ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ រឺម៉កកង់បីពណ៌លឿងនិងបៃតងមានគ្រប់ទីកន្លែងនៅលើដងផ្លូវក្នុងទីក្រុងញូវដេល្លី ប៉ុន្តែយានជំនិះរបស់លោក ម៉ាហេនដ្រា គូម៉ា (Mahendra Kumar) មានភាពលេចធ្លោជាងគេ ព្រោះវាមានសួនច្បារនៅលើដំបូលដើម្បីរក្សាភាពត្រជាក់ដល់អ្នកដំណើរក្នុងរដូវក្តៅស្ទើរឆេះ។
លោកគូម៉ានិយាយថា សួនបៃតងក្រាស់នេះធ្វើឱ្យរឺម៉កកង់បីត្រជាក់ ទោះបីជាសីតុណ្ហភាពកើនឡើងដល់៤៥ អង្សារសេនៅក្នុងរដ្ឋធានីនៃប្រទេសឥណ្ឌា ដែលវាក្តៅល្មមអាចរំលាយកៅស៊ូនៅលើថ្នល់។
លោកគូម៉ាអាយុ ៤៨ ឆ្នាំបានដាំដើមឈើ ដំណាំ និងផ្កាជាង ២០ ប្រភេទ ដែលទាក់ទាញអ្នកធ្វើដំណើរនិងអ្នកថ្មើរជើង ដែលឈប់ដើម្បីថត Selfie និងរូបថតនៃ “សួនចល័ត” តែមួយគត់នេះ។
លោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា “ប្រហែលពីរឆ្នាំមុន ខ្ញុំមានគំនិតនេះក្នុងអំឡុងពេលរដូវក្តៅ។ ខ្ញុំគិតថា ប្រសិនបើខ្ញុំអាចដាំរុក្ខជាតិលើដំបូលបាន វានឹងធ្វើឱ្យម៉ូតូកង់បីរបស់ខ្ញុំត្រជាក់ និងជួយបន្ថយកម្តៅដល់អ្នកដំណើរ”។
គាត់ក៏បានដំឡើងកូនម៉ាស៊ីនត្រជាក់ចំនួនពីរនិងកង្ហារនៅខាងក្នុងផងដែរ។
ឪពុកកូនបីរូបនេះបាននិយាយថា “ឥឡូវវាដូចម៉ាស៊ីនត្រជាក់ធម្មជាតិអ៊ីចឹង។ អ្នកដំណើររបស់ខ្ញុំសប្បាយចិត្តខ្លាំងណាស់បន្ទាប់ពីជិះ ដោយមិនប្រកាន់ក្នុងការបង់ប្រាក់បន្ថែម ១០ ទៅ ២០ រូពីដល់ខ្ញុំ”៕
លោកគូម៉ាបានដាំដើមឈើ ដំណាំ និងផ្កាជាង ២០ ប្រភេទលើដំបូលរឺម៉កកង់បីរបស់គាត់