ដោយ៖ ដេប៉ូ / កំពង់ធំ៖ លោកស្រី ឌិត នីតា ភរិយាលោក សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថាន និងរួមទាំង មន្ត្រីជារដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងសមាជិក ក្រុមការងារស្ត្រី , ក្រុមការងារបច្ចេកទេសយេនឌ័រ បានបំពេញ ទស្សនកិច្ច ក្នុងកម្មវិធីសិក្សា ស្វែងយល់ពី «ការពង្រឹងអំណាចស្ត្រី និងការលើកស្ទួយជីវភាពរស់នៅ របស់សហគមន៍ ក្នុងតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ»។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចសិក្សានេះ បានប្រព្រឹត្តទៅ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃអាទិត្យ ទី១ ដល់ថ្ងៃចន្ទ ទី២ ខែឧសភា ឆ្នាំ២០២២ ទៅកាន់សហគន៍ តំបន់ការពារធម្មជាតិ ជាំធ្លក និងសហគមន៍ តំបន់ការពារធម្មជាតិបឹងទទឹល ក្នុងដែនជម្រកសត្វព្រៃ បឹងពែរ ភូមិសាស្ត្រខេត្តកំពង់ធំ។
សម្រាប់ ដំណើរទស្សនកិច្ចសិក្សា ប្រព្រឹត្តទៅក្នុងគោលបំណងសំខាន់ៗ រួមមាន៖ ១) ដើម្បីពិនិត្យមើលពីភាពរីកចម្រើន និងលទ្ធផលការងារ ដែលសម្រេចបាន នៅសហគមន៍ គោលដៅរបស់គម្រោង និង២) ដើម្បីស្វែងយល់ រៀនសូត្រពី បទពិសោធន៍ នៃការបញ្ជ្រាបយេនឌ័រ និងការជំរុញការចូលរួមរបស់ស្ត្រី ក្នុងការលើកកម្ពស់ ជីវភាពរស់នៅ របស់សហគមន៍ និងការគ្រប់គ្រងសហគមន៍ តំបន់ការពារធម្មជាតិ តាមរយៈយន្តការនិរន្តភាពហិរញ្ញវត្ថុ។
នាឱកាសនោះដែរ លោកស្រី គណៈអធិបតី បានដឹកនាំពិភាក្សាជាមួយ គណៈកម្មការ សហគមន៍ ដើម្បីស្វែងយល់ពីស្ថានភាព ក្នុងដំណើរការរៀបចំ និងការគ្រប់គ្រងសហគមន៍ និងបទពិសោធន៍ការងារស្ត្រី ក្នុងការចូលរួម ការគ្រប់គ្រងឥណទានសហគមន៍ តំបន់ការពារធម្មជាតិ ដែលគាំទ្រដោយ អង្គការរីខូហ្វ តាមរយៈគម្រោងភាពជាដៃគូ លើវិស័យព្រៃឈើ និងជលផល ដំណាក់កាលទី៣ ក៏ដូចជាបទពិសោធន៍ និងបញ្ហាប្រឈម ក្រុមស្ត្រីដែល ប្រកបមុខរបរសិប្បកម្ម ឫស្សី ផ្ដៅ ក្នុងសហគមន៍ និងជួបជាមួយ គណៈកម្មការ សហគន៍ ដើម្បីស្វែងយល់ ពីរចនាសម្ព័ន្ធ អភិបាលកិច្ច ដំណើរការរៀបចំ ផែនការគ្រប់គ្រងសហគមន៍ និងផែនការសកម្មភាព នៃតំបន់សក្តានុពល ទេសចរណ៍ ធម្មជាតិ នៅក្នុងតំបន់ការពារធម្មជាតិ។
សម្រាប់ ក្នុងដំណើរទស្សនកិច្ចនេះដែរ លោកស្រី ឌិត នីតា បានធ្វើការសំណេះ សំណាល និងផ្ដាំផ្ញើដល់ សមាជិកសហគមន៍ ដែលបានចូលរួម ដោយលើក ទឹកចិត្ត គណៈកម្មការសហគមន៍ ឱ្យបន្តខិតខំប្រឹងប្រែង ក្នុងការងារគ្រប់គ្រង សហគមន៍ និងថែរក្សាធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព គិតគូរលើ វិធានការ ប្រកបដោយនិរន្តរភាព និងការកែច្នៃផលិតផលកសិកម្មនានា ដើម្បីលើកកម្ពស់ជីវភាពប្រជាជនមូលដ្ឋាន។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចសិក្សានេះ បានសម្របសម្រួល រៀបចំឡើង ដោយ ក្រុមការងារស្ត្រី និងក្រុមការងារបច្ចេកទេសយេនឌ័រ នៃក្រសួងបរិស្ថាន និងក្រោមកិច្ច សហការ ពីអង្គការរីខូហ្វ (RECOFTC) ដោយមានសមាសភាព ចូលរួមប្រមាណ ៨០ នាក់ ដែលក្នុងនោះ មានដូចជា ក្រុមការងារស្ត្រី និងក្រុមការងារ បច្ចេកទេសយេនឌ័រ ក្រសួងបរិស្ថាន ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន សហគមន៍មូលដ្ឋាន និងនាយកដ្ឋានជីវភាព សហគមន៍ នាយកដ្ឋានទេស ចរណ៍ធម្មជាតិ នាយកដ្ឋានព័ត៌មាន និងផ្សព្វផ្សាយបរិស្ថាន សហគមន៍តំបន់ ការពារធម្មជាតិជាំធ្លក និងក្រុមប្រឹក្សាឃុំ សហគមន៍តំបន់ការពារធម្មជាតិ បឹងទទឹល និងក្រុមប្រឹក្សាឃុំ និងក្រុមប្រឹក្សាស្រុកប្រាសាទសំបូរ និងមន្ត្រីគ្រប់គ្រង និងបុគ្គលិកអង្គការរីខូហ្វ និងក្រុមការងារនៃ គម្រោងភាពជាដៃគូ លើវិស័យព្រៃឈើ និងជលផល ដំណាក់កាលទី៣ (PaFF 3)៕/V-PC