ដោយ​:​ដេប៉ូ​/​ភ្នំពេញ​៖​ក្រុម​អ្នកស្រាវជ្រាវ​បានឱ្យដឹងថា​យ៉ាងហោចណាស់​សត្វ​ក្តាន់​ចំនួន​ប្រមាណ​៧០​ក្បាល​ដែលជា​សត្វ​កម្រ​នៅលើ​ពិភពលោក​ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​តាមដាន​ឃើញ​កំពុង​រស់នៅក្នុង​តំបន់​ទីជម្រក​ព្រៃ​វាលស្មៅ​នៃ​តំបន់​ព្រៃ​ទេសភាព​មេគង្គ​ក្នុង​ខេត្តក្រចេះ​។​

​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួងបរិស្ថាន​ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​២ ខែ ឧសភា​ឆ្នាំ​២០២២​បានឱ្យដឹង ថា​ចំពោះ​លទ្ធផល​ដ៏​គួរឱ្យ​រំភើប​នេះ​ត្រូវបាន​ប​ញ្ចូ​ន​តាម​សេចក្តីរាយការណ៍​កាលពី​សប្តាហ៍​កន្លងទៅនេះ​ដែល​មានការ បញ្ជា​ក់ដោយ​រូបភាព​ទទួលបាន​ពី​ការតាមដាន​សត្វ​ក្តាន់​ដោយ​ប្រើ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​និង​បច្ចេកវិទ្យា​ដ្រូ​ន​ដែល​បំពាក់​ម៉ាស៊ីន​ថត​ប្រើ​កំដៅ​។

​កម្មវិធី​ស្រាវជ្រាវ​នេះ​ត្រូវបាន​អនុវត្ត​ដោយ​អ្នកជំនាញ​ផ្នែក​ស្រាវជ្រាវ​សត្វព្រៃ​នៃ​មន្ទីរ​បរិស្ថាន​ខេត្តក្រចេះ និង​អង្គការ WWF ដោយមាន​ការគាំទ្រ​ផ្នែក​បច្ចេកទេស និង​ចូលរួម​ពី​ក្រុម​អ្នកជំនាញ​អភិរក្ស​ជីវចម្រុះ BINCO​ក្រុម​អ្នកជំនាញ​បច្ចេកវិទ្យា​ដ្រូ​ន នៃ​ម៉ាស៊ីន​ថត​ប្រើ​កំដៅ​DRONES GmbH​ក៏ដូចជា​ពី​សំណាក់​សហគមន៍​និង​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​តំបន់​នៃ​ដែន​ជម្រក សត្វព្រៃ​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួងបរិស្ថាន ដោយមាន​ការគាំទ្រ​ពី​អង្គការ WWF ។

​លទ្ធផល​នៃ​ការស្រាវជ្រាវ​ក៏បាន​បង្ហាញ​ផងដែរ​ពី​វត្តមាន​នៃ​សត្វ​ក្តាន់​វ័យ​ជំទង់ និង​កូន​ជាច្រើន​ផងដែរ​ដែលជា​កត្តា​ចង្អុល បង្ហាញ​ពី​ការបន្ត​ពូជ​របស់​សត្វ​ដ៏​កម្រ​ប្រភេទ​នេះ​នៅក្នុង​តំបន់​ទីជម្រក​។​

​ក្រសួងបរិស្ថាន​និង​អង្គការ​WWF​កំពុង​រៀបចំ​របាយការណ៍​ស្តីពី​ស្ថានភាព​និង​ចំនួន​សត្វ​ក្តាន់​សម្រាប់​ការចេញផ្សាយ​នាពេល​ខាងមុខនេះ​។ សត្វ​ក្តាន់​ត្រូវបាន​កំណត់​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN​ថា​ជា​ប្រភេទ​សត្វ​រងគ្រោះថ្នាក់​ជិត​ផុត ពូជ​ជាស​កល​ហើយ​នៅក្នុង​ប្រទេស​កម្ពុជា​សត្វ​ក្តាន់​នេះ​ធ្លាប់​ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​ប៉ាន​ប្រមាណ​ថា​បាន​ផុត​ពូជ​ទៅហើយ​រហូតដល់​មានការ​រកឃើញ​ឡើងវិញ​នៅក្នុង​ឆ្នាំ ២០០៦ នៅក្នុង​ខេត្តក្រចេះ​។

​ទោះជា​យ៉ាងណាក៏ដោយ សត្វ​នេះ​បាន និង​កំពុង​ទទួលរង​ការគំរាមកំហែង​ដោយ​ការបាត់បង់​ទីជម្រក ការ​បរបាញ់ និង​វិបត្តិ​អន្ទាក់ ដែល​បាន​រាលដាល​ឡើង​ដោយ​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​។ ដើម្បី​ជួយសង្គ្រោះ​សត្វ​ក្តាន់ និង សត្វព្រៃ​សំខាន់ៗ​ជា​សកល​ជាច្រើន​ប្រភេទ​ទៀត​ក្នុងប្រទេស​កម្ពុជា​ពី​ការ​បរបាញ់​និង​ការដាក់​អន្ទាក់​យុទ្ធនាការ​«​អន្ទាក់​-​សូន្យ​ក្នុង​តំបន់ការពារធម្មជាតិ​កម្ពុជា​»​ត្រូវបាន​រៀបចំឡើង​និង​បើក​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​កាលពីដើម​ខែមីនា​ឆ្នាំ​២០២២​កន្លងទៅនេះ ដោយមាន​គោលដៅ​លុបបំបាត់​ការដាក់​អន្ទាក់​គ្រប់​ប្រភេទ និង​បញ្ចប់​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​៕​សរន​