​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អ៊ីស្រាអែល​បាន​ថ្កោលទោស​ការអត្ថាធិប្បាយរ​បស់​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក សឺ​ហ្គេ ឡាវ​រ៉ូវ ហើយ​បាន​ទាមទារ​ឱ្យ​មាន​ការ​សុំទោស​បន្ទាប់​ពី​គាត់​បាន​លើកឡើង​ថា អាដូ​ហ្វ ហ៊ី​ត្លែរ (Adolf Hitler) មាន​ដើមកំណើត​ជ្វី​ហ្វ​។​

​លោក​ឡាវ​រ៉ូវ​បាន​ធ្វើ​ការកត់សម្គាល់​បែបនេះ​នៅ​ពេល​មានការ​ជជីក​សួរដេញដោល​ដោយ​ស្ថានីយ​ទូរទស្សន៍​អ៊ីតាលី​មួយ​ជុំវិញ​ការអះអាង​របស់​គាត់​ថា រុស្ស៊ី​កំពុង “​លុបបំបាត់​ពួក​ណា​ស៊ី​”​នៅក្នុង​ប្រទេស​អ៊ុយ​​ក្រែន ដោយ​ចង្អុលបង្ហាញ​ថា ប្រធានាធិបតី​ហ្សេ​លេន​ស្គី​ក៏​ជា​ជនជាតិជ្វី​ហ្វ​។​

​លោក​ឡាវ​រ៉ូវ​បាន​និយាយថា “​ខ្ញុំ​គិតថា​ហ៊ី​ត្លែរ​ក៏​មាន​ដើមកំណើត​ជ្វី​ហ្វ​ដែរ ដូច្នេះ​វា​គ្មាន​ន័យ​អ្វី​ទេ​។ តាំងពី​យូរយារ​ណាស់​មកហើយ យើង​បាន​ឮ​ជនជាតិជ្វី​ហ្វដែល​មាន​ប្រាជ្ញា​និយាយថា​អ្នក​ប្រឆាំង​ជ្វី​ហ្វ​​ដ៏​ធំ​បំផុត​គឺ​ជា​ជនជាតិជ្វី​ហ្វ​ខ្លួនឯង​”​។​

​រដ្ឋមន្ត្រីការបរទេស​អ៊ីស្រាអែល​លោក យែ​រ ឡា​ភី​ដ (Yair Lapid) កាលពី​ថ្ងៃ​ចន្ទ​ទី​២​ឧសភា​បានចាត់ទុក​ការកត់សម្គាល់​នេះ​ថា “​ឥត​អៀនខ្មាស​” ហើយ​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​សម្រាប់ “​ការពិភាក្សា​ដ៏​តឹងតែង​”​។​

​លោក​ឡា​ភី​ដ​បាន​ប្រាប់​វេប​សាយព័ត៌មាន YNet ថា “​វា​ជា​សេចក្តីថ្លែងការណ៍​ឥត​អៀនខ្មាស​ដែល​មិន​អាច​អត់ឱន​ឱ្យបាន វា​ជា​កំហុស​ប្រវត្តិសាស្ត្រ​ដ៏​អាក្រក់​បំផុត ហើយ​យើង​រំពឹង​មានការ​សុំទោស​”​។​

​អ៊ីស្រាអែល​បានបង្ហាញ​ការគាំទ្រ​ម្តង​ហើយ​ម្តងទៀត​ចំពោះ​អ៊ុ​យក្រែន ប៉ុន្តែ​បន្លឺសំឡេង​តិច​ជាង​ប្រទេស​លោកខាងលិច​ក្នុងការ​បរិហារ​សកម្ម​ភាព​របស់​រុស្ស៊ី​។​

​រដ្ឋាភិបាល​បាន​ព្យាយាម​ចៀសវាង​ការរិះគន់​ចំៗ​ទៅលើ​ទីក្រុង​មូ​ស្គូ ហើយ​មិន​បាន​អនុវត្ត​ការដាក់ទណ្ឌកម្ម​ណាមួយ​លើ​ពួក​មហាសេដ្ឋី​រុស្ស៊ី​ឡើយ​។​

​នោះ​ត្រូវ​គេ​គិត​ថា​គឺ​ដោយសារ​រុស្ស៊ី​ជា​តួអង្គ​មហាអំណាច​នៅ​ស៊ី​រី​ជិតខាង ទី​ដែល​អ៊ីស្រាអែល​បាន​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ជីវពល​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​៕

​អ៊ីស្រាអែល​ទាមទារ​ឱ្យ​លោក​ឡាវ​រ៉ូវ​សុំទោស​ចំពោះ​ការអះអាង​ថា​ហ៊ី​ត្លែរ​ជា​ជនជាតិជ្វី​ហ្វ​