​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អ្នកទេសចរ​ដែល​ចង់​លេង​កន្លែង​ខ្ពស់ៗ​គឺ​មាន​បទពិសោធន៍​ថ្មី​គួរ​ឱ្យ​រំភើប​មួយទៀត​ហើយ​គឺ​ការដើរ​លេង​តាម​ស្ពាន​កញ្ចក់​វែង​បំផុត​របស់​ពិភពលោក​​ដែល​បាន​បើក​ដំណើរការ​នៅ​ប្រទេស​វៀតណាម​កាលពី​ថ្ងៃ​សុក្រ​ទី​២៩​មេសា​។​

​ក្រុមហ៊ុន​នៅ​ពីក្រោយ​ស្ពាន​ថ្មើរជើង​បាច​ឡុង​( Bach Long)​ដែល​បកប្រែ​ថា “​នា​គស​” នៅ​ខេត្ត​សឺ​ន​ឡា (Son La) ភាគ​ពាយព្យ និយាយថា សំណង់​ដ៏​ធំ​សម្បើម​ប្រវែង ៦៣២ ម៉ែត្រ​នេះ​គឺ​វែង​ជាង​ស្ពាន​​កញ្ចក់​ប្រវែង ៥២៦ ម៉ែត្រ​ក្នុង​ខេត្ត​ក្វាង​ទុង ប្រទេស​ចិន​។​

​មន្ត្រី​មកពី​សៀវភៅ​កំណត់ត្រា​ពិភពលោក​ហ្គី​ន​ណេ​ស (Guinness World Records) ត្រូវ​គេ​រំពឹងថា​នឹង​ផ្ទៀងផ្ទាត់​ការអះអាង​នេះ​នៅ​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ​។​

​ស្ពាន​នេះ​ត្រូវ​បាន​ព្យួរ​កម្ពស់ ១៥០ ម៉ែត្រ​ពី​លើ​ព្រៃ​ដ៏​ខៀវស្រងាត់​នៅក្នុង​ឧទ្យាន​និង​រមណីយដ្ឋាន​កោះ​ម៉ុកចូ​វ (Moc Chau)​ហើយ​លយ​នៅ​ជុំវិញ​មុខ​ច្រាំង​ថ្ម​ចោត​មុន​ពេល​លាតសន្ធឹង​លើ​ជ្រលង​ភ្នំ​​ដ៏​អស្ចារ្យ​រវាង​កំពូលភ្នំ​ពីរ​។​

​កម្រាល​ស្ពាន​នេះ​គឺ​ផលិត​ពី​កញ្ចក់​មាំ​របស់​បារាំង ដោយ​ធ្វើឱ្យ​វា​រឹងមាំ​ល្មម​អាច​ផ្ទុក​មនុស្ស​បាន​ដល់​ទៅ ៤៥០ នាក់​ក្នុងពេល​តែ​មួយ​ខណៈ​ផ្តល់ឱ្យ​អ្នកទេសចរ​នូវ​ទេសភាព​ពណ៌​បៃតង​ដ៏​អស្ចារ្យ​នៅ​​ក្នុង​ជ្រលង​ខាងក្រោម​។​

​លោក ហ័ង ម៉ាញ់ ហ្ស៊ី (Hoang Manh Duy) តំណាង​ប្រតិបត្តិ​ករ​ស្ពាន​នេះ​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា “​ពេល​ឈរលើ​ស្ពាន អ្នកដំណើរ​នឹង​អាច​គយគន់​សម្រស់​ធម្ម​ជាតិ​”​។​

​ប្រមុខ​ទេសចរណ៍​វៀតណាម​កំពុង​ព្យាយាម​ទាក់ទាញ​ភ្ញៀវទេសចរ​ត្រឡប់មកវិញ បន្ទាប់​ពី​បិទ​ខ្ទប់​ការពារកូ​វីដ​១៩​រយៈពេល​ពីរ​ឆ្នាំ ដែល​នាំ​ឱ្យ​បាត់​អស់​នូវ​អ្នកដំណើរ​បរទេស​។​នៅ​ពាក់កណ្តាល​​ខែ​មីនា ប្រទេស​នេះ​បានបញ្ចប់​ការធ្វើ​ចត្តា​ឡីស័​ក​សម្រាប់​ភ្ញៀវ​អន្តរជាតិ និង​បាន​បន្ត​ការធ្វើដំណើរ​រយៈពេល​១៥ ថ្ងៃ​ដោយ​គ្មាន​ទិដ្ឋាការ​សម្រាប់​ពលរដ្ឋ​មកពី ១៣ ប្រទេស​។​

​វៀតណាម​គ្រោង​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​ចាប់ពី​ថ្ងៃទី ១២ ខែ​ឧសភា ដោយ​មាន​អត្ត​ពលិ​ក​និង​បុគ្គលិ​កកីឡា​ជាង ១០.០០០ នាក់​មកពី​បណ្តា​ប្រទេស​ក្នុង​តំបន់​ចូលរួម​៕

​ស្ពាន​កញ្ចក់ Bach Long វែង​ជាង​ស្ពាន​កញ្ចក់​ប្រវែង ៥២៦ ម៉ែត្រ​ក្នុង​ខេត្ត​ក្វាង​ទុង ប្រទេស​ចិន​ទៅទៀត​