ដោយៈ សុផល / ភ្នំពេញ៖ កំពង់ផែពហុបំណង ដែលមានការវិនិយោគ ១.៥០០ លាន ដុល្លារ ពីវិស័យឯកជននេះ នឹងចាប់ផ្តើមសាងសង់ នៅខេត្តកំពត ក្នុងសប្តាហ៍នេះ ដើម្បី ពង្រឹងវិស័យដឹកជញ្ជូន និងភស្តុភាររបស់កម្ពុជា ។
លោក គង់ វិមាន នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថាៈ នៅថ្ងៃទី៥ ខែឧសភា កំពង់ផែកំពត នឹងចាប់ ផ្តើមបើក ការដ្ឋានសាងសង់ កំពង់ផែខ្នាតធំអន្តរជាតិ ក្រោមអធិបតីភាពលោកជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ កំពង់ផែ ពហុបំណងនេះ នឹងត្រូវសាងសង់ លើផ្ទៃដី ៦០០ ហិកតា ដោយក្រុមហ៊ុន Kampot Logistics and Port Company Limited ។
លោកបានឱ្យដឹងទៀតថាៈ គម្រោងនេះ មានតម្លៃ ១.៥០០ លានដុល្លារ មាន ៣ ដំណាក់កាល ដែលដំណាក់កាលទី១ នឹងប្រើប្រាស់ថវិកា ២០០ លានដុល្លារ។ ទីតាំងកំពង់ផែនេះ មានអំណោយផលល្អ សក្តានុពលខ្ពស់ ជាតំបន់ទឹកជ្រៅ ដែលមានជម្រៅ រហូតដល់ ១៥ ម៉ែត្រ ដែលផ្តល់អំណោយផលល្អ សម្រាប់ការ ដឹកជញ្ជូនធំ លំដាប់អន្តរជាតិ និងអាចតភ្ជាប់តាមផ្លូវទឹក ផ្លូវគោក ផ្លូវដែក មកកាន់រាជធានីភ្នំពេញ និងបណ្តាខេត្ត ។
លោកបានបន្ថែមថាៈ គម្រោងនេះ នឹងរួមបញ្ចូលទីលានកុងតឺនឺ សេដ្ឋកិច្ចពិសេស តំបន់ពាណិជ្ជកម្មសេរី មជ្ឈមណ្ឌលភស្តុភារ មជ្ឈមណ្ឌលប្រេងឥន្ធនៈ រោងចក្រ និងមាន ចំណតនាវា ព្រមទាំងអាចឱ្យនាវា ១០ ម៉ឺនតោន ចូលចតបាន ៕/V-PC