ដោយ​៖ ដេប៉ូ /​ភ្នំពេញ​៖ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានប្រកាស​ជ័យ លា​ភី ដល់​កុមារា និង​កុមារី ចំនួន​បី​រូប ដែល​ឈ្នះ​ការប្រកួតប្រជែង ក្នុង​កម្មវិធី សរសេរ​សំបុត្រ ថ្នាក់ជាតិ លើក​ទី​១ ឆ្នាំ​២០២២ លើ​ប្រធានបទ “ សរសេរ សំបុត្រ​ទៅ​អ្នក ដែលមាន ឥទ្ធិពល ស្តីពី​មូលហេតុ និង​របៀប ក្នុងការ​ដោះស្រាយ ការប្រែប្រួល​អាកាសធាតុ Write a letter to an influential person about why and how to take action on climate change ” ។​

​គួរ​បញ្ជាក់ថា ដំណើរការ នៃ​ការប្រកួតប្រជែង គឺ សិស្សានុសិស្ស ត្រូវមាន​អាយុ ចាប់ពី ៩-១៥ ឆ្នាំ ហើយ​សរសេរ​សំបុត្រ ដោយ​ដៃ ជា​ភាសា​ខ្មែរ ឬ​ភាសា​អង់គ្លេស ដែល​មិន​លើសពី ៨០០ ពាក្យ ឬ ២ ទំព័រ រួច​ផ្ញើ​ពាក្យ​ចុះឈ្មោះ​ចូលរួម​ប្រកួត និង​សំបុត្រ​ដែល​បាន​សរសេរ​រួច តាមរយៈ​សេវា​ប្រៃសណីយ៍​។​

​ក្រោយពី​គណៈកម្មការ បាន​វាយតម្លៃ យ៉ាង​យកចិត្តទុកដាក់ លើ​សំណេរ​របស់ បេក្ខជន សរុប ៦៣ រូប ដែល​បាន​ចូលរួម​ប្រកួតប្រជែង​រួចមក គណៈកម្មការ បានសម្រេច​ជ្រើសរើស សំណេរ​មាន​ខ្លឹមសារ​ល្អ​ជាងគេ របស់​បេក្ខជន ចំនួន ១០​រូប​។​

​ឆ្លងកាត់​ដំណាក់កាល​ទី​២ តាមរយ​:​ការសម្ភាសន៍​ផ្ទាល់ អំពី​អត្ថន័យ​នៃ​សំបុត្រ របស់ បេក្ខជន គណៈកម្មការ បានសម្រេច​ជ្រើសរើស​បេក្ខជន ជ័យលាភី ចំនួន​បី​រូប គឺ​៖ – ជ័យលាភី​លេខ​១ កុមារា សេង អេ​រិច មកពី​សាលារៀន​អន្តរជាតិ វើ​ល​ដ៏​កម្ពុជា រាជធានី​ភ្នំពេញ​។ – ជ័យលាភី​លេខ​២ កុមារី មេ​ង សេន​ដូ​ណា មកពី​សាលារៀន​អន្តរជាតិ ស៊ី អាយ អេ ហ្វឺ​ស​ត៍ រាជធានី​ភ្នំពេញ​។ – ជ័យលាភី​លេខ​៣ កុមារី សាន មុន្នី​រ័ត្ន មកពី​វិទ្យាល័យ ហ៊ុន សែន កំពង់ចាម ខេត្តកំពង់ចាម​។​

​ក្រសួង​ប្រៃសណីយ៍ បានឱ្យដឹងថា សម្រាប់​បេក្ខជន​ជ័យលាភី​លេខ​១ ត្រូវ​ជ្រើសរើស​បន្ត ឱ្យចូល​រួម ជា​តំណាង​របស់​កម្ពុជា នៅក្នុង​កម្មវិធី​ប្រកួតប្រជែង កម្រិត​អន្តរជាតិ ដែល​រៀបចំ ដោយ សហភាព​ប្រៃសណីយ៍​សកល (Universal Postal Union)៕/V​-PC