សង់​របង​ជុំវិញ ប៉ម​អេ​ហ្វ​ហ្វែ​ល​នៅ​ក្រុងប៉ារីស​ដើម្បី​ការពារ​ភេរវកម្ម​

3556
ចែករម្លែក

​ទីក្រុង​ប៉ារីស​បាន​បញ្ចេ​ញ​សំណង់​ថ្មី​មួយ​នៅ​ជុំវិញ​សំណង់​ដ៏​ល្បីល្បាញ​ប្រចាំ​ប្រទេស​គឺ​របង​កញ្ចក់​ប៉ម​Eiffel Tower​ដើម្បី​មិន​ទាក់ទាញ​ទេសចរណ៍​ទេ​តែ​សំរាប់​ការ​​ពារ​ទេសចរ​ពី​ការវាយប្រហារ​ភេរវកម្ម​ទៅវិញ​។​

​របង​បណ្តោះអាសន្ន​ត្រូវបាន​គេ​ដាក់​នៅ​ជុំវិញ​សំណង់​ដែក​នេះ​កាលពី​ខែមិថុនា​ឆ្នាំ​២០១៦​ហើយ​ឥឡូវ​កំពុង​ត្រូវបាន​ជំនួស​ដោយ​របង​មាំទាំ​ជា​អចិន្ត្រៃយ៍​និង​ទាក់ទាញ​​ជាង​មុន​។​

​គ្រោង​នឹង​បញ្ចប់​ការសាងសង់​នៅ​ពាក់កណ្តាល​ខែក្រោយ របង​នេះ​ត្រូវ​ចំណាយ​អស់​៣៥​លាន​អឺរ៉ូ ឬ​៤០,១​លាន​ដុល្លារ​។​

​សូម​រំលឹកថា មនុស្ស​ជាង​២៤០​នាក់​បាន​ស្លាប់​នៅក្នុង​ការវាយប្រហារ​ភេរវកម្ម​នៅ​បារាំង​ចាប់តាំងពី​ឆ្នាំ​២០១៥​។​

Bernard Gaudillère​ប្រធាន​ក្រុមហ៊ុន​SETE​ដែល​គ្រប់គ្រង​ប៉ម​ជា​និមិត្តរូប​បារាំង​នេះ បាន​និយាយថា​របង​ថ្មី​”​រឹងមាំ​ដូច​ថ្ម​សំរាប់​សន្តិសុខ​ទាំងស្រុង​”​។​

​របង​កញ្ចក់​កម្រាស់​៦,៥​សង់ទីម៉ែត្រ កំពស់​៣,២៤​ម៉ែត្រ ស្មើនឹង​១​ភាគរយ​នៃ​កំពង់​ប៉ម​។​

​ដើម្បី​ការពារ​ពី​ការវាយប្រហារ​ដោយ​ការបើក​រថយន្ត​បំ​បុក ដុំថ្ម​ធំៗ​ចំនួន​៤២០​ដុំ​ក៏​នឹងត្រូវ​យកមក​ដាក់​នៅមុខ​កញ្ចក់​សំរាប់​ជា​វិធានការ​ការពារ​បន្ថែម​។​

​តំបន់​វាល​នៅ​ពីមុខ​ប៉ម​អេ​ហ្វ​ហ្វែ​ល​ត្រូវបាន​បិទ​ចំពោះ​សាធារណជន​ចាប់តាំងពី​ខែមិថុនា​ឆ្នាំ​២០១៦ ដោយ​ទាហាន​ប្រឆាំង​ភេរវកម្ម​ល្បាត​ជាប្រចាំ​នៅទីនេះ​។​

​លោក​Gaudillère​បាន​និយាយថា​របង​ប​ណ្ងោះ​អាសន្ន​នឹងត្រូវ​ជំនួស​ដោយ​អ្វីមួយ​ដែល​”​ល្អ​និង​ស្អាត​ជាង​” ជា​ផ្នែក​នៃ​ការជួសជុល​កែលម្អ​តំលៃ​៣០០​លាន​អឺរ៉ូ​លើ​​ប៉ម​នេះ​នៅមុន​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អូឡាំពិក​ឆ្នាំ​២០២៤​នៅ​ក្រុងប៉ារីស​។​

​សូមបញ្ជាក់ថា អ្នក​ទេសចរណ៍​ដល់​ទៅ​៧​លាន​នាក់​ត្រូវ​រំពឹងថា​នឹង​មក​ទស្សនា​ប៉ម​នេះ​នៅ​ឆ្នាំ​២០១៨​តែមួយ​។​

​ប្រទេស​បារាំង​បាន​ដាក់ចេញ​ច្បាប់​ប្រឆាំង​ភេរវកម្ម​ដ៏​តឹងរឹង​កាលពី​ខែតុលា​ឆ្នាំ​២០១៧ ក្រោយ​ស្ថិតក្រោម​ស្ថានភាព​គ្រាអាសន្ន​ទូទាំងប្រទេស​អស់​ពេល​ជិត​២​ឆ្នាំ ដោយ​​សារ​តែ​ប្រទេស​នេះ​រង​ការវាយប្រហារ​ភេរវកម្ម​ជា​បន្តបន្ទាប់​៕ដោយ៖វាសនា

 

​របង​ដែក​បណ្តោះអាសន្ន​នៅ​ជុំវិញ​ប៉ម​Eiffel Tower​នឹងត្រូវ​ជំនួស​ដោយ​របង​កញ្ចក់​កំរាស់​ជិត​មួយ​តឹក​

ទីតាំងផ្សាយពាណិជ្ជកម្ម