ប្រែសម្រួលៈបំំណង(ដេល្លីម៉េល)៖ ពួកអ្នកជួយសង្គ្រោះបានរកឃើញអ្នកនៅមានជីវិតពីរនាក់ទៀតពីគំនរអាគារដែលបានរលំបាក់កាលពីបីថ្ងៃមុននៅចិនកណ្តាល នេះបើតាមការផ្សាយរបស់សារព័ត៌មានរដ្ឋកាលពីថ្ងៃអង្គារ។
ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរបាននិយាយថា បុរសម្នាក់និងស្ត្រីម្នាក់ ត្រូវបានទាញចេញពីគំនរថ្មស៊ីម៉ង់ត៍កាលពីរសៀលថ្ងៃចន្ទនិងដើមថ្ងៃអង្គារទី៣ឧសភា។
ស្ត្រីដែលការជួយសង្គ្រោះគាត់ត្រូវបានធ្វើឡើងក្រោយនៅក្រោមគំនរថ្មបាក់បែកអស់៨៨ម៉ោង បានអោយសញ្ញាដល់បុគ្គលិកជួយសង្គ្រោះ ដែលប្រើឧបករណ៍ចាប់សញ្ញាជីវិត។ស៊ីនហួរបាននិយាយថា ស្ត្រីនេះនៅដឹងខ្លួនហើយអាចនិយាយទាក់ទងជាមួយអ្នកជួយសង្គ្រោះ។
ការបាក់អាគារកំពស់ប្រាំមួយជាន់នេះបានកើតឡើងកាលពីថ្ងៃត្រង់ថ្ងៃសុក្រសប្តាហ៍មុន នៅទីក្រុងចាងសា(Changsha)ក្នុងខេត្តហ៊ូណាន។ប៉ូលិសបានឃាត់ខ្លួនមនុស្សប្រាំបួននាក់ រួមមានម្ចាស់សំណង់ម្នាក់ចំពោះការមិនយកចិត្តទុកដាក់បទដ្ឋានសំណង់ ឬរំលោភច្បាប់ផ្សេងៗ។មនុស្សបីនាក់ដែលទទួលបន្ទុករចនាប្លង់និងសាងសង់ និងប្រាំនាក់ទៀតដែលបានផ្តល់ព័ត៌មានវាយតំលៃក្លែងក្លាយសំរាបសង់ផ្ទះសំណាក់មួយបន្ថែមនៅលើដំបូលអាគារនេះ ក៏ត្រូវបានឃាត់ខ្លួនផងដែរ។
សូមបញ្ជាក់ថា អាគារដែលរលំបាក់នេះ មានកន្លែងស្នាក់នៅ ហាងកាហ្វេមួយនិងហាងលក់ដូរជាច្រើនទៀត។
រូបបញ្ចេញដោយសារព័ត៌មានស៊ីនហួរ បង្ហាញអ្នកជួយសង្គ្រោះបញ្ជូនមនុស្សទីប្រាំបួនដែលពួកគេបានទាញចេញពីគំនរអាគារបាក់នៅក្រុងចាងសាកាលពីថ្ងៃ៣ឧសភា
ក្រោមមានការបាក់អាគារសាង់សង់ឡើងដោយខ្លួនឯងជាច្រើននៅប៉ុន្មានឆ្នាំមកនេះ ប្រធានាធិបតីចិន ស៊ី ជីនភីង បាននិយាយកាលពីថ្ងៃសៅរ៍ថា វាចាំបាច់ត្រូវត្រួតពិនិត្យនិងជួសជុលសំណង់ដូច្នេះដើម្បីកុំអោយកើតមានគ្រោះថ្នាក់។
ការអនុវត្តច្បាប់សំណង់មិនម៉ឺងម៉ាត់ រួមមានការសង់ជាន់បន្ថែមនិងការមិនបានដាក់គ្រោងដែកបន្ថែម ច្រើនតែនាំដល់គ្រោះថ្នាក់រលំបាក់អាគារដូច្នេះនៅចិន៕
ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរបង្ហាញអាគារដួលរលំនៅក្រុងចាងសា