ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថាៈ វិស័យសារព័ត៌មាន គឺជាអំណាចទី៤ ដែលបានចូលរួមជាក់ស្តែង នៅក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេស ដោយផ្អែកលើមុខងារសំខាន់ៗ រួមមាន៖ ទី១.ការចូលរួមពង្រឹងលទ្ធិប្រជាធិបតេយ្យ ផ្អែកលើមូលដ្ឋាននីតិរដ្ឋ, ទី២. ជាអ្នកផ្តល់ព័ត៌មានពិត និងលឿនរហ័ស ពីលើទៅក្រោម និងពីក្រោមឡើងលើ, ទី៣. ជាអ្នកផ្តល់ព័ត៌មានបែបអប់រំ និងចំណេះដឹង សម្រាប់ប្រជាពលរដ្ឋ និងជាធាតុចូល សម្រាប់គោលនយោបាយ របស់រាជរដ្ឋាភិបាល, ទី៤. ជាអ្នកឃ្លាំមើល និងត្រួតពិនិត្យតុល្យភាពសង្គមដ៏ស្មោះត្រង់, និងទី៥. ជាអ្នកចូលរួមកែលម្អសង្គម តាមរយៈការផ្តល់ព័ត៌មានពិត និងគ្រប់ជ្រុងជ្រោយ ប្រកបដោយតម្លាភាព ដែលជាថ្នាំពេទ្យដ៏ពិសិដ្ឋ បម្រើឱ្យការអភិវឌ្ឍសង្គម ខណៈដែលព័ត៌មានក្លែងក្លាយ គឺជាថ្នាំបំពុលសង្គមទៅវិញ។
ការបញ្ជាក់របស់លោក ហ៊ុន ម៉ាណែត បែបនេះ គឺធ្វើឡើង ក្នុងពិធីអបអរសាទរ “ទិវាសេរីភាពសារព័ត៌មានសកលលោក ៣ ឧសភា” លើកទី២៩ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២។
លោក ហ៊ុន ម៉ាណែត បានបន្តថាៈ ក្នុងន័យនេះ វិស័យព័ត៌មាន គឺជាចលករនៃបណ្តុំ គំនិតស្មារតី និងទស្សនៈ ក្នុងការវិភាគពិចារណា ប្រកបដោយហេតុផល និងការសម្រេច ចិត្ត របស់ប្រជាពលរដ្ឋ ក្នុងនាមជាម្ចាស់ប្រទេស និងជាកញ្ចក់ឆ្លុះបញ្ចាំងតថភាព ពិតជាក់ស្តែង របស់សង្គម ដែលរាជរដ្ឋាភិបាល ត្រូវការជាចាំបាច់ ដើម្បីមានមូលដ្ឋាន ក្នុងការកែលម្អចំណុចខ្វះខាតនានា សំដៅធ្វើយ៉ាងណា ឆ្លើយតបទៅនឹងតម្រូវការរបស់ ប្រជាពលរដ្ឋ ឱ្យបានកាន់តែលឿន និងមានប្រសិទ្ធភាព។ អាស្រ័យហេតុនេះ រាជរដ្ឋាភិបាល បានទទួលស្គាល់ និងផ្តល់តម្លៃសារៈសំខាន់ ដល់គ្រប់តួអង្គ ក្នុងវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ទាំងបែបប្រពៃណី បែបឌីជីថល និងសារព័ត៌មាន ប្រជាជន តាមបណ្តាញសង្គមបច្ចេកវិទ្យា តាមរយៈការផ្តល់ការគាំទ្រ លើកទឹកចិត្ត និងបង្កលក្ខណៈគ្រប់បែបយ៉ាង។ ជាក់ស្តែង រាជរដ្ឋាភិបាល បានបញ្ចូលអ្នកសារព័ត៌មាន ទាំងអស់ នៅក្នុងក្រុមអាទិភាពកម្លាំងជួរមុខ ដែលត្រូវបានការចាក់វ៉ាកសាំង បង្ការជំងឺកូវីដ-១៩ មុនគេ ដើម្បីផ្តល់លទ្ធភាពឱ្យបងប្អូន អាចបំពេញភារកិច្ច ប្រកបដោយ ប្រសិទ្ធភាព និងសុវត្ថិភាព។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថាៈ កម្ពុជា ជាប្រទេសប្រកាន់របបប្រជាធិបតេយ្យ សេរីពហុបក្ស ដែលផ្តល់ការការពារ និងលំហរសិទ្ធិសេរីភាព គ្រប់បែបយ៉ាង ដល់ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន ដោយផ្អែកលើមូលដ្ឋានច្បាប់ សំដៅធានាបាននូវ ការអនុវត្តសិទ្ធិសេរីភាព ដោយស្មើគ្នា ចំពោះមុខច្បាប់និងភាពសុដុមរមនា ក្នុងសង្គម ដោយមិនបំពានគ្នា និងការគោរពឱ្យតម្លៃគ្នា ទៅវិញទៅមក ក៏ដូចជា ឱកាសប្រកបដោយ និរន្តរភាព នៃការអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យ ទាំងផ្នែកនយោបាយ សន្តិសុខ សង្គម និងសេដ្ឋកិច្ច។
លោកបានបន្តទៀតថាៈ អ្នកសារព័ត៌មាន មានសិទ្ធិអំណាច ចូលរួមតាមដាន ត្រួតពិនិត្យ សកម្មភាព របស់គ្រប់តួអង្គទាំងអស់ ក្នុងសង្គម ទាំងរដ្ឋាភិបាល, ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន ជាសហភាតរៈផ្ទាល់ សំដៅធ្វើយ៉ាងណា លើកកម្ពស់គោលការណ៍ នីតិរដ្ឋ ដោយគ្រប់គ្នាមានសិទ្ធិស្មើគ្នា ចំពោះមុខច្បាប់, ស្ថិតនៅក្រោមច្បាប់ និងទទួលខុសត្រូវ ចំពោះមុខច្បាប់។ តម្លៃពិតប្រាកដនៃអំណាច គឺមិនមែនជាការដែលធ្វើ ឱ្យគេខ្លាចនោះទេ ផ្ទុយទៅវិញ គឺត្រូវធ្វើឱ្យគេគោរព។ ដើម្បីឱ្យគេគោរព យើងម្នាក់ៗ អាចចាប់ផ្តើមពី សកម្មភាពផ្ទាល់របស់ខ្លួនយើង។ ចំពោះអ្នកសារព័ត៌មាន គឺអាចចូលរួម លើកតម្កើងសេចក្តីថ្លៃថ្នូរ និងតម្លៃនៃអាជីពវិជ្ជាជីវៈសារព័ត៌មាន តាមរយៈការគោរពច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈប្រកបដោយមនសិការ និងការទទួលខុសត្រូវ ព្រមទាំងការខិតខំ ស្វែងរក និងផ្សព្វផ្សាយព័ត៌មាន ដើម្បីចូលរួមចំណែក ដោះស្រាយបញ្ហាសង្គម។ អ្វីដែលរាជរដ្ឋាភិបាល អាចធ្វើបានទាំងក្នុងពេលកន្លងមក បច្ចុប្បន្ន និងទៅអនាគត គឺការគាំពារ និងបើកលំហរសិទ្ធិ និងសេរីភាព ក្នុងក្របខ័ណ្ឌរដ្ឋធម្មនុញ្ញ និងច្បាប់ ព្រមជាមួយនឹងការឧបត្ថម្ភគាំទ្រ និងបង្កលក្ខណៈផ្សេងៗទៀត ស្របទៅតាមដំណើរវិវឌ្ឍ រីកចម្រើនរបស់ប្រទេសយើង។
លោកបានបន្ថែមថាៈ ពិតណាស់ នៅក្នុងយុគសម័យឌីជីថលនេះ មានការប្រកួតប្រជែង ដ៏ស្រួចស្រាល់ នៅក្នុងវិស័យព័ត៌មាន ដែលបង្កើតបានជាបញ្ហាប្រឈមធំ នៅក្នុងឧស្សហកម្មនេះ។ យ៉ាងណាក៏ដោយ ស្របពេលដែលរាជរដ្ឋាភិបាល មានការបើកទូលាយ និងលើកទឹកចិត្ត ការប្រើប្រាស់បច្ចេកវិទ្យា ជាពិសេស ក្នុងមជ្ឈដ្ឋានយុវជន បញ្ហានេះ ក៏អាចប្រែក្លាយទៅជា កាលានុវត្តភាពទៅវិញ ប្រសិនបើស្ថាប័ន-អង្គភាព នៅក្នុងវិស័យនេះ អាចកែលម្អ និងអភិវឌ្ឍន៍បត់បែនខ្លួន ឱ្យស្របទៅនឹងការវិវត្តប្រែប្រួល នៃសភាពការណ៍ ដោយចេះរៀបចំខ្លួន តាមរយៈការកំណត់ចក្ខុវិស័យ ច្បាស់លាស់, ផែនការសកម្មភាពហ្មត់ចត់ និងរចនាសម្ព័ន្ធការងារសមស្រប រួមផ្សំជាមួយនឹងគុណភាព នៃព័ត៌មាន ដែលពិតត្រឹមត្រូវ និងលឿនរហ័ស ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ និងកម្លាំង នៃការប្រកួតប្រជែង ជាពិសេសភាពទាក់ទាញ ដែលអាចស្រូបយក ប្រជាប្រិយភាព និងទំនុកចិត្តរបស់ សាធារណជន៕/V