កោះហៅ​បួន​នាក់​ឲ្យ​ចូលខ្លួន អ្នកភូមិ​លើកគ្នា​ទាំង​សហគមន៍​មកកាន់​តុលាការ តែ​ត្រូវបាន​លើក​ពេល​

1272
ចែករម្លែក

​សៀមរាប​៖ ក្រុម​អ្នកភូមិ​ប្រមាណ​ជិត​១០០​នាក់ ក្នុង​សហគម​ន៏​ភ្នំ​ក្រោម​៨១​គ្រួសារ នៅ​ព្រឹក​ថ្ងៃទី​២១​ខែកក្កដា​ឆ្នាំ​២០១៧ បាន​លើកគ្នា​ទៅ​ឈរ​ត្រៀបត្រា​នៅមុខ​តុលាការ បន្ទាប់ពី​មាន​ដីការ​កោះហៅ​មនុស្ស​៤​នាក់​ឲ្យ​ចូលខ្លួន​បំភ្លឺ ករណី​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​។​

​ដីការ​លេខ​៣២៦(​ង​)​ចុះ​ថ្ងៃទី​២៣​ខែមិថុនា​ឆ្នាំ​២០១៧ ចេញ​ដោយ​លោក​ស៊ិន សុ​វណ្ណារ​ត្ន័ ចៅក្រម​ស៊ើបសួរ សាលាដំបូង​ខេត្តសៀមរាប តម្រូវ​ឲ្យ​ឈ្មោះ​ទី​១​គ្រុំ វ៉េ​ត ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ ។​ទី​២​ឈ្មោះ​ម៉ោញ គឹម​លន់ ភេទ​ស្រី​អាយុ​៥២​ឆ្នាំ​។​ទី​៣​ឈ្មោះ​យក់ តាំង ភេទ​ស្រី អាយុ​៥២​ឆ្នាំ និង​ទី​៤​ឈ្មោះ​ពេជ្រ សុខុម ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ​។ ពួកគេ​រស់នៅ​ភូមិ​ភ្នំ​ក្រោម សង្កាត់​សៀមរាប ក្រុង​សៀមរាប ឲ្យ​ចូលខ្លួន​មក​សាលាដំបូង​ខេត្ត​នៅ​ថ្ងៃទី​២១​ខែកក្កដា​ឆ្នាំ​២០១៧ ដើម្បី​ឆ្លើយ​ដោះ​បន្ទុក​ករណី​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា ប្រព្រឹត្តិ​នៅ​ភូមិ​ភ្នំ​ក្រោម សង្កាត់​សៀមរាប កាលពី​ថ្ងៃទី​២០​ខែមករា​ឆ្នាំ​២០១៧​។ ប៉ុន្តែ​ត្រូវបាន​លើក​ពេល​ទៅ​ថ្ងៃក្រោយ​វិញ​។​

​នៅមុខ​តុលាការ​នា​ព្រឹក​ថ្ងៃទី​២១​ខែកក្កដា ក្រុម​អ្នកភូមិ​ដែល​ឈរ​ត្រៀបត្រា​បាន​ឲ្យ​ដឹងថា ពួកគាត់​មកនេះ​ពុំមែន​មក​ធ្វើ​ការតវ៉ា​អ្វី​នោះទេ គ្រាន់តែ​មកជួយ​ផ្តល់​ក​ម្លាំ​ង​ចិត្ត​និង​លើកទឹកចិត្ត​ដល់​អ្នកភូមិ​ទាំង​៤​នាក់​ប៉ុណ្ណោះ​។​ម្យ៉ាងវិញទៀត​ប្រសិនបើ​មានការ​ចាប់ឃុំខ្លួន​អ្នក​ទាំងនោះ ពួកគាត់​នឹង​សុំ​ឲ្យ​មានការ​ដោះលែង​វិញ ពីព្រោះថា​អ្នក​ទាំង​៤​នោះ​ពុំ​បានធ្វើ​អ្វីដែល​ជាការ​បំផ្លាញ​ឬ​បង្ក​ឲ្យ​ខូចខាត​ទ្រព្យ​អ្នកដទៃ​នោះឡើយ​។​

​ក្រុម​អ្នកភូមិ​បាន​រៀបរាប់ថា ដំណើររឿង​ដែល​ឈានដល់​មាន​ចេញ​ដីកា​រកោះ​នេះ កាលពី​ថ្ងៃទី​២៦​ខែកក្កដា​ឆ្នាំ​២០១៦​មាន​ពលរដ្ឋ​មួយ​គ្រួសារ​ដែលមាន​ប្តី​ឈ្មោះ​រស់ យឿន អាយុ​៥៤​ឆ្នាំ​និង​ប្រពន្ធ​ឈ្មោះ​ឈឺ​ន ឃាន អាយុ​៤៧​ឆ្នាំ បានមក​សុំ​ដី​សហគម​ន៏​៨១​ភ្នំ​ក្រោម​រស់នៅ​បណ្តោះអាសន្ន​ក្នុង​រយៈពេល​៣០​ថ្ងៃ ដោយ​បានធ្វើ​កិច្ចសន្យា​ត្រឹមត្រូវ​។​ប៉ុន្តែ​ពេល​ដល់​ថ្ងៃ​សន្យា​មួយខែ​ហើយ​មួយខែ​ទៀត គ្រួសារ​នោះ​មិន​ព្រម​ចាកចេញ ហើយ​ដី​នោះ​ខាង​សហគម​ន៏​ត្រូវ​ការដាំ​ដំណាំ​ផង ក៏បាន​ស្នើសុំ​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ជួយ​អន្តរា​គម​ន៏​បណ្តេញចេញ ហើយ​ពុំមាន​លទ្ធផល ទើប​ពួក​គាត​ទាំង​សហគម​ន៏​សុំ​ម្ចាស់ផ្ទះ​ដើម្បី​សែង​បង្ខិត​ចេញ​។ លុះ​ពេល​បន្ទាប់​ក៏​ត្រូវបាន​ម្ចាស់ផ្ទះ​នោះ​ប្តឹង​ពួកគាត់​ចំនួន​៤​នាក់​ថា ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​ទៅវិញ​។

​ទោះបីយ៉ាងណា​លទ្ធផល​ចំពោះ​ជនជាប់ចោទ ទាំង​៤​នាក់​នៅ​ពុំទាន់​ដឹង​នោះទេ គឺ​រងចាំ​ដីកា​រកោះ​ម្តងទៀត ហើយ​ក្រុម​អ្នកភូមិ​ក៏បាន​វិល​ទៅផ្ទះ​រៀងខ្លួន​វិញ​ផងដែរ​៕ ដោយ​៖ អង្គរតូច​

ទីតាំងផ្សាយពាណិជ្ជកម្ម