិច្ចព្រមព្រៀង រវាង​កម្ពុជា – ថៃ ប៉ុណ្ណោះ ។
៥. អាច​ស្នាក់នៅ ក្នុងប្រទេស​ថៃ មិនត្រូវ​លើសពី ៣ ថ្ងៃ (២ យប់ ) ឡើយ ។​

​សូមជម្រាបថា ខេត្ត​របស់​ថៃ ជាប់​ច្រកព្រំដែន​អន្តរជាតិ ជាមួយ​កម្ពុជា ដែល​អាចធ្វើ​ដំណើរ​ចូល បាន រួមមាន ខេត្ត​ស្រះកែវ ខេត្ត​សុរិន្ទ ខេត្ត​ត្រាត និង​ខេត្ត​ចន្ទ​បុរី ៕/V​