ដោយៈ​សុផល​/​ភ្នំពេញ​៖អគារ​ថ្មី​នៃ​មន្ទីរពេទ្យ​តេ​ជោ​សែន​កោះធំ ដែល​បាន ប្រារព្វ​ពិធី​ក្រុង​ពាលី​បុកគ្រឹះ​សាងសង់​កាល​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០២២ ក្រោម​អធិបតីភាព​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល គិត​ត្រឹម​ចុងខែ​មេសា ឆ្នាំ​២០២២ នេះ ការងារ​សាងសង់​សម្រេចបាន ៣៣,៥៨% ហើយ គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំក្រោយ មុន​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខ​។​

​នៅ​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០២២ នៅ​ទីស្តីការក្រសួង លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ជួបពិភាក្សា​ការងារ ជាមួយ​សមាគម​និកាយ​សាសនា​ចក្រ​នៃ​ព្រះ​យេស៊ូ​វ​គ្រី​ស្ទនៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង ក្រោយ​ប្រចាំ​នៅ​កម្ពុជា ដឹកនាំ​ដោយ​លោក ដាន សេ​ល័ ( Dan Sellers) ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង លោក​សាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយក​មន្ទី​ពេទ្យ​កាល់ម៉ែត ក្រុមការងារ​នៃ​គណៈកម្មការ​ទទួលបន្ទុក ការងារ​សាងសង់​អគារ​ថ្មី​នៃ​មន្ទីរពេទ្យ​តេ​ជោ​សែន​កោះធំ ដើម្បី​ពិភាក្សា​អំពី វឌ្ឍនភាព​ការងារ​សាងសង់​មន្ទីរពេទ្យ​តេ​ជោ​សែន​កោះធំ​។

​អង្គ​ប្រជុំបាន​ពិភាក្សា​អំពី​គម្រោង​បំពាក់​បរិក្ខារ​វេជ្ជសាស្ត្រ​សម្រាប់​ដំណើរការ​អគារ​ថ្មី​នៃ​មន្ទីរពេទ្យ​តេ​ជោ សែន​កោះធំ ការធានា​និរន្តរភាព​ថវិកា​សម្រាប់​កិច្ច ដំណើរការ​ការបណ្តុះបណ្តាល​បុគ្គលិក​ជំនាញ​ក្រោម​កិច្ចសហការ​ពី​មន្ទីរពេទ្យ​កាល់ម៉ែត ការរៀបចំ​បណ្តាញ​ផ្គត់ផ្គង់​អគ្គិសនី គម្រោង​ពិគ្រោះ​យោបល់​ជាមួយ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​សម្រាប់​ការគ្រប់គ្រង តាម​ម៉ូ​ដែល​ស្វយ័ត និង​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​ផ្សេងទៀត​សម្រាប់​តម្រូវ របស់​អគារ​ថ្មី​នៃ​មន្ទីរពេទ្យ​តេ​ជោ សែន​កោះធំ​។​

​មានមតិ​ស្វាគមន៍​ក្នុង​កិច្ច​ចាប់ផ្តើម​ជំនួប​នោះ លោក​ទេសរដ្ឋមន្ត្រី​បាន​គូស បញ្ជាក់ថា​៖​លោក​ចង់ឃើញ​អគារ​ថ្មី​នៃ​មន្ទីរពេទ្យ​តេ​ជោ សែន​កោះធំ ត្រូវបាន​គ្រប់គ្រង និង​ធ្វើ​ប្រតិបត្តិការ​តាម​ម៉ូ​ដែល​ស្វ័យ​ត ក្រោម​កិច្ចសហការ យ៉ាង​ជិតស្និទ្ធ​ជាមួយ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ធានា​និរន្តរភាព​នៃ​ដំណើរការ មន្ទីរពេទ្យ​នេះ​ប្រកបដោយ​ប្រសិទ្ធភាព សំដៅ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ ស្តែង របស់​អ្នកស្រុក​កោះធំ និង ប្រជាពលរដ្ឋ​មកពី​តំបន់​ជុំវិញ​ស្រុក​កោះធំ ក៏ដូចជា​សមស្រប​តាម​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល ដែល​បាន​គិតគូរ យកចិត្តទុកដាក់​លើ​សុខទុក្ខ សុខភាព និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​។

​សូម​ជម្រាបជូន​ថា​៖ គម្រោង​សាងសង់​មន្ទីរពេទ្យ​នេះ​រួមមាន​៖ ការសាងសង់ អគារ​ថ្មី​ចំនួន​០៣​ខ្នង ១)​អគារ​មន្ទីរពេទ្យ ចំនួន ០១​ខ្នង មាន​០៣​ជាន់ ដែល​ជាន់ ផ្ទាល់​ដី​មាន​ទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ ជាន់​ទី​១​មាន​ទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ និង​ជាន់​ទី​២ មាន​ទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ ស្មើនឹង​ទំហំ​សរុប ១០.៥៤៤,៤ ម៉ែត្រការ៉េ ២) អគារ​ខាងឆ្វេង ចំនួន ០១​ខ្នង មាន​០២​ជាន់ ដែល​ជាន់​ផ្ទាល់​ដី មាន​ទំហំ ៥០០​ម៉ែត្រការ៉េ និង​ជាន់​ទី​១​មាន ទំហំ ៥០០ ម៉ែត្រការ៉េ ស្មើនឹង​ទំហំ សរុប ១.០០០ ម៉ែត្រការ៉េ ៣) អគារ​ខាងស្តាំ​ចំនួន​០១​ខ្នង មាន​០២​ជាន់ ដែល​ជាន់​ផ្ទាល់​ដី​មាន​ទំហំ​៥០០​ម៉ែត្រការ៉េ និង​ជាន់​ទី​១ មាន​ទំហំ​៥០០​ម៉ែត្រការ៉េ ស្មើនឹង​ទំហំ​សរុប ១០០០ ម៉ែត្រការ៉េ​។​

​អគារ​ទាំង ០៣ ខាងលើ​មាន​ទំហំ​សរុប​ស្មើនឹង ១២.៥៤៤,៤ ម៉ែត្រការ៉េ ដែល​អាច​ផ្ទុក​គ្រែ​អ្នកជំងឺ​បាន ចំនួន ១៥០ គ្រែ បំពាក់​ដោយ​ម៉ាស៊ីនត្រជាក់ សម្ភារ​បរិក្ខារ​ពេទ្យ និង​ឧបករណ៍​បច្ចេកទេស​ទំ​នើ​បៗ​បម្រើឱ្យ ការព្យាបាល គ្រោង​ចំណាយពេល​សាងសង់​ចំនួន​១២​ខែ ចាប់ផ្តើម​ពី​ខែមករា ឆ្នាំ​២០២២ និង​គ្រោង​បញ្ចប់​ការសាងសង់​សំណង់​ហេដ្ឋារចនាសម្ព័ន្ធ នៅ​ខែធ្នូ ឆ្នាំ​២០២២​ខាងមុខ​៕​/PC