ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ក្រើន​រំឭកថា អ្នកសារព័ត៌មាន​នៅតែ​ចាំបាច់​និង​សំខាន់​សម្រាប់​សង្គម នៅក្នុង​សង្គម​បច្ចុប្បន្ននេះ ប៉ុន្តែ​លោក​ក៏បាន​ជំរុញ​ឲ្យ​អ្នកសារព័ត៌មាន​បន្ត​លើក កំពស់​និង​ស្មោះត្រង់​នឹង​វិជ្ជាជីវៈ​សារព័ត៌មាន ។

​លោក​បាន​ថ្លែង​នាឱកាស​ចូលរួម​ទិវា​សេរីភាព​សារព័ត៌មាន ៣ ឧសភា​ថា «​ការអភិវឌ្ឍ​ប្រព័ន្ធ​ផ្សព្វផ្សាយ​តែមួយ​មុខ​មិន​គ្រប់គ្រាន់​ទេ​។ អ្នកសារព័ត៌មាន ត្រូវតែមាន​ភាពស្មោះត្រង់​ចំពោះ​វិជ្ជាជីវៈ ចៀសវាង​ការផ្សាយ​ព័ត៌មាន​បំផ្លើស ការពិត​ពី​ខ្មៅ ទៅ​ស ពីស​ទៅ ខ្មៅ ដែល​ធ្វើឱ្យ​មហាជន​បាត់បង់​ទំនុកចិត្ត​ដែល ឈាន ទៅរក​ការបិទទ្វារ​អង្គភាព​ផ្សព្វផ្សាយ​ដោយ​ខ្លួនឯង​»​។​

​លោក​បាន​បន្តថា ក្នុង​ឆ្នាំ​២០២២​នេះ នៅ​កម្ពុ​ជាមាន​សារព័ត៌មាន​បោះពុម្ពផ្សាយ តាមបែប​ប្រពៃណី​រួមមាន កាសែត ព្រឹត្តិបត្រ​ទស្សនាវដ្ដី ដែល​កំពុង​ដំណើរ ការចេញផ្សាយ​ចំនួន ៦៦២ អង្គភាព គេហទំព័រ​ចំនួន​៧០៦ អង្គភាព ទូរទស្សន៍​អន​ឡាញ​ចំនួន​៨១ អង្គភាព ទូរទស្សន៍​ផ្សាយ​ផ្ទាល់​១៩ ស្ថានីយ និង​ផ្សាយ​បន្ត​មាន​ចំនួន ១៦៥ ស្ថានីយ​។​ទូរទស្សន៍​ផ្កាយរណប​មាន ២​ស្ថានីយ ទូរទស្សន៍​ឌីជីថល (Pay TV) មាន​៣​ស្ថានីយ វិទ្យុ​មាន​២២១​ស្ថានីយ​។​

​លោក​បាន​បន្ថែមថា ចំណែក​ទីភ្នាក់ងារសារព័ត៌មាន​បរទេស និង​ការិយាល័យ តំណាង​វិទ្យុ​-​ទូរទស្សន៍​បរទេស​ប្រចាំការ​អចិន្ត្រៃយ៍​នៅ​កម្ពុជា មាន​ចំនួន​២៦ អង្គភាព និង​សមាគម​អ្នកសារព័ត៌មាន​សរុប​មាន​៥១ អង្គភាព​។ សមិទ្ធផល ទាំងអស់នេះ​បានបង្ហាញ​យ៉ាងច្បាស់​នូវ​ថាមពល​ដ៏​ខ្លាំងក្លា​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​កម្ពុជា​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្តថា រាជរដ្ឋាភិបាល បាន​យកចិត្តទុកដាក់​គិតគូរ​ការពារ ដល់​អ្នកសារព័ត៌មាន​ដែល​បាន​បំពេញភារកិច្ច​តាម​វិជ្ជាជីវៈ​របស់​ពួកគេ ដោយបាន​ផ្តល់​មេធាវី​ស្ម័គ្រចិត្ត សម្តេច តេ​ជោ​សែន ដើម្បី​ការពារ​អ្នក​សារ ព័ត៌មាន​ករណី​មាន​បណ្ដឹង​តាមផ្លូវ​តុលាការ​។​នៅក្នុង​ឆ្នាំ​២០២០ ក្រសួង​ព័ត៌មាន បានទទួល​សំណើសុំ​ផ្តល់​មេធាវី​ស្ម័គ្រចិត្ត សម្តេច​តេ​ជោ​សែន ពី​អ្នកសារព័ត៌មាន ចំនួន​ពីរ​អង្គភាព និង​ឆ្នាំ​២០២១ ក្រសួង​ព័ត៌មាន​បានទទួល​ពាក្យបណ្តឹង​ពី ជនរងគ្រោះ ប្តឹង​អ្នកសារព័ត៌មាន​ចំនួន​៧​ករណី​។ ក្នុងចំណោម​ពាក្យបណ្ដឹង ទាំង​៩ ករណី​ខាងលើនេះ មាន​៧​ករណី ក្រសួង​ព័ត៌មាន ប្រើ​យន្តការ​ដោះ ស្រាយ​បណ្ដឹង​ក្រៅ​ប្រព័ន្ធតុលាការ​ដោយ​គូភាគី​បាន​ស្រុះស្រួល​គ្នា​ដក​ពាក្យបណ្តឹង​វិញ​។​ចំណែក​ពីរ​ករណី​ទៀត បាន​ដោះស្រាយ​តាម​ប្រព័ន្ធតុលាការ​មួយ ករណី​តុលាការ​លើកលែង​ការចោទប្រកាន់ និង​មួយ​ករណី​ទៀត​ត្រូវអនុវត្ត ទោស​ព្យួរ​។​

​លោក​បាន​បន្ថែមថា ចំពោះ​សេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន បន្ទាប់ពី​ទទួលបាន​ការអនុញ្ញាត​ពី​រាជរដ្ឋាភិបាល​ក្រសួង​ព័ត៌មាន​បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​ឆ្លង​សេចក្តីព្រាងច្បាប់​នេះ​ចប់​ជា​ស្ថាពរ និង​បាន​កិច្ចសហការ ជាមួយ​ក្រសួងយុត្តិធម៌ ដើម្បី​ព​ន្លឿ​ន​សេចក្តីព្រាងច្បាប់​នេះ​ឱ្យបាន​ឆាប់​ដាក់ ជូន​រាជរដ្ឋាភិបាល​។​ចំណែក​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​របប​សារព័ត៌មាន ក្រសួង​ព័ត៌មាន បានរៀបចំ​បង្កើត​គណៈ​កម្ម​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី របប​សារព័ត៌មាន និង​បាន​ប្រជុំ​គណៈកម្មការ​ចំនួន​មួយ​លើក ប្រជុំ​ជាមួយ សមាគម​អ្នកសារព័ត៌មាន​ចំនួន​ពីរលើក ចូលរួម​សិក្ខាសាលា​ស្តីពី​ការធ្វើ វិសោធនកម្ម​ច្បាប់​ស្តីពី​របប​សារព័ត៌មាន ដែល​រៀបចំឡើង​ដោយ​សមាគម អ្នកសារព័ត៌មាន​បាន​ចំនួន​ពីរលើក ប៉ុន្តែ​ត្រូវបាន​អាក់ខាន​មួយរយៈ​កន្លងមក ដោយសារ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ចូល​សហគមន៍​៕​/PC