​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ រុស្ស៊ី​កាលពី​ថ្ងៃ​ចន្ទ​បាន​បន្ត​វាយប្រហារ​រោងចក្រ​ដែក​នៅ​ទីក្រុង​ម៉ា​រី​វ​ប៉ូល ដែល​ជា​ទីតាំង​តស៊ូ​ចុង​ក្រោយ​នៅ​ទីក្រុង​ភាគខាងត្បូង​ក្រោយ​ផ្អាក​ការប្រយុទ្ធ​គ្នា​មួយ​រយៈពេល​​ខ្លី​ដើម្បី​អនុញ្ញាត​អោយមាន​ប្រតិបត្តិការ​ជម្លៀស​ជន​ស៊ីវិល​ចេញ​កាលពី​ចុង​សប្តាហ៍​។​

​ក្នុងពេល​ជាមួយគ្នា មន្ត្រី​អាម៉េរិក​ជាន់ខ្ពស់​ម្នាក់​បាន​ព្រមាន​ថា រុស្ស៊ី​មាន​ផែនការ​ដាក់​ចំណែកទឹកដី​ធំៗ​នៅ​អ៊ុយ​ក្រែ​នខាង​កើតជាឧ​បស​ម្ព​ន្ធ​របស់​ខ្លួន​នៅ​ខែ​នេះ​និង​ទទួលស្គាល់​ទីក្រុង​ឃឺ​សុន​(Kherson)​ភាគខាងត្បូង​ជា​សាធារណរដ្ឋ​ឯករាជ្យ​មួយ​។​

​ម៉ៃ​ឃើ​ល ខា​ផេន​ធឺ​(Michael Carpenter)​ឯកអគ្គរដ្ឋទូត​អាម៉េរិក​ប្រចាំ​អង្គការ​សន្តិសុខ​និង​កិច្ចសហប្រតិបត្តិការ​នៅ​អឺរ៉ុប បាន​និយាយថា អំពើ​សង្ស័យ​នៅ​ក្នុង​ផែនការ​របស់​វិមាន​ក្រឹម​ឡាំង​ទាំង​​នេះ​នឹង​មិន​ត្រូវ​សហរដ្ឋ​អាម៉េរិក​និង​សម្ពន្ធមិត្ត​ទទួល​ស្គាល់​ឡើយ​។​

​នៅ​ទីក្រុង​ម៉ា​រី​វ​ប៉ូល មនុស្ស​ជាង​១០០​នាក់ រួម​មាន​ស្ត្រី​ចំណាស់​និង​ម្តាយ​ជាមួយនឹង​កូនតូចៗ បាន​ចាកចេញ​ពី​រោងចក្រ​ដែក​អា​ហ្សូ​វស្តា​ល់​កាលពី​ថ្ងៃអាទិត្យ និង​បាន​ឡើង​ជិះ​រថយន្តក្រុង​និង​ឡានពេទ្យ​​ឆ្ពោះទៅ​កាន់​ទីក្រុង ហ្សា​ប៉ូរីស​យ៉ា​ដែល​គ្រប់គ្រង​ដោយ​អ៊ុយ​ក្រែន​នៅ​ចម្ងាយ​២៣០​គីឡូម៉ែត្រ​ពី​គ្នា​។​

​ជន​ស៊ីវិល​ខ្លះ​ទំនងជា​នាំ​ទៅកាន់​ភូមិ​មួយ​ដែល​គ្រប់គ្រង​ដោយ​ពួក​ផ្តាច់​ទឹកដី​គាំទ្រ​ដោយ​រុស្ស៊ី​។​យោធា​រុស្ស៊ី​បាន​និយាយថា អ្នក​ត្រូវបាន​ជម្លៀស​ខ្លះ​បានជ្រើសរើស​ទៅ​ស្នាក់​នៅក្នុង​តំបន់​ផ្តាច់ខ្លួន និង​ខ្លះ​​ទៀត​ចាកចេញ​ទៅ​កាន់​តំបន់​គ្រប់គ្រង​ដោយ​អ៊ុ​យក្រែន​។​

​ការទម្លាក់​គ្រាប់ បាញ់​ផ្លោង​និង​វាយប្រហារ​ដោយ​កាំជ្រួច​រុស្ស៊ី​បាន​បន្ត​ឡើង​វិញ​កាលពី​ថ្ងៃ​ចន្ទ ក្រោយ​ការ​ជម្លៀស​ជន​ស៊ីវិល​ចេញ​មួយ​ចំនួន នេះ​បើ​តាម​ការអះអាង​របស់​កងពល​អា​ហ្សូ​វ ដែល​ជួយ​ការពារ​រោង​​ចក្រ​ដែក​នេះ​ខណៈ​ការចរចា​នៅ​បន្ត​ក្នុងចំណោម​តំណាង​រុស្ស៊ី អ៊ុយ​ក្រែ​ន​និង​អង្គការ​អន្តរ​ជាតិ ស្តី​ពី​ការជម្លៀស​មនុស្ស​ថែម​ទៀត​។​

​រុស្ស៊ី​កាលពី​ថ្ងៃ​ចន្ទ​បាន​និយាយថា ខ្លួន​បាន​វាយប្រហារ​គោលដៅ​យោធា​រាប់សិប​កន្លែង​នៅក្នុង​តំបន់​នៅ​មួយ​ថ្ងៃ​កន្លងមកនេះ​។​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ បាន​អះអាង​ថា​ខ្លួន​បាន​វាយប្រហារ​លើ​ទាហាន និង​សព្វាវុធ​​រួម​ទាំង​ឃ្លាំង​គ្រាប់​មួយ​នៅក្បែរ​ទីក្រុង​ឆែរ​វ៉ូ​ន​(Chervone)​ក្នុង​តំបន់​ហ្សា​ប៉ូរីស​យ៉ា ។​

​អ៊ុយ​ក្រែ​នក៏បាន​និយាយថា រុស្ស៊ី​បាន​វាយប្រហារ​ផ្លូវ​យុទ្ធសាស្ត្រ​មួយ​និង​ស្ពាន​ផ្លូវដែក​មួយ​នៅ​ក្រុង​អូ​ដេសា​(Odesa)​ ហើយខ្លួនបាន​បំផ្លាញ​ទូក​ល្បាត​រុស្ស៊ី​ពីរ​គ្រឿង​នៅ​សមុទ្រ​​ខ្មៅ​៕

​ជន​ស៊ីវិល​ជាង​១០០​នាក់​ត្រូវបាន​ជម្លៀស​ចេញពី​រោងចក្រ​ដែក​ក្នុង​ក្រុង​ម៉ា​រី​វ​ប៉ូល និង​ជិះ​រថយន្តក្រុង​ទៅកាន់​កន្លែង​មាន​សុវត្ថិភាព​កាលពី​ចុង​សប្តាហ៍​