ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រសួងការបរទេស​រុស្ស៊ី​បាន​ចោទប្រកាន់​អ៊ីស្រាអែល​កាលពី​ថ្ងៃ​អង្គារ​ទី​៣​ឧសភា​ថា​បាន​គាំទ្រ​ពួក​ណា​ស៊ី​និយម​នៅក្នុង​ប្រទេស​អ៊ុ​យក្រែន ដោយ​វា​រឹតតែ​បង្កើន​ជម្លោះ​ដែល​បាន​ចាប់ផ្តើម​នៅពេល​ដែល​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក សឺ​ហ្គេ ឡាវ​រ៉ូវ អះអាងថា អាដូ​ហ្វ ហ៊ី​ត្លែរ មាន​ដើមកំណើត​ជ្វី​ហ្វ​។​

​អ៊ីស្រាអែល​បាន​ថ្កោលទោស​លោក​ឡាវ​រ៉ូវ​កាលពី​ថ្ងៃ​ចន្ទ ដោយ​និយាយថា ការអះអាង​របស់​គាត់​ដែល​បាន​ធ្វើឡើង​នៅពេល​និយាយ​អំពី​ប្រធានាធិបតី​អ៊ុ​យក្រែន វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី ជា​ជនជាតិជ្វី​ហ្វ គឺជា​ការ​មិន​ពិត “​ដែល​មិន​អាច​អត់ឱន​ឱ្យបាន​” ដែល​បន្ថយ​នូវ​ក្តីរ​ន្ធ​ត់នៃ​ការសម្លាប់​រង្គាល​របស់​ពួក​ណា​ស៊ី​។​

​មេដឹកនាំ​មកពី​ប្រទេស​លោកខាងលិច​ជាច្រើន​បាន​បរិហារ​ការលើកឡើង​របស់​លោក​ឡាវ​រ៉ូវ ហើយ​លោក​ហ្សេ​លេន​ស្គី​បាន​ចោទប្រកាន់​រុស្ស៊ី​ថា​បាន​បំភ្លេច​មេរៀន​សង្គ្រាមលោកលើកទី​ពីរ​។​

​ក្រសួងការបរទេស​រុស្ស៊ី​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ការលើកឡើង​របស់​រដ្ឋមន្ត្រីការបរទេ​ស​អ៊ីស្រាអែ​លលោក យែ​រ ឡា​ភី​ដ (Yair Lapid) គឺ “​ប្រឆាំង​នឹង​ប្រវត្តិសាស្ត្រ​” និង “​ពន្យល់​យ៉ាង​ទូលំទូលាយ​ថា​ហេតុអ្វី​បាន​ជា​រដ្ឋាភិបាល​អ៊ីស្រាអែល​បច្ចុប្បន្ន​គាំទ្រ​របប​ណា​ស៊ី​និយម​នៅ​ទីក្រុង​គៀវ​”​។​

​រដ្ឋមន្ត្រីការបរទេស​អ៊ីស្រាអែល​លោក យែ​រ ឡា​ភី​ដ ត្រូវ​បាន​រិះគន់​ដោយសារ​សម្តី​ប្រឆាំង​រុស្ស៊ី​

​ទីក្រុង​មូ​ស្គូ​បាន​រំលឹក​ឡើងវិញ​នូវ​ចំណុច​របស់​លោក​ឡាវ​រ៉ូវ​ថា ដើមកំណើត​ជ្វី​ហ្វ​របស់លោក​ហ្សេ​លេន​ស្គី​មិន​បាន​រារាំង​អ៊ុយ​ក្រែន​ពី​ការដឹកនាំ​ដោយ​ពួក​ណា​ស៊ី​និយម​នោះឡើយ​។​

​ក្រសួងការបរទេស​រុស្ស៊ី​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ការប្រឆាំង​ជនជាតិជ្វី​ហ្វ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​និង​នៅក្នុង​នយោបាយ​មិន​ត្រូវបាន​បញ្ឈប់​ទេ ហើយ​ផ្ទុយទៅវិញ​ត្រូវ​បាន​ចិញ្ចឹម​បីបាច់ (​នៅក្នុង​ប្រទេស​អ៊ុ​យក្រែន​)”​។​

​លោក​ឡាវ​រ៉ូវ​បាន​ធ្វើ​ការអះអាង​អំពី​ហ៊ី​ត្លែរ​តាម​កញ្ចក់​ទូរទស្សន៍​អ៊ីតាលី​កាលពី​ថ្ងៃអាទិត្យ នៅពេល​ដែល​គាត់​ត្រូវ​បាន​សួរថា ហេតុអ្វី​បានជា​រុស្ស៊ី​និយាយថា ខ្លួន​ត្រូវការ “​លុបបំបាត់​ពួក​ណា​ស៊ី​” ពី​អ៊ុ​យក្រែន បើ​ប្រធានាធិបតី​របស់​ប្រទេស​នេះ គឺ​លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី​ខ្លួន​គាត់​ជា​ជនជាតិជ្វី​ហ្វ​។​

​អ៊ីស្រាអែល​បានបង្ហាញ​ការគាំទ្រ​ចំពោះ​អ៊ុយ​ក្រែន​បន្ទាប់​ពី​ការឈ្លានពាន​របស់​រុស្ស៊ី​នៅ​ខែ​កុម្ភៈ​។ ប៉ុន្តែ​ដោយ​ខ្លាច​បំផ្លាញ​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​ដែល​ជា​មហាអំណាច​សម្រប​សម្រួល​ក្នុងប្រទេស​ស៊ី​រី​ជិតខាង​នោះ អ៊ីស្រាអែល​ដំបូង​ឡើយ​បាន​ចៀសវាង​ការរិះគន់​ចំៗ​ទីក្រុង​មូ​ស្គូ ហើយ​មិន​បាន​អនុវត្ត​ទណ្ឌកម្ម​ផ្លូវការ​លើ​ពួក​មហាសេដ្ឋី​រុស្ស៊ី​ឡើយ​។​

​ទោះជា​យ៉ាងណា ទំនាក់ទំនង​កាន់តែ​តានតឹង​ឡើង ដោយ​លោក​ឡា​ភី​ដ​កាលពី​ខែ​មុន​បាន​ចោទប្រកាន់​រុស្ស៊ី​ថា​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​អ៊ុ​យក្រែន​៕

​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក សឺ​ហ្គេ ឡាវ​រ៉ូវ អះអាងថា អាដូ​ហ្វ ហ៊ី​ត្លែរ មាន​ដើមកំណើត​ជ្វី​ហ្វ​